ព័ត៌មានជាតិ
ទូតបរទេសចំនួន៣រូបប្រចាំនៅកម្ពុជា ចេះនិយាយភាសាខ្មែរយ៉ាងច្បាស់
សព្វថ្ងៃ កម្ពុជា មានស្ថានឯកអគ្គរាជទូត និងស្ថានតំណាងអចិន្ត្រៃយ៍ជាង៣០ កំពុងប្រចាំនៅតាមបណ្តាប្រទេសនានានៅ លើពិភពលោក ខណៈស្ថានបេសកកម្មបរទេសប្រមាណជាង៣០ដែរ ដែលកំពុងតាំងនៅក្នុងប្រទេសកម្ពុជា។ ជាការចាប់អារម្មណ៍នោះ គឺមានឯកអគ្គរដ្ឋទូត/ឯកអគ្គរាជទូតចំនួន៣ប្រទេសដែលប្រចាំនៅកម្ពុជា អាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់។

លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ចេះនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ។ បន្ទាប់ពីទទួលបានការចាត់តាំងពីរដ្ឋាភិបាលវៀតណាមឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា លោក ង្វៀន ហ៊ុយតាំង បានចូលក្រាបបង្គុំគាល់ថ្វាយសារតាំងថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅខែតុលា ឆ្នាំ២០២១។
មុនពេលមកបម្រើការជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជានេះ លោក ង្វៀន ហ៊ុយតាំង គឺជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្សវៀតណាម ហើយលោក ធ្លាប់ធ្វើជាអ្នកបកប្រែសម្រាប់ការិយាល័យនៃក្រុមអ្នកជំនាញការវៀតណាមនៅកម្ពុជា កាលពីចន្លោះឆ្នាំ១៩៨០ ដល់១៩៨៧ ខណៈនៅក្នុងចន្លោះឆ្នាំ២០០០ ដល់២០០៣ លោក ធ្វើជាលេខាទី១ នៃស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។

ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ក៏ជាឯកអគ្គរដ្ឋទូតបរទេស ដែលចេះនិយាយភាសាខ្មែរបានយ៉ាងល្អដែរ។ លោក អាណាតូលី បូរ៉ូវីក ត្រូវបានរដ្ឋាភិបាលរុស្ស៊ី សម្រេចតែងតាំងជាឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីប្រចាំកម្ពុជា កាលពីឆ្នាំ២០២០ តាមក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។ បន្ទាប់ពីការតែងតាំងនេះ លោក អាណាតូលី បូរ៉ូវីក បានផ្ដើមបំពេញបេសកកម្មការទូតនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ និងបានចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។
មិនខុសពីលោកឯកអគ្គរដ្ឋទូតវៀតណាម, ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរ៉ូវីក ក៏ជាអតីតអ្នកការទូតវ័យក្មេងម្នាក់ ដែលធ្លាប់បានមកបំពេញការងារនៅកម្ពុជា តាំងពីឆ្នាំ១៩៨៤ ហើយលោកបានខិតខំប្រឹងប្រែងរៀនភាសាខ្មែរ តាំងពីពេលនោះមក។ លុះនៅចន្លោះឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧ លោក អាណាតូលី បូរ៉ូវីក បានមកបំពេញការងារនៅកម្ពុជា ជាលើកទី២ ក្នុងតួនាទីជានាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំកម្ពុជា ហើយជាថ្មីម្ដងទៀត គឺនៅឆ្នាំ២០០០ ដល់ឆ្នាំ២០០៤ លោក ធ្វើជាទីប្រឹក្សាអមស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ខណៈការមកធ្វើជាឯកអគ្គរដ្ឋ ទូតនេះ ជាលើកទី៤ហើយ។

ដោយឡែកឯកអគ្គរាជទូតបរទេសប្រចាំនៅកម្ពុជាមួយរូបទៀត ដែលចេះនិយាយភាសាបានខ្លះដែរនោះ គឺលោក ឌូមីនិក វីល្លាម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា។ លោក ឌូមីនិក វិល្លាម បានទទួលការបណ្តុះបណ្តាលភាសាខ្មែរ កាលពីឆ្នាំ២០២១ ហើយក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា ជារឿយៗលោកឯកអគ្គរាជទូតអង់គ្លេសរូបនេះ តែងតែផ្សព្វផ្សាយនូវវីដេអូជាច្រើន ដែលលោក បាននិយាយជាភាសាខ្មែរ។ ក្រៅពីភាសាខ្មែរ លោក ឌូមីនិក វិល្លាម ក៏អាចប្រើប្រាស់ភាសាបារាំង និងអេស្ប៉ាញបានផងដែរ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក