ព័ត៌មានជាតិ
លោក អ៊ុក រ៉ាប៊ុន៖ មន្រ្តី ជាស្ពានតភ្ជាប់បក្ស និងប្រជាជន បើស្ពានរឹងមាំ ចំណងទាក់ទងបក្សជាមួយប្រជាជនក៏រឹងមាំ
លោក អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា មន្ត្រី គឺជាស្ពានតភ្ជាប់រវាងគណបក្ស និងប្រជាជន ដូច្នេះស្ពានត្រូវតែរឹងមា ទើបចំណងទាក់ទងរវាងគណបក្សជាមួយប្រជាជនអាចរឹងមាំបាន។ លោកថ្លែងបែបនេះ ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៧៨ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

បើតាមលោក អ៊ុក រ៉ាប៊ុន ការអប់រំនយោបាយដល់មន្រ្តីគណបក្ស ជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដែលគណបក្សតែងតែយកចិត្តទុកដាក់ខ្ពស់ជានិច្ច ទាំងនៅក្នុងសម័យតស៊ូរំដោះជាតិ ក៏ដូចជាក្នុងពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេសក្នុងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស នាពេលបច្ចុប្បន្ន។ លោក បានបន្តថា ការងារអប់រំនយោបាយ ក៏ជាថ្នាលដ៏សំខាន់ចាំបាច់មួយសម្រាប់ការបណ្តុះបណ្តាល និងបំពាក់បំប៉នកម្លាំងបន្តវេនរបស់គណបក្ស ដោយលោក សង្កត់ធ្ងន់ដូច្នេះថា៖ «យើងគប្បីចងចាំថា មន្រ្តី គឺជាស្ពានតភ្ជាប់រវាងគណបក្ស និងប្រជាជន ដូច្នេះស្ពាននេះត្រូវតែរឹងមាំ ទើបចំណងទាក់ទងរវាងគណបក្សជាមួយប្រជាជនអាចរឹងមាំបាន»។

សម្រាប់វគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ នៅពេលនេះ ត្រូវបានលោក អ៊ុក រ៉ាប៊ុន បញ្ជាក់ថា នឹងជួយឱ្យមន្រ្តីគណបក្សប្រជាជនកម្ពុជាកាន់តែមានការយល់ដឹងច្បាស់អំពីគោលបំណង និងឧត្តមគតិគណបក្ស អំពីកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស អំពីសភាពការណ៍ជាតិ អន្តរជាតិ ព្រមទាំងអំពីការកសាងអត្តចរិត សីលធម៌ល្អប្រពៃរបស់មន្រ្តីគណបក្ស ដើម្បីឆ្លើយតបទៅនឹងសំណូមពរនៃភារកិច្ចចំពោះមុខផង និងភារកិច្ចយូរអង្វែងផង។
សមាជិកគណៈអចិន្ត្រៃយ៍រូបនេះ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែ រក្សាយ៉ាងរឹងមាំ ដែលបង្កលក្ខណៈឱ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយភាពវិជ្ជមាន។

តាមរយៈនេះ លោក អ៊ុក រ៉ាប៊ុន បានណែនាំដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវក្តាប់ឱ្យជាប់នូវទិសដៅភារកិច្ច និងត្រូវខិតខំចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ឆ្លើយតបនឹងការដឹកនាំរបស់គណបក្ស ក៏ដូចបំណងប្រាថ្នារបស់ប្រជាជន ត្រូវក្តាប់ឱ្យជាប់យុទ្ធសាស្រ្តក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ជាតិ ដែលក្នុងនោះ ក៏រួមមានការបន្តជំរុញការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានា តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ