ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ផ្ដាំផ្ញើដល់ក្រុមការងារចុះមូលដ្ឋាន ត្រូវបង្កើតស្នាដៃឲ្យច្រើន ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋជាកត្តាសំខាន់បំផុត
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានថ្លែងនូវការផ្ដាំផ្ញើដល់ក្រុមការងារចុះមូលដ្ឋាន ត្រូវបន្តបង្កើតស្នាដៃឲ្យច្រើន ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋជាកត្តាសំខាន់បំផុត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនថ្លែងបែបនេះ ក្នុងពិធីប្រកាសប្រធាន និងអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នាព្រឹក ថ្ងៃពុធ ៧ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ នៅសាលមហោស្រពខេត្តក្រចេះ។

បន្ទាប់ពី លោក វ៉ា ថន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះបានធ្វើរបាយការណ៍សកម្មភាពរបស់គណបក្សខេត្តជូនអង្គពិធីរួចមក លោក សោម សឿន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសម្រេចស្ដីពីការកែសម្រួលប្រធាន និងអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដោយត្រូវបានចាត់តាំង លោក នេត្រ ភក្ត្រា ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ ជំនួស លោក ព្រំ សុខា និងចាត់តាំង លោក ស ចំរុង ជាអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។

លោក នេត ភក្ត្រា ក៏បានប្តេជ្ញាចិត្ត អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្សដែលបានដាក់ចុះឲ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ និងប្ដេជ្ញាគោរពនិងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស គឺគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះ លោក ព្រំ សុខា បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដោយសម្រេចបាននូវស្នាដៃជាច្រើន ក្នុងការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍនសង្គម សេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តក្រចេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ លោក នេត ភក្ត្រា ដែលទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តក្រចេះ ឲ្យមានការរីកចម្រើនថ្មីៗ បន្ថែមទៀត ពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពផ្ទៃឲ្យបានរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតនៅអាណត្តិក្រោយៗ ទៀត ទទួលបានលទ្ធផលជោគជ័យ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


