ព័ត៌មានជាតិ
មន្ត្រីក្រសួងមហាផ្ទៃ៖ការងារអត្តសញ្ញាណកម្មបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍជាតិ
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក ប៉ាវ ហមផាន បានចាត់ទុកការងារអត្តសញ្ញាណកម្ម គឺជាការងារដ៏មានសារសំខាន់ និងជាកិច្ចការអាទិភាពមួយក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ក្នុងនាមលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានផ្តួចផ្តើមដឹកនាំសម្របសម្រួលសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដ៏មានសារសំខាន់នេះ។

លោក ប៉ាវ ហមផាន បានបញ្ជាក់ថា ការរៀបចំបាននូវប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មជាតិ ដែលមានការឆ្លើយតប និងអាចជឿទុកចិត្តបាន ជាបុរេលក្ខខណ្ឌដ៏ចាំបាច់មួយមិនអាចខ្វះបាន សម្រាប់ការការពារបុគ្គលគ្រប់រូបឱ្យទទួលបាននូវសិទ្ធិពលរដ្ឋ សង្គម និងសិទ្ធិនយោបាយ ព្រមទាំងសេវាទាំងឡាយដែលបុគ្គលទាំងនោះត្រូវទទួលបាន។ បើតាមការបញ្ជាក់បន្ថែមរបស់លោករដ្ឋលេខាធិការ ការរៀបចំបាននូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឱ្យមានដំណើរការល្អ នឹងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោក បានបន្តថា តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាននេះ ក៏អាចរួមចំណែកទប់ស្កាត់នូវអំពើជួញដូរមនុស្ស ពលកម្មកុមារ ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង (អនីតិជន) និងធានាបានការចូលរួមបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ ជាពិសេសកាត់បន្ថយហានិភ័យសង្គម ការលើកកម្ពស់យុត្តិធម៌ សមធម៌សង្គម សំដៅរួមចំណែករក្សាបាននូវសន្តិភាព សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមផងដែរ។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ ការចុះបញ្ជីអត្រានុកូលដ្ឋាន នឹងផ្តល់សារសំខាន់ធំៗចំនួនពីរ គឺទី១ កំណត់អត្តសញ្ញាណតាមផ្លូវច្បាប់អំពីព្រឹត្តិការណ៍ជីវិតរបស់បុគ្គលគ្រប់រូប ដែលជាការគាំទ្រដល់ការបង្កើតឯកសារអត្តសញ្ញាណជាតិ និងទី២ បង្កើតបាននូវប្រភពទិន្នន័យតាមតម្រូវការសម្រាប់ប្រើប្រាស់ក្នុងការវិភាគទាំងឡាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបង្កើតបាននូវស្ថិតិអត្រានុកូលដ្ឋាន។
លោក បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម រយៈពេល ១០ឆ្នាំ (២០១៧-២០២៦) សម្រាប់ធ្វើជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធអត្តសញ្ញាណកម្មមួយ ដែលមានភាពទំនើប មានមុខងារល្អ មានការឆ្លើយតប ស្របតាមស្តង់ដាអន្តរជាតិ និងអាចធានាបានថា បុគ្គលគ្រប់រូបរស់នៅកម្ពុជានឹងមានអត្តសញ្ញាណស្របច្បាប់ ហើយស្ថិតិអត្រានុកូលដ្ឋានបានត្រូវផលិតយ៉ាងត្រឹមត្រូវ ទាន់ពេលវេលា អាចជឿទុកចិត្ត និងអាចចែករំលែកបាន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


