ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ៖ អ្នកសារព័ត៌មាន មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬ តុលាការ នោះទេ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានពន្យល់ថា អ្នកសារព័ត៌មាន មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬ តុលាការ នោះទេ ហើយក៏គ្មាន អធិបញ្ជា អាចបញ្ជាអ្នកនេះ អ្នកនោះ បាននោះដែរ។

ការពន្យល់នេះ ក្នុងឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន វគ្គទី ៥ ចំនួន ២១០ នាក់ ដែលរៀបចំឡើងដោយ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព សហការជាមួយ ក្រសួងព័ត៌មាន និងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កាលពីព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤។

លោក នេត្រ ភក្ត្រា បានលើកឡើងថា «សារព័ត៌មាន ដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ ដើម្បីឲ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មាន ត្រូវអនុវត្តនូវគោលការណ៍ ៣ ជាសំខាន់ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍ ៣ ខ្លី ខ្លឹម ខ្លាំង»។

លោករដ្ឋមន្ត្រី ពន្យល់ថា «អ្នកសារព័ត៌មាន មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនអាចទៅចាប់គេបាននោះទេ ហើយ អ្នកសារព័ត៌មាន មិនមែនជាតុលាការ ដែលត្រូវកាត់ក្ដីគេឲ្យខុស ឬត្រូវនោះទេ, អ្នកសារព័ត៌មាន មិនមែនមាន អធិបញ្ជា អាចបញ្ជាអ្នកនេះ អ្នកនោះបានទេ។ អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់ បើសិនជាអ្នកសារព័ត៌មាន គ្មានប្រភពទេ គឺពិបាកសរសេរណាស់ មិនអាចសរសេរគ្រាន់តែឮគេថាបាននោះទេ»។

លោក នេត្រ ភក្ត្រា លើកឡើងបន្តថា ក្នុងក្របខណ្ឌ នៃក្រសួងព័ត៌មាន បាននិងកំពុងធ្វើកិច្ចការងារលើសន្តិសុខព័ត៌មាន ដែលសំដៅធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយពីរឿងរ៉ាវកើតមានឡើង។ ជាមួយនេះ គុណភាពព័ត៌មានដែលប្រជាពលរដ្ឋបានទទួល គឺជាព័ត៌មានមានគុណភាព កើតចេញពីការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានក្នុងការសរសេរអត្ថបទព័ត៌មានផ្សេងៗ។ លោក បន្ថែមថា ចំពោះសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាននៅក្នុងបរិបទឌីជីថល នេះ ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ បាននៅលាយឡំគ្នា។ ដូច្នេះ ការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ គឺជាចំណុចសំខាន់ ដែល ក្រសួងព័ត៌មាន បានគិតគូរ ហើយសហការជាមួយសមាគមសារព័ត៌មាន ដើម្បីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានកាន់តែល្អប្រសើរឡើងថែមទៀត សំដៅចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

ទន្ទឹមនោះ លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់សមាគមសារព័ត៌មាន ឲ្យរៀបចំជាវគ្គបណ្ដុះបណ្ដាលសមត្ថភាពរបស់អ្នកសារព័ត៌មាន ដើម្បីត្រៀមខ្លួនសម្រាប់ការវិវឌ្ឍន៍ នៃប្រព័ន្ធផ្សព្វផ្សាយ នាពេលបច្ចុប្បន្ន និងនៅពេលខាងមុខ។ លោក ក៏បានបន្ថែមថា គុណភាពព័ត៌មាន គឺជាចំណុចសំខាន់ក្នុងការប្រកួតប្រជែង ដូច្នេះអ្នកសារព័ត៌មានទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការទទួលបានវគ្គបណ្ដុះបណ្ដាលបន្តបន្ទាប់ ហើយ ក្រសួងព័ត៌មាន គាំទ្រចំពោះការបណ្ដុះបណ្ដាល ទន្ទឹមជាមួយក្រសួងបានបើកវគ្គបណ្ដុះបណ្ដាលបំពេញបន្ថែម។

ជាមួយនោះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ អ្នកសារព័ត៌មាន មកធ្វើការចុះបញ្ជីឲ្យបានត្រឹមត្រូវ។ ចំពោះការចេញបណ្ណសារព័ត៌មាន នឹងមានភ្ជាប់ QR Code ដើម្បីប្រតិបត្តិការការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយ ក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈបានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

ដោយឡែក លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានជម្រាបជូនដែរថា នេះជាលើកទី ៥ ហើយ ដែល សមាគម បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មាន ហើយសម្រាប់វគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន រយៈពេលពេញ ១ ថ្ងៃ នាឱកាសនេះ ផ្តោតជាសំខាន់លើប្រធានបទ ៖ ១-ពិធីករពិធីការិនី, ២-អ្នកអត្ថាធិប្បាយ, ៣-រៀនអនុវត្តការសរសេរ 5WH , ៤-រៀនអនុវត្តបច្ចេកទេសថតរូបភាព និងវីដេអូ។

តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ក្រសួងព័ត៌មាន នឹងផ្ដល់គ្រូបង្គោលលើ ៣ មុខវិជ្ជា រួមមាន ៖ មុខវិជ្ជាពិធីករពិធីការិនី មុខវិជ្ជាអ្នកអត្ថាធិប្បាយ និងមុខវិជ្ជាបច្ចេកទេសថតរូបពីក្រសួងព័ត៌មាន៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២៣ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ