Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​​​ប្រព្រឹត្តិ​អំពើ​​ពុករលួយ​ការ​ដេញ​ថ្លៃ​ភាស៊ី​ចំណ​តរថយន្តនៅក្រុង​​ស្ទឹងត្រែង

បានផុស

នៅ

ក្រោយ​កើត​មាន​ភាពចម្រូងចម្រាស​លើ​ការ​ដេញ​ថ្លៃ​ភាស៊ី​ចំណត​រថយន្ត​នៅ​ក្រុង​ស្ទឹងត្រែង ដោយ​មាន​ការ​ចោទ​ប្រកាន់​​ពាក់ព័ន្ធ​ការ​ឃុបឃិត​គ្នា​ដោយ​ប្រើប្រាស់​អំណាច​សាធារណៈ​ដោយ​បំពាន និង​ស៊ី​សំណូក​សូកប៉ាន់ មន្រ្តី​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​បាន​ឆ្លើយតប​​ច្រានចោល​ការ​ចោទ​ប្រកាន់​ និង​បាន​បកស្រាយ​បំភ្លឺ​ជុំវិញករណី​នេះ។

ផ្តល់​បទ​សម្ភាសន៍​ដល់​កម្ពុជា​ថ្មី​នៅ​ព្រឹក​នេះតាមទូរសព្ទ លោក ម៉ែន គុង អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​បាន​គូស​បញ្ជាក់​ថា ករណី​នេះ​ពាក់ព័ន្ធ​ដំណើររឿង​ចំនួន​ពីរ។ ទី​មួយ​គឺ​ការ​ដេញ​ថ្លៃ​ភាស៊ី​កំពង់​ចម្លងមួយ​នៅស្រុក​សៀមបូក​ និង​ការ​ដេញ​ថ្លៃ​ភាស៊ី​ចំណត​រថយន្ត​នៅក្រុង​ស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ែន គុង បាន​បញ្ជាក់ថា ជា​រួម​ការ​ដេញថ្លៃ​ភាស៊ី​សម្រាប់​កំពង់​ចម្លង​នៅ​ឃុំ​មួយ​នៅ​ស្រុក​សៀមបូក មាន​បេក្ខជន​តែ​ម្នាក់។ ចំណែក​ការ​ដេញ​ថ្លៃ​ភាស៊ី​ចំណត​រថយន្ត​នៅ​ក្រុង​ស្ទឹងត្រែង​មាន​បេក្ខជន ៥ នាក់ ក្នុង​នោះ​មាន​បេក្ខជន ៤ នាក់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ចូលរួម​ដំណើរការ​ដេញ​ថ្លៃ។

ដោយឡែក​​បេក្ខជន​ឈ្មោះ ជា គួង ​​មាន​កាតព្វកិច្ច​មួយ​ចំនួន​មិន​ទាន់​ដោះស្រាយចប់សព្វគ្រប់​​​ជាមួយ​អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ​ទី​សត្តឃាត ដែល​ក្រសួង​សេដ្ឋកិច្ច​បាន​សម្រេច​គោលការណ៍​មិន​អនុញ្ញាតិឲ្យប្រើប្រាស់​​ទីតាំង​សត្វឃាតថ្មីនិង​តម្រូវ​ប្រគល់​ឲ្យ​ខេត្ត​វិញ ហើយ​គាត់​មិន​ទាន់​ដោះស្រាយ​កាតព្វកិច្ច​ចប់​សព្វគ្រប់​។ ទី​ពីរ​គាត់​មាន​សាវតា​ពាក់ព័ន្ធ​ការងារគ្រប់គ្រង​​ប្រមូល​សំរាម ដែល​គាត់​ជា​ភ្នាក់ងារ​ប្រមូល​សំរាម​​​កន្លងមកនៅ​ក្រុង​ស្ទឹងត្រែង។ ​គាត់​​​អនុវត្ត​មិនស្រប​តាម​គោលការណ៍ និងស្នើ​សុំ​​ឲ្យ​អនុវត្ត​ទៅ​តាម​នីតី​វិធី​របស់​រដ្ឋបាលក្រុង​ស្ទឹងត្រែង​។

លោកថា ពីរ​លក្ខខណ្ឌ​ហ្នឹង​ហើយ​ដែលមានបញ្ហា​​ពាក់ព័ន្ធ​ដល់សិទ្ធិ​ចូលរួម​របស់​បេក្ខជន​ឈ្មោះ ជា គួង សម្រាប់​ការ​ដាក់ពាក្យ​​ដេញ​ថ្លៃ​​ភាស៊ី​អាជីវកម្ម​នៅ​ចំណត​ក្រុង​ស្ទឹងត្រែង។ ដូច្នេះ​ការ​សម្រេច​របស់​គណៈកម្មការ​ គាត់​មិន​មាន​លក្ខខណៈ​សម្បត្តិ​គ្រប់គ្រាន់ និង​ណាមួយ​ជាប់កាតព្វកិច្ច​មិន​ទាន់ដោះស្រាយ​បញ្ចប់​ទើប​​មិន​អាច​ចូលរួមដេញ​ថ្លៃ​បាន។​

លោកបន្ត​ថា ការ​ដេញ​ថ្លៃ​មាន​គណៈកម្មការ​ទទួល​ពាក្យ​។ អ្នក​ណា​ក៏​អាច​មាន​សិទ្ធិ​ដាក់​ពាក្យ​បាន​ដែរ​។ ការ​​ដាក់​ពាក្យ​ត្រូវ​មាន​ការ​ពិនិត្យ​វាយតម្លៃ​ពី​គណៈកម្មការ​។ នៅ​ពេល​គណៈកម្មការ​​ពិនិត្យ​វាយ​តម្លៃ​លើ​បេក្ខជន​ណាដែល​មាន​​លក្ខខណ្ឌសមស្រប​​ឬ​ខុស​លក្ខខណ្ឌ​ គណៈកម្មការ​នឹង​ធ្វើ​កំណត់ហេតុ​​ច្បាស់លាស់​ដើម្បី​សម្រេច។​

មន្រ្តី​ខេត្ត​រូប​នេះ​​​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ការ​ដេញ​ថ្លៃ​មាន​ការ​ស៊ី​សំណូក សូក​ប៉ាន់។ លោក​អះអាង​ថា​មិន​បាន​ទទួល​ព័ត៌មាននេះ​ទេ។ ដើម្បី​ធានា​ការ​ដេញ​ថ្លៃ​មាន​សុក្រឹត្យ​ មាន​តម្លាភាព អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​អះអាង​ថា មាន​នីតិវិធី​កំណត់​ច្បាស់លាស់ទាំង​សេចក្តីណែនាំ ​គោលការណ៍​ ​និតីវិធី​នៃ​កិច្ច​ដំណើរការ​ដេញ​ថ្លៃ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

បើ​តាម​មន្រ្តី​ខេត្ត​រូប​នេះ លទ្ធផល​ការ​ដេញ​ថ្លៃ​បាន​បញ្ចប់​ហើយ ប៉ុន្តែ​បើ​សិន​ករណី​មាន​បេក្ខជន​ណា​មិន​សុខចិត្ត អាច​បន្ត​បណ្ដឹង​តវ៉ា​ក្រោយ​ប្រកាស​ដេញ​ថ្លៃ។

«លទ្ធផល​ដេញ​ចប់​គឺ​ចប់​​ហើយ។ យ៉ាង​ណា​មិន​មែន​បានន័យ​ថា​បិទ​មិន​ឲ្យ​តវ៉ា បើ​មាន​​បង​ប្អូន​មិន​សុខ​ចិត្ត​អាច​មក​តវ៉ា​ដោយ​ផ្ទាល់​ ឬ​មិន​ផ្ទាល់​តាម​សិទ្ធិ​របស់​បេក្ខជន​នីមួយៗ។

ទាក់ទង​ករណីតវ៉ា​នេះ​អាច​​លើក​ទៅ​ដល់​ក្រសួង​ថែម​ទៀត​នោះ លោក ម៉ែន គុង បាន​ឆ្លើយតប​ថា ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​ដូច​បាន​បញ្ជាក់​តាម​​សេចក្តី​ប្រកាសព័ត៌មាន​ដែល​បាន​ចេញ​រួចហើយ។

គួរ​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃនេះ​មាន​ពាណិជ្ជករម្នាក់បាន​ធ្វើ​លិខិត​ស្នើ​សុំ​លោក​អភិសន្តិបណ្ឌិត ស​ សុខា​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ចាត់​​មន្ត្រីចុះធ្វើអធិការកិច្ច​ដោយ​ចោទ​ប្រកាន់​​ថា ​មាន​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​​បាន​ឃុបឃិតគ្នាដោយប្រើប្រាស់អំណាចសាធារណះ ដោយបំពាននិងស៊ី​សំណូក​សូកប៉ាន់ ពុករលួយធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋពីករណីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ដោយ​មានភាពមិនប្រក្រតី។

ក្នុងបណ្តឹង​តវ៉ា​ក៏​បាន​លើកឡើង​ពាក់ព័ន្ធ​​មន្រ្តី​ខេត្ត​មួយ​ចំនួន​មាន ​(១)-លោក ស៊ី សួន ជាអភិបាលរងខេត្តស្ទឹងត្រែង ដែល​ជាប្រធានគណះកម្មការដេញថ្លៃភាស៊ីគ្រប់ភេទ (២)-លោក ខេង ទិត្យសីហា ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង (៣)-លោក ឃឹម សួរ ជាប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ (មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) (៤)-លោក សាយ កុសល ជាអភិបាលក្រុងស្ទឹងត្រែង និង (៥)-លោក ចាន់ គឹមឈុន ជាប្រធានគណ:អាជីវករសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង។

ក្នុង​បណ្តឹង​បាន​ស្នើ​លោក​អភិសន្តិបណ្ឌិតអន្តរាគមន៍ទៅសាលាខេត្តស្ទឹងត្រែង ដើម្បី​ដេញ​ថ្លៃ​ភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ឡើងវិញឲ្យមានតម្លាភាព និងដោះ​ស្រាយថ្លៃសេវាដឹកជញ្ជូនសម្រាមសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង។​

យ៉ាងណាមិញ រហូត​មក​ដល់​ពេលនេះកម្ពុជា​ថ្មី​មិន​ទាន់​អាច​ទាក់ទង​បាន​មន្រ្តី​ដែល​ពាក់ព័ន្ធ​ដើម្បី​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​។ ជុំវិញ​បញ្ហា​នេះ កម្ពុជា​ថ្មី​នឹង​អាប់​ដេត​នៅ​ពេល​ទទួល​បាន​ព័ត៌មាន​បន្ថែម​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម