ព័ត៌មានអន្ដរជាតិ
ជនស៊ីវិលមីយ៉ាន់ម៉ាបន្តរងគ្រោះ ក្នុងការបំពានបទឈប់បាញ់ដែលបានប្រកាសក្រោយរញ្ជួយដី
ការវាយប្រហារដោយយន្តហោះចម្បាំងរបស់របបយោធាមីយ៉ាន់ម៉ាបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់នៅក្នុងតំបន់រញ្ជួយដី ដែលជាសកម្មភាពបំពានបទឈប់បាញ់ដែលខ្លួនបានប្រកាសថា ចូលជាធរមានរហូតដល់ថ្ងៃទី២២ខែមេសា។ នេះបើយោងតាមការចេញផ្សាយរបស់ The Irrawaddy កាលពីថ្ងៃ០៧ខែមេសា។

សារព័ត៌មានខាងលើ បានសម្ភាសន៍អ្នកស្រុក ដែលបានអះអាងថា ជនស៊ីវិលបីនាក់ក្នុងវ័យចន្លោះពី៥០ទៅ៦០ឆ្នាំបានស្លាប់ និងស្ត្រី២នាក់បានរងរបួស ដោយសារទាហានឆ័ត្រយោងយោធាម្នាក់បានទម្លាក់គ្រាប់បែកពីរគ្រាប់ទៅលើភូមិ Thonepanhla ក្នុងសង្កាត់ Chaung-U ទីក្រុង Sagaing នៅម៉ោងប្រហែល១១ៈ៣០ នាទីយប់ថ្ងៃអាទិត្យ ដែលវាក៏ជាតំបន់រងគ្រោះរញ្ជួយដីផងដែរ។
ការវាយប្រហារនៅតំបន់គ្រោះមហន្តរាយរញ្ជួយដីនេះនៅតែបន្តកើតឡើង បើទោះបីជារបបនេះបានប្រកាសបទឈប់បាញ់រហូតដល់ថ្ងៃទី ២២ ខែមេសា ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការស្តារឡើងវិញក្រោយរញ្ជួយដីក៏ដោយ។

គួរបញ្ជាក់ថា ក្រោយរងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកាលពីថ្ងៃសុក្រទី២៨ខែមីនា របបយោធាមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់បណ្ដោះអាសន្នរហូតដល់ថ្ងៃទី២២ខែមេសា រីឯក្រុមប្រដាប់អាវុធដែលប្រឆាំងរបបនេះក៏បានប្រកាសបទឈប់បាញ់ជាឯកតោភាគីរយៈពេលមួយខែផងដែរ។ ទោះយ៉ាងណារបបនេះនៅតែបន្តការវាយប្រហារតាមរយៈការបាញ់ផ្លោងនិងតាមអាកាស ជាញឹកញាប់ដែលបំពានបទឈប់បាញ់។
កាលពីយប់ថ្ងៃទី០៥ខែមេសាកងកម្លាំងរបបសឹកមីយ៉ាន់ម៉ាក៏បានបាញ់ផ្លោងទៅលើភូមិមួយនៅជិត Myitche ក្នុងតំបន់ទីប្រជុំជន Pakokku របស់ទីក្រុង Magwe ដោយបានដុតបំផ្លាញផ្ទះប្រមាណ១៧ខ្នង និងបង្ខំអ្នកស្រុកជាច្រើនឱ្យភៀសខ្លួន។
កាលពីថ្ងៃទី០២ខែមេសា ទារកអាយុ៣ខែ និងកុមារអាយុ ១០ ឆ្នាំម្នាក់បានស្លាប់ដោយសារយន្តហោះចម្បាំងរបស់របបយោធាបានទម្លាក់គ្រាប់បែកចំនួន ៣ គ្រាប់ទៅលើភូមិ Nae Ka ក្នុងក្រុង Papun រដ្ឋ Karenនេះបើយោងតាមសហភាពជាតិ Karen កាលពីថ្ងៃចន្ទ។ ក្រុមបដិវត្តន៍ជនជាតិភាគតិចក៏បានឲ្យដឹងថា ការវាយប្រហារតាមអាកាសក៏បានធ្វើឱ្យជនស៊ីវិលពីរនាក់ផ្សេងទៀតរងរបួស និងបានបំផ្លាញផ្ទះនៅក្នុងភូមិ។

សូមបញ្ជាក់ថារហូតមកដល់ពេលនេះគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រដែលបានប្រហារប្រទេសមីយ៉ាន់ម៉ាបានសម្លាប់មនុស្សលើសពី៤ពាន់នាក់ហើយ ខណៈរាប់សិបនាក់ទៀតនៅតែបាត់ខ្លួនក្រោមគំនរបាក់បែក។ ក្រុមជួយសង្គ្រោះដែលមកពីប្រទេសផ្សេងៗនៅតែបន្តប្រតិបត្តិការស្រង់សាកសពរហូតមកដល់ពេល។ ចំណែកប្រជាជនដែលរងផលប៉ះពាល់ក្រោយរញ្ជួយដីកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ខណៈពួកគេបាត់បង់ផ្ទះសម្បែង នាំគ្នាស្នាក់នៅតាមដងផ្លូវនិងទីសាធារណៈដែលប្រឈមនឹងហានិភ័យផ្សេងៗទៀត៕


អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


