ព័ត៌មានជាតិ
ក្រោកត្បាញកន្ទេលកក់តាំងពីម៉ោង ៤ ភ្លឺ គ្រួសារជាងតម្បាញមួយអះអាងថាដោយសារជាពេលវេលាល្អបំផុត
ក្នុងសកម្មកំពុងអង្គុយត្បាញកន្ទេលកក់នៅក្រោមផ្ទះដែលត្រូវចំណាយរយះពេល ៨ ម៉ោង ដោយចាប់ផ្តើមពីម៉ោង ៤ ភ្លឺរហូតដល់ម៉ោង ១១ ថ្ងៃ ក្នុង ១ ថ្ងៃ។ អ្នកស្រី ហឹម នឿម រស់នៅភូមិកូរហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរៀបរាប់ថា ការប្រើពេលវេលាខាងលើនេះគឺជាពេលវេលាល្អសម្រាប់ត្បាញ ព្រោះសសៃកក់វានៅទន់ល្អ។ បើលើសពីរយះពេលនេះសសៃកក់ស្រួយត្បាញមិនបាន ទាល់តែយកទៅត្រាំទឹកសិនដែលធ្វើឲ្យខាតពេលត្បាញ។

លោកស្រីថា ការត្បាញកន្ទេលកក់ គឺត្រូវមានគ្នា២នាក់ទើបត្បាញបាន តែអ្នកស្រីបានកូនប្រុសម្នាក់ជាអ្នកជួយ ដោយមុខរបរនេះ អ្នកស្រីចាប់ផ្តើមបន្តវេនពីឪពុកម្តាយអ្នកស្រីតាំងពីឆ្នាំ១៩៧៩ ក្រោយពីរបប ប៉ុល ពត ត្រូវដួលរលំ ខណៈសម័យមុន ភូមិកំណើតអ្នកស្រីនិយមចាប់យករបរនេះច្រើនណាស់ ហើយមកដល់បច្ចុប្បន្ននេះ មានតែគ្រួសារអ្នកស្រីម្នាក់ប៉ុណ្ណោះនៅបន្តដើម្បីអភិរក្សបន្តពីឪពុកម្តាយអ្នកស្រី ហើយក្រោយមកទើបមានគ្រួសារ១ទៀត ទើបតែចាប់ផ្តើមរយៈពេលប្រហែល ៣ ឬ ៤ ឆ្នាំមកនេះ។
លោកស្រីថា ក្នុងរយៈពេលមួយថ្ងៃ គិតពីម៉ោង ៤ ភ្លឺរហូតដល់ម៉ោង ១១ ថ្ងៃ អ្នកស្រីត្បាញបានចន្លោះពី ៥ ទៅ ១០ ផ្ទាំង ក្នុង១ផ្ទាំង (កន្ទេល១) លក់បាន ១ មុឺនរៀល ដោយមានម៉ូយមកលើកយកដល់កន្លែង តែប្រហែលជិត ១ ឆ្នាំចុងក្រោយនេះក៏បានធ្លាក់ថ្លៃនៅត្រឹម ៨ ពាន់រៀលប៉ុណ្ណោះ ដោយមិនអាចប្រជែងជាមួយកន្ទេលជ័រដែលចូលមកលក់លើទីផ្សារនោះទេ ដោយប្រជាពលរដ្ឋខ្មែរយើងងាកទៅប្រើកន្ទេលផលិតពីសសៃជ័រវិញដែលនាំចូលពីប្រទេសជិតខាង ព្រោះវាមានតម្លៃទាបជាង ហើយងាយបត់បែនយកតាមខ្លួនតែមិនមានគុណភាពដូចកន្ទេលធ្វើពីកក់ទេ។

អ្នកស្រីបញ្ជាក់ថា ការត្បាញកន្ទេលកក់ដោយដៃពិតជាប្រឈមនឹងផលលំបាកណាស់ ទាល់តែមានការតស៊ូអត់ធ្មត់ ហើយនាពេលបច្ចុប្បន្ននេះ មិនសំបូរកក់ដូចសម័យមុនទេ ព្រោះអ្នកភូមិស្រុកយកដីធ្វើស្រែច្រើន បើទោះក្នុងបឹងដែលមានកក់ដុះច្រើនពីមុនក៏ត្រូវអស់ដែរ ពេលអ្នកស្រីត្រូវការកក់ គឺត្រូវក្រោកពីម៉ោង៤ភ្លឺ ធ្វើដំណើរទៅបឹងក្នុងព្រៃឆ្ងាយ រហូតដល់ម៉ោង៧ទៅ៨ព្រឹកទើបដល់គោលដៅ។ ម្យ៉ាងទៀតក្នុងបឹងសម្បូរសត្វឈ្លើងធំៗច្រើនណាស់ ត្រូវតែមានការតស៊ូទើបបាន។
លោកស្រីបន្តថា ពេលបានកក់ហើយត្រូវការហាលកក់ពី ២ទៅ៣ថ្ងៃទៀតដើម្បីឲ្យស្ងួត ពេលស្ងួតហើយយកដើមកក់១ដើមៗមកជ្រៀកជា៣ឬ៤សសៃ ទៅតាមដើមតូចឬធំរួចទើបចូលកីត្បាញ តែការលំបាកនេះវាបានផ្តល់សេដ្ឋកិច្ចគ្រួសារបានមួយផ្នែកធំដែរក្រៅពីរបរកសិកម្មដែលអ្នកស្រីមានតិចតួច។
អ្នកស្រី ហឹម នឿម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរងាកមកជួយគាំទ្រកន្ទេលធ្វើពីធម្មជាតិដែលជាស្នាដៃខ្មែរវិញ ហើយអ្នកស្រីក៏សំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធគួរបញ្ឈប់ការនាំចូលកន្ទេលជ័រពីប្រទេសជិតខាងចូលទីផ្សារខ្មែរទៀត ដើម្បីជួយលើកកម្ពស់សមិទ្ធិផលដូនតាខ្មែរយើងឲ្យកាន់តែមានប្រសិទ្ធិភាព ហើយជំនួសវិញដោយនាំកន្ទេលកក់ខ្មែរទៅប្រទេសជិតខាងវិញ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជន។

មិនខុសគ្នាប៉ុន្មានពីអ្នកស្រី ហឹម នឿម ប៉ុន្មាននោះទេ លោក គឹមយ៉ាន កំពុងតែអង្គុយត្បាញក្រោមផ្ទះជាមួយភរិយា ក៏បានត្អូញត្អែរពីរឿងកន្ទេលកក់លោកបានធ្លាក់ថ្លៃដែរ លោកចង់ឲ្យតម្លៃនៅថេរត្រឹម១មុឺនរៀលដូចឆ្នាំមុនៗ ខណៈលោកបានត្អូញត្អែរថា ទម្រាំតែត្បាញកើតចេញជាកន្ទេល គឺមានការប្រឈម និងផលលំបាកខ្លាំងណាស់ ក្នុងការស្វែងរកដើមកក់មកត្បាញ ព្រោះបច្ចុប្បន្ន ដើមកក់ត្រូវបានបាត់បង់ច្រើន។ លោកថា បើសិនជាលោកមានដីលោកនឹងដាំដើមកក់ គ្រាន់បានចំណូលសេដ្ឋកិច្ចតាមរយះលក់កន្ទេលកក់នេះ បើទោះបីមុខរបរនេះ លោកនិងភរិយាមានការលំបាក តែគ្រួសារលោកក៏មានចំណូលគ្រាន់បើដែរពីការលក់កន្ទេល។
លោកបន្តថា “ខ្ញុំមើលឃើញថាល្អដែរ ការធ្វើកន្ទេលកក់នេះវាអាចជួយរកចំណូលបាន ក្រៅពីខ្ញុំធ្វើស្រែបើគិតមកត្រឹមពេលនេះ បានប្រហែល៤ឆ្នាំហើយ ទោះតម្លៃចុះថោកបន្តិចក៏ខ្ញុំនៅតែបន្ត ព្រោះមុខរបរត្បាញកន្ទេលកក់នេះបានជួបជុំប្តីប្រពន្ធនៅតែក្រោមផ្ទះ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបាននៅជុំគ្នាមើលថែកូនឲ្យបានរៀនសូត្រផង”។
ជុំវិញមុខរបរខាងលើ លោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្ត បានលើកឡើងថា បច្ចុប្បន្នមុខរបរត្បាញកន្ទេលកក់ ក្នុងខេត្តបាត់ដំបង ស្ទើរបាត់ទាំងស្រុង ដោយសារតែប្រឈមនឹងការស្វែងរកដើមកក់ដើម្បីយកមកត្បាញព្រោះបច្ចុប្បន្ននេះកសិករបានប្រើប្រាស់ថ្នាំសម្លាប់កក់ងាប់អស់ហើយដើម្បីធ្វើស្រែ។ លោកថា កក់នៅមានខ្លះតែនៅតំបន់ព្រៃខាងក្រោមដែលមានចម្ងាយឆ្ងាយ ទើបប្រជាពលរដ្ឋភាគច្រើនបោះបង់ចោល។ លោកថា ភរិយាលោកក៏បានទទួលទិញមកលក់បន្តដែរ តែភាគច្រើនអ្នកនៅខេត្តផ្សេងបានដឹកមកលក់ ព្រោះលោកថា ខ្មែរយើងមួយចំនួនធំក៏នៅតែស្រឡាញ់កន្ទេលកក់ដដែល ដូចគ្រួសារលោកក៏ចូលចិត្តប្រើប្រាស់ដែរ ហើយលោកក៏បានកោតសសើរដល់ពលរដ្ឋទាំង២គ្រួសារខាងលើ នៅមានការតស៊ូ និងអភិរក្សស្នាដៃពីដូនតា។ លោកលើកទឹកចិត្ត ឲ្យបន្តមុខរបរនេះដើម្បីកុំឲ្យសាបសូន្យទាំងស្រុងសម្រាប់ខេត្តបាត់ដំបង។

យ៉ាងណាមិញ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត បានកោតសរសើចំពោះប្រជាពលរដ្ឋទាំង២គ្រួសារខាងលើដែលបានរក្សាអត្តសញ្ញាណដែលជាស្នាដៃរបស់ដូនតា។ លោកថា លោកនឹងឲ្យក្រុមការងារណែនាំដល់ភ្ញៀវបរទេសឲ្យទៅស្គាល់ និងទស្សនា ក្រែងគេមានចំណាប់អារម្មណ៍ទិញយកទៅប្រទេសគេ ដូចដែលស្ត្រីម្នាក់នៅស្រុកបាណន់ យកដើមចេកកែច្នៃជារបស់ប្រើប្រាស់អ៊ីចឹងដែរ គ្រាន់បានបង្កើនប្រាក់ចំណូលបន្ថែមក្រៅពីធ្វើផលដំណាំផ្សេងៗទៀត៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
ប៉ាគីស្ថាន បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន