រដូវវស្សា ជាឱកាសដែលមនុស្សយើងងាយនឹងកើតជំងឺច្រើនប្រភេទ ហេតុនេះការថែទាំសុខភាពដោយទទួលទានអាហារ និងផឹកភេសជ្ជៈល្អៗ ជាវិធីការពារប្រព័ន្ធរាងកាយបានយ៉ាងមានប្រសិទ្ធភាព។
ដូច្នេះតើគួរផឹកភេសជ្ជៈអ្វីខ្លះនារដូវភ្លៀង ដើម្បីជំនួយសុខភាព?
១ តែខ្ញី
តែខ្ញី ជាភេសជ្ជៈងាយស្រួលធ្វើដោយខ្លួនឯង។ យើងអាចធ្វើតែខ្ញីនៅផ្ទះដោយប្រើដាំទឹកពុះមួយកែវ ជាមួយខ្ញីពីរបីចំណិត ឬអាចបន្ថែមទឹកឃ្មុំឬក្រូចឆ្មារខ្លះរឹតតែល្អ ហើយកាន់តែមានរសជាតិឆ្ងាញ់។ ការទទួលតែខ្ញីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ដុតបំផ្លាញជាតិខ្លាញ់ ឈាមរត់បានល្អ សម្រួលបញ្ហាផ្លូវដង្ហើម ជាពិសេសការពារអាឡែកហ្សីនិងផ្ដាសាយ។ បន្ថែមពីនេះ តែខ្ញីមួយពែងជាមួយទឹកឃ្មុំជួយបំបាត់អាការៈឈឺចាប់ពេលមករដូវផងដែរ។
២ ទឹកដោះគោលាយគ្រាប់អាល់ម៉ុន
តែទឹកដោះគោគ្រាប់អាល់ម៉ុន ជាភេសជ្ជៈដែលមានកាឡូរីតិចជាងទឹកដោះគោធម្មតា ព្រមទាំងគ្មានកូឡេស្តេរ៉ូលនោះទេ។ ភេសជ្ជៈនេះជួយកាត់បន្ថយបញ្ហាទឹកនោមផ្អែម ការលើសឈាម និងការពារការឡើងទម្ងន់។ សក្ដិសមសម្រាប់ផឹកក្នុងរដូវវស្សានេះ។
៣ សូកូឡាក្ដៅ
សូកូឡាក្ដៅ ជាភេសជ្ជៈដែលមានសុខភាពល្អបំផុតមួយ បើយើងទទួលទានបានត្រឹមត្រូវ។ នេះជាប្រភពដ៏សម្បូរបែបនៃសារធាតុ catechins ដែលជួយប្រឆាំងអុកស៊ីតកម្មនិងជួយបង្កើនប្រព័ន្ធភាពស៊ាំ។ រីឯសារជាតិ flavonoids អាចជួយកាត់បន្ថយការរលាក ។ សូកូឡាក្ដៅងាយរកទិញតាមហាងនានា និងងាយធ្វើដោយខ្លួនឯងផងដែរ។ ប៉ុន្តែប្រសិនបើទិញនៅហាង យើងមិនគួរយករសជាតិផ្អែមពេកទេ និងកុំដាក់ទឹកដោះគោ ហើយបើឆុងខ្លួនឯងត្រូវប្រើទឹកដោះគោណាដែលគ្មានជាតិខ្លាញ់។
៤ កាហ្វេឈើឯម
ឆុងកាហ្វេ ដោយបន្ថែមជាតិឈើឯម ជំនួសឲ្យស្ករ បង្កើតជាភេសជ្ជៈដ៏ល្អនារដូវត្រជាក់។ ភេសជ្ជៈនេះ មិនត្រឹមតែកាត់បន្ថយជាតិស្ករ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អនោះទេ ថែមទាំងកាត់បន្ថយការឃ្លានអាហារបានថែមទៀត។ បន្ថែមពីលើនេះ កាហ្វេផ្សំឈើឯមអាចប្រឆាំងនឹងការរលាកបានយ៉ាងល្អ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Her World
ចុចអាន៖គ្រោះថ្នាក់នៃគ្រឿងស្រវឹងចំពោះសុខភាពថ្លើម
ចុចអាន៖បែកទឹកភ្លោះ តែមិនឈឺពោះ គួរវះកាត់សម្រាល ឬដាក់ថ្នាំឲ្យឈឺពោះ?