Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី រៀបចំរថយន្ដ៥គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ Y & W ដើម្បីងាយស្រួលក្នុងការមកបើកប្រាក់ឈ្នួល

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន៥គ្រឿងដើម្បីត្រៀមដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ Y & W ដើម្បីជួយសម្រួលបន្ទុក និងបង្កភាពងាយស្រួលដល់កម្មករកម្មការិនី មកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅសាលាខណ្ឌដង្កោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះបានឲ្យដឹងថា កម្មករកម្មការិនីរោងចក្រ វ៉ាយ & ដាប់បែលយូ ហ្គាមិន អាចជិះរថយន្ដដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសម្រាប់ដឹកជញ្ជូនកម្មករកម្មការិនី គោលដៅពីរោងចក្រ Y & W ហ្គាមិន មកសាលាខណ្ឌដង្កោ និងពីសាលាខណ្ឌដង្កោ ទៅរោងចក្រ Y & W ហ្គាមិនវិញ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា នាវេលាម៉ោង១​រសៀល​ថ្ងៃសុក្រ ទី២២ ខែ​មីនា ឆ្នាំ២០២៤នេះតទៅ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានចាប់​ផ្តើម​បើក​ប្រាក់​ឈ្នួល ​និង​ប្រាក់​បំណាច់​ផ្សេងៗ​ជូនកម្មករ​និយោជិត​នៅ​​រោងចក្រ​ Y & W ដោយ​ធ្វើ​ឡើង​នៅ​​សាលាខណ្ឌដង្កោ​ ក្នុង​រាជធានីភ្នំពេញ។

បើ​តាម​ការបញ្ជាក់​ពី​​លោក​ កត្តា អ៊ន អ្នក​នាំ​ពាក្យក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រី​ទទួល​បន្ទុក​សម្របសម្រួលបើកប្រាក់ឈ្នួល និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំបិទបញ្ជីឈ្មោះ សណ្តាប់​ធ្នាប់ និងរបៀបរៀបរយដើម្បីសម្រួលដល់កម្មករនិយោជិតបើកប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ឱ្យ​បាន​រលូន​។ ​​នេះ​គឺ​ជា​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​កម្មករនិយោជិត។

អ្នក​នាំ​ពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានអំពាវ​នាវ​សូម​ឱ្យ​បង​ប្អូន​កម្មករ​និយោជិត​យក​មក​ជាមួយ​នូវឯកសារដូចជាប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និង​សៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ​ឬលិខិតឆ្លងដែន និងប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)​សម្រាប់បើកប្រាក់ឈ្នួល៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម