ព័ត៌មានជាតិ
មន្ត្រីក្រសួងការងារ ជំរុញយុវជនក្រីក្រ និងងាយរងហានិភ័យ បន្តចូលរៀនជំនាញឥតបង់ថ្លៃ
មន្ត្រីជាន់ខ្ពស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បន្តចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឥតបង់ថ្លៃបន្តទៀត ខណៈវគ្គដំបូងមានយុវជនចុះឈ្មោះចូលរៀនប្រមាណ ២ ម៉ឺននាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍នៅព្រឹកថ្ងៃទី១៦ ខែមករា នេះថា ការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាច្រើនមុខនេះ មិនតម្រូវឱ្យបង់ប្រាក់ទេ ហើយចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨ ម៉ឺនរៀល ក្នុង ១ ខែថែមទៀត។ ជាមួយគ្នានេះ យុវជនមកពីសេដ្ឋកិច្ចក្នុង ឬ ក្រៅប្រព័ន្ធ ឬ កម្មករ-និយោជិតដែលមានបំណងចង់រៀនជំនាញបន្ថែម ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃបានដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទេ។

លោក កត្តា អ៊ន មានប្រសាសន៍បន្តថា យុវជនអាចចុះឈ្មោះចូលរៀននៅតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ ក្រសួងការងារ ឬតាមរយៈ TVET 1.5M ដោយអាចទាញយកកម្មវិធីនេះពី APPSTORE (IOS) និង PlayStore និងពី APPGallery ផងដែរ។
លោក កត្តា អ៊ន បានបន្តទៀតថា ក្រៅពីនេះយើងបានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមដូចផងដែរ។

រាជរដ្ឋាភិបាលបានប្រកាសបើក កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥សែននាក់ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយក្រសួងបានបើកវគ្គបណ្តុះបណ្តាលលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយមានយុវជនចុះឈ្មោះចូលរៀនប្រមាណ ២ ម៉ឺននាក់។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា យុវជនដែលបានចុះឈ្មោះចូលរៀននាពេលនេះ មិនមែនធ្វើតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងធ្វើសម្រាប់គ្រួសារ សង្គមជាតិ ហើយក៏ជនគំរូសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ផ្សេងទៀតដែរ។

លោករដ្ឋមន្ត្រីបានបន្តថា ប្រសិនបើយុវជនដែលចុះឈ្មោះចូលរៀនវគ្គដំបូងនេះ មិនជោគជ័យ គឺក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាល ក៏មិនជោគជ័យដែរ។ ដូច្នេះទាំងក្រសួង ទាំងរាជរដ្ឋាភិបាល និងយុវជនដែលចុះឈ្មោះចូលរៀន មានបេសកកម្មរួមគ្នា គឺធ្វើយ៉ាងណាឱ្យការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ទទួលបានជោគជ័យ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


