Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី រំលេចសមិទ្ធផលសំខាន់ៗ ៧ ចំណុច របស់ក្រសួងមុខងារសាធារណៈ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​រំលេច​សមិទ្ធផល​សំខាន់ៗ ចំនួន ៧ ចំណុច របស់​ក្រសួង​មុខងារ​សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រំលេច​សមិទ្ធផល​សំខាន់ៗ នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក«​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៤ របស់​ក្រសួង​មុខងារ​សាធារណៈ» កាលពី​ថ្ងៃ​ទី ០៣ ខែ​មេសា ឆ្នាំ ២០២៤ ម្សិលមិញ។

សមិទ្ធផល​សំខាន់ៗ ចំនួន ៧ ចំណុច របស់​ក្រសួង​មុខងារ​សាធារណៈ​រួមមាន ៖

១.ក្រសួង​បាន​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​ឡើង​វិញ រចនាសម្ព័ន្ធ​អង្គភាព និង​មុខងារ​របស់​ខ្លួន ហើយ​បាន​ធ្វើការ​កែទម្រង់​ផ្ទៃក្នុង​ក្រសួង ដោយ​បាន​រៀបចំ​រចនា​សម្ព័ន្ធ​ក្រសួង​ឡើងវិញ ដើម្បី​ឲ្យ​សមស្រប​ទៅ​នឹង​អាទិភាព​ការងារ គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា ដោយ​អង្គភាព​ខ្លះ ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា ដូចជា អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ ត្រូវ​បាន​បញ្ចូល​គ្នា​ទៅ​ជា​អគ្គលេខាធិការដ្ឋាន​របស់​ក្រសួង អង្គភាព​ខ្លះ ត្រូវ​បាន​លុបចេញ និង​ខ្លះ​ទៀត ត្រូវ​បាន​កែប្រែ ដោយ​ផ្នែក ឬ ទាំងស្រុង។ ការ​កែសម្រួល​នេះ ត្រូវ​បាន​អនុវត្ត​ឈរ​លើ​មូលដ្ឋាន នៃ​ការ​វិភាគ​មុខងារ​របស់​ក្រសួង ក៏ដូចជា​ការ​ពិនិត្យ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ អង្គភាព មុខងារ និង​រំហូរ​ការងារ​របស់​គ្រប់​អង្គភាព​ចំណុះ គួបផ្សំ​នឹង​បទ​ពិសោធ នៃ​ការ​អនុវត្ត​ការងារ​កន្លងមក​ដោយ​ផ្អែក​លើ​រចនាសម្ព័ន្ធ​ពីមុន បញ្ហា​ប្រឈម និង​ការ​លំបាក​នានា ដែល​មន្ត្រី និង​អង្គភាព ជួបប្រទះ និង​ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​ការងារ កាត់បន្ថយ​នីតិវិធី និង​ការ​សម្របសម្រួល​មិន​ចាំបាច់​ផ្សេងៗ និង​បង្កើន​ការ​ទទួល​ខុសត្រូវ​របស់​អង្គភាព​នីមួយៗ។ ជា​លទ្ធផល នៃ​ការ​កែសម្រួល​រចនាសម្ព័ន្ធ​នេះ ការ​បំពេញ​ការងារ​របស់​មន្ត្រី​តាម​អង្គភាព​មាន​ភាព​រលូន និង​កាន់តែ​មាន​ប្រសិទ្ធភាព។ លើស​ពី​នេះ ក្រសួង ក៏បាន​ធ្វើការ​បែងចែក​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រី ទាំង​កម្រិត​នយោបាយ និង​បច្ចេកទេស ឲ្យ​ស្រប​នឹង​ការ​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង ក៏ដូចជា តួនាទី ភារកិច្ច និង​បេសកកម្ម​របស់​ក្រសួង ជាពិសេស​បេសកកម្ម​ក្នុង​ការ​អនុវត្ត​វិធានការ​គន្លឹះ​ទាំង​បី ព្រមទាំង​មាន​របប​ប្រជុំ​ត្រួតពិនិត្យ និង​រាយការណ៍​ជា​ទៀងទាត់ ដើម្បី​ពិភាក្សា ដោះស្រាយ​បាន​ទាន់​ពេលវេលា​នូវ​បញ្ហា​ប្រឈម​នានា និង​ធានា​នូវ​ប្រសិទ្ធភាព​ការងារ។ ទន្ទឹម​នេះ ក្រសួង​មុខងារ​សាធារណៈ ក្នុងនាម​ជា​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការ​អនុវត្ត​វិធាន​គន្លឹះ​ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា និង​ក្នុងនាម​ជា​ស្ថាប័ន​ដឹកនាំ និង​សម្របសម្រួល​កម្មវិធី​ជាតិ​កែទម្រង់​រដ្ឋបាល​សាធារណៈ បាន​រៀបចំ​យន្តការ​ស្ថាប័ន​ពេញលេញ និង​សមស្រប ដើម្បី​គាំទ្រ​ដល់​ដំណើរការ នៃ​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ។ ការ​កែសម្រួល និង​ការ​រៀបចំ​ទាំងនេះ ត្រូវ​បាន​អនុវត្ត​ដោយ​ឆាប់​រហ័ស និង​ទាន់​ពេលវេលា​ស្របតាម​ការ​ចង្អុល​ទិស​របស់ សម្ដេច​មហា​បវរ​ធិបតី គឺ “រៀបចំ​ផ្ទះ​ខ្លួន​យើង​ឲ្យ​រៀបរយ​ជា​មុនៗ នឹង​អនុវត្ត​ការងារ​ផ្សេងទៀត​”។

២.ការ​គ្រប់គ្រង​វិស័យ​មុខងារ​សាធារណៈ ត្រូវ​បាន​កែលម្អ​ជា​លំដាប់ តាមរយៈ​ការ​ដាក់​ចេញ​ជា​បន្ត​បន្ទាប់​នូវ​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ រួម​ជាមួយ​នឹង​ការ​ពង្រឹង​ការ​គ្រប់គ្រង​មន្ត្រី​ក្របខណ្ឌ និង​មន្ត្រី​ជាប់​កិច្ចសន្យា ការ​គ្រប់គ្រង ការ​ប្រែប្រួល​ស្ថានភាព​រដ្ឋបាល និង​គ្រួសារ​របស់​មន្ត្រីរាជការ​ស៊ីវិល ការ​បើក​ផ្ដល់​ប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ​នៅ​រៀងរាល់​ពីរ​សប្ដាហ៍​ម្ដង ទៅ​តាម​ប្រព័ន្ធ​ធនាគារ ការ​រៀបចំ​ដំឡើង​ប្រាក់បៀវត្សរ៍ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ជា​បន្តបន្ទាប់ ជូន​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ជាប់​កិច្ចសន្យា ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រី​ភូមិ និង​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការ​រៀបចំ​ដំឡើង​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ជូន​និវត្តជន​ដែល​ជា​អតីត​មន្ត្រី​រាជការ​ស៊ីវិល និង​អតីត​យុទ្ធជន ព្រមទាំង​ការ​រៀបចំ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ និង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ការងារ​វិមជ្ឈការ និង​វិសហ​មជ្ឈការ​ក្នុង​វិស័យ​មុខងារ​សាធារណៈ ពិសេស​ការ​គាំទ្រ​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្នុង​ការ​អនុវត្ត​មុខងារ និង​ការ​គ្រប់គ្រង​មន្ត្រីរាជការ ដែល​ត្រូវ​បាន​ផ្ទេរ​នៅ​ក្នុង​វិស័យ​អប់រំ ការ​លើក​កម្ពស់​សមភាព​យេនឌ័រ និង​ជន​មាន​ពិការភាព ការ​ពង្រឹង អធិការកិច្ច មុខងារ​សាធារណៈ និង​ការងារ​ទំនាក់ទំនង​អន្តរជាតិ និង​អាស៊ាន។

៣.ក្រសួង​មុខងារ​សាធារណៈ បាន​ជំរុញ និង​ផ្តល់​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ សមត្ថភាព​មន្ត្រីរាជការ​របស់​ក្រសួង​-​ស្ថាប័ន តាមរយៈ​ការ​បណ្ដុះបណ្ដាល និង​សិក្ខា​សាលា​ផ្សេងៗ ពិសេស​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ដែល​បាន​និង​កំពុង​ធ្វើការ​បណ្ដុះបណ្ដាល​មន្ត្រីរាជការ រួមមាន វគ្គ​បណ្ដុះបណ្ដាល​ដំបូង វគ្គ​បណ្ដុះបណ្ដាល​បន្ត និង​ការ​បណ្ដុះបណ្ដាល​វគ្គ​ខ្លីៗ ជាច្រើន​ទៀត ក្នុង​ក្របខណ្ឌ ផ្ដល់​ដោយ​ក្រសួង​មុខងារ​សាធារណៈ និង​ក្របខណ្ឌ​សហប្រតិបត្តិការ ជាមួយ​ក្រសួង​-​ស្ថាប័ន និង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ។

៤.ប្រព័ន្ធ​ព័ត៌មានវិទ្យា​ក្នុង​ការ​គ្រប់គ្រង​មន្ត្រីរាជការ ត្រូវ​បាន​ធ្វើ​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព នៃ​ការ​គ្រប់គ្រង​មុខងារ​សាធារណៈ ស្រប​តាម​ក្របខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ២០២១-២០៣៥ រួមមាន ការ​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ថ្មី​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​មន្ត្រីរាជការ ឲ្យ​បាន​ពេញលេញ ការ​រៀបចំ​តារាង​ទូទាត់​បៀវត្ស ប្រព័ន្ធ​គ្រប់គ្រង សលាកប័ត្រ​ព័ត៌មាន​មន្ត្រីរាជការ​ស៊ីវិល ប្រព័ន្ធ​គ្រប់គ្រង​ការ​ចូល​និវត្តន៍ ប្រព័ន្ធ​ព័ត៌មាន​មន្ត្រីរាជការ​ស៊ីវិល ប្រព័ន្ធ​គ្រប់គ្រង​ការ​ប្រើប្រាស់​ប្រាក់​ម៉ោង​បន្ថែម សម្រាប់​មន្ត្រី​អប់រំ​ប្រព័ន្ធ​គ្រប់គ្រង​មន្ត្រី​ជាប់​កិច្ចសន្យា និង​គ្រូ​ជាប់​កិច្ច​សន្យា ប្រព័ន្ធ​គ្រប់គ្រង​ចរន្ត​ឯកសារ និង​ប្រព័ន្ធ​គ្រប់គ្រង​សលាកប័ត្រ​ព័ត៌មាន​មន្ត្រីរាជការ​ស៊ីវិល ក្នុង​បណ្ណសារ​ក្រសួង​មុខងារ​សាធារណៈ ការ​បង្កើន​សុវត្ថិភាព​ក្នុង​ការ​បញ្ចូល​ទិន្នន័យ ការ​រៀបចំ​អត្តសញ្ញាណបណ្ណ​មន្ត្រីរាជការ​ប្រភេទ​ថ្មី​ជា​ទម្រង់ ស្មាត​កាត ដែល​អាច​ប្រើប្រាស់​ជា​អត្តសញ្ញាណ​បណ្ណ​មន្ត្រីរាជការ និង​ជា​បណ្ណ​អេ​ធី​អឹម សម្រាប់​បើក​ប្រាក់បៀវត្សរ៍ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ការ​ជ្រើសរើស​មន្ត្រី​បម្រើ​ការងារ​ក្នុង​រដ្ឋបាល​សាធារណៈ។

៥.ក្រសួង​មុខងារ​សាធារណៈ បាន​បំពេញ​ការងារ និង​សម្រេច​បាន​លទ្ធផល​ជា​បន្តបន្ទាប់​ក្នុង​ក្របខណ្ឌ នៃ​ការ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ពាក់ព័ន្ធ​នឹង ៖

៥.១ ការ​កែលម្អ​ការ​ជ្រើសរើស​មន្ត្រី​បម្រើ​ការងារ​ក្នុង​រដ្ឋបាល​សាធារណៈ ៖

-ក្រសួង​មុខងារ​សាធារណៈ បាន​ដឹកនាំ និង​សម្របសម្រួល​ការ​រៀបចំ​អនុក្រឹត្យ​ស្ដីពី​ការ​ដាក់​ឲ្យ​អនុវត្ត​និយាម​នីតិវិធី​ប្រតិបត្តិ សម្រាប់​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល ព្រមទាំង​បាន​ដឹកនាំ និង​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល​ប្រកប​ដោយ​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង​ប្រសិទ្ធភាព ស្រប​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ “​ជាប់​ដោយ​មោទនៈ ធ្លាក់​ដោយ​អស់ចិត្ត​”។

-ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល ត្រូវ​បាន​អនុវត្ត​ចំនួន ៥ លើក គឺ ៖ ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ​/​សង្កាត់ ចំនួន ២៥០ នាក់ ការ​ជ្រើសរើស​គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា ការ​ជ្រើសរើស​មន្ត្រីរាជការ​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ការ​ជ្រើសរើស​មន្ត្រីរាជការ​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ការ​ជ្រើសរើស​មន្ត្រីរាជការ​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ លើស​ពី​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​អនុវិទ្យាល័យ​ក្នុង​ក្របខណ្ឌ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​ចេញ​សេចក្ដី​សម្រេច ទទួល​ស្គាល់​បេក្ខជន​ចូលរួម​ការ​ប្រឡងប្រជែង ដែល​មាន​ចំនួន ៣៣ ៣១៤ នាក់ ហើយ​ដែល​គ្រោង​រៀបចំ​ការ​ប្រឡង​ប្រជែង​នៅ​ដើម​ខែ​ឧសភា ឆ្នាំ ២០២៤។

-ក្រុម​ការងារ​បច្ចេកទេស នៃ​ក្រសួង​មុខងារ​សាធារណៈ បាន​រៀបចំ​សេចក្ដីព្រាង​ឯកសារ​ទស្សនាទាន និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស និង​គ្រប់គ្រង​មន្ត្រី​បច្ចេកទេស​/​មន្ត្រី​ជំនាញ (ផ្អែក​លើ​កិច្ចសន្យា​) ដើម្បី​គាំទ្រ​ដល់​ការ​គ្រប់គ្រង និង​ប្រើប្រាស់​មន្ត្រី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឆ្លើយតប​នឹង​សេចក្ដី​ត្រូវការ នៃ​ការងារ និង​អង្គភាព​នីមួយៗ របស់​ក្រសួង​-​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

៥.២ ការ​ពង្រឹង​សមត្ថភាព និង​សមិទ្ធកម្ម​ស្ថាប័ន ដើម្បី​លើក​កម្ពស់​គុណភាព​ការងារ ៖

-ក្រុម​ការងារ​បច្ចេកទេស នៃ​ក្រសួង​មុខងារ​សាធារណៈ បាន​រៀបចំ​សេចក្ដីព្រាង​ឯកសារ​ទស្សនាទាន និង​សេចក្ដីណែនាំ​ស្ដីពី​ការ​ពិនិត្យ​ឡើងវិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង​-​ស្ថាប័ន និង​ការ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព រចនាសម្ព័ន្ធ និង​ទិន្នន័យ​មន្ត្រីរាជការ​ស៊ីវិល របស់​ក្រសួង​-​ស្ថាប័ន និង​គ្រឹះស្ថាន​អប់រំ និង​អង្គភាព​សុខាភិបាល​នៅ​មូលដ្ឋាន ព្រមទាំង​បាន​រៀបចំ​សេចក្ដីព្រាង​ក្រមសីលធម៌ វិជ្ជាជីវៈ។

-កម្មវិធី​បណ្ដុះបណ្ដាល ដើម្បី​ពង្រឹង​សមត្ថភាព និង​ភាព​ជា​អ្នក​ដឹកនាំ​អង្គភាព​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​-​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​បាន​បន្ត​អនុវត្ត​ដោយ​សាលា​ភូមិន្ទ​រដ្ឋបាល។

៥.៣ ការ​រៀបចំ​ប្រព័ន្ធ​លើក​ទឹកចិត្ត​គាំទ្រ​សមិទ្ធកម្ម ៖​

-សេចក្ដីព្រាង​ឯកសារ​ទស្សនាទាន ស្ដីពី​ប្រព័ន្ធ​លើក​ទឹកចិត្ត​ផ្អែក​លើ​សមិទ្ធកម្ម និង​កម្មវិធី​លើក​ទឹក​ចិត្ត​គាំទ្រ​សមិទ្ធកម្ម ត្រូវ​បាន​គិតគូរ និង​រៀបចំ​ជា​បណ្តើរៗ។

៦.ក្រសួង​មុខងារ​សាធារណៈ បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ ការ​ពង្រឹង​សមត្ថភាព និង​សមិទ្ធកម្ម​ស្ថាប័ន ដោយ​បាន​រៀបចំ និង​ដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធ​វាយតម្លៃ​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ឆ្នាំ ២០២៣ និង​បាន​រៀបចំ​ពិធី​ប្រកាស​ទទួល​ស្គាល់​អង្គភាព​ជ័យលាភី ចំនួន ៣០ រួមមាន ៖ អនុវិទ្យាល័យ​ចំនួន ១០ សាលា​បឋមសិក្សា​ចំនួន ១០ និង​មណ្ឌល​សុខភាព ចំនួន ១០ និង​បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ដាក់​ការ​វាយតម្លៃ​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​វិទ្យាល័យ សាលា​មត្តេយ្យ​សិក្សា និង​មន្ទីរពេទ្យ​បង្អែក សម្រាប់​ឆ្នាំ ២០២៤។

៧.ក្រសួង​មុខងារ​សាធារណៈ ក៏បាន​រៀបចំ​រួចរាល់​នូវ​សេចក្ដីព្រាង​ផែនការ​សកម្មភាព​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា សម្រាប់​ឆ្នាំ ២០២៤ ដល់ ២០២៨ ហើយ​ដែល​គ្រោង​ដាក់​ឆ្លង​ការ​ពិនិត្យ​សម្រេច​ឲ្យ​បាន​រួចរាល់​សម្រាប់​ការ​ដាក់​ឲ្យ​អនុវត្ត​ក្នុង​ត្រីមាស​ទី ២ ឆ្នាំ ២០២៤។ ទន្ទឹម​នេះ សេចក្ដីព្រាង​កម្មវិធី​ជាតិ​កែទម្រង់​រដ្ឋបាល​សាធារណៈ ក៏​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ និង​ធ្វើ​បច្ចុប្បន្នភាព​ឲ្យ​បាន​សមស្រប ដើម្បី​ប្រើប្រាស់​ជា​ផែនទី​ចង្អុល​ផ្លូវ​រយៈពេល​មធ្យម និង​វែង ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ។

សូម​ជម្រាប​ថា សន្និបាត​ក្រសួង​មុខងារ​សាធារណៈ ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ ចាប់ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ៤ ខែ​មេសា ឆ្នាំ ២០២៤។ រសៀល​ថ្ងៃ​ទី ៤ ខែ​មេសា ឆ្នាំ ២០២៤ នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ«​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៤ របស់​ក្រសួង​មុខងារ​សាធារណៈ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អង្គការសង់ត្រាល់សារភាពថា របាយការណ៍របស់ខ្លួនគ្មានលក្ខណៈវិទ្យាសាស្ត្រ និងគ្មានវិជ្ជាជីវៈដែលបង្កឱ្យមានការប្តឹងតវ៉ា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យរង​ក្រសួងការងារ ចាត់ទុកការផ្សាយរបស់សារព័ត៌មានរស់លើដីបរទេសមួយថាជាព័ត៌មានបំពុលសង្គម

បច្ចេកវិទ្យា២ ម៉ោង មុន

មកស្គាល់ App ទាំង៤ របស់ក្រសួងអប់រំ និងនិយមន័យនៃការប្រើប្រាស់

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា កំពុងជំរុញការអនុវត្តគោលនយោបាយប្រជាជន ដើម្បីអភិវឌ្ឍប្រកបដោយចីរភាពត្រឹមឆ្នាំ ២០៣០

សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្ដាល​ឱ្យ​បុរស​ជា​ម្ចាស់ផ្ទះ​ស្លាប់​ក្នុង​ភ្នក់ភ្លើង

ព័ត៌មានជាតិ១០ ម៉ោង មុន

បញ្ចេញបញ្ជី​​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ស្របច្បាប់នៅកម្ពុជា បញ្ចៀស​ពលរដ្ឋ​កុំ​ប្រើ​សេវាក្រៅផ្លូវការ​នាំ​ហានិភ័យ​ខ្ពស់

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការបញ្ជាឃុំខ្លួននគរបាល២រូប និងបក្សពួក ក្រោយលួចធ្វើអត្តសញ្ញាណប័ណ្ណឱ្យជនជាតិវៀតណាម

វប្បធម៌ ជំនឿ១៣ ម៉ោង មុន

កំហុស ៣ យ៉ាង តាមជំនឿហុងស៊ុយ មិនគួរធ្វើដាច់ខាតសម្រាប់ទ្វារផ្ទះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ព្រមានពីគ្រោះថ្នាក់ បើអាមេរិក នៅតែបន្តជួយអាវុធដល់ អ៊ុយក្រែន

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម