Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាក់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង

បានផុស

នៅ

ពីវេទិកានៃទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ នៅខេត្តបាត់ដំបង លោក ស សុខា បានបន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការលើកឡើងរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ គ្រោះថ្នាក់គ្រោះចរាចរណ៍ នៅតែបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ និងប្រឈមខ្លាំង នៅក្នុងឆ្នាំ ២០២៤នេះ។

ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស​ សុខា បានរម្លឹកអំពីការប្រែប្រួលដ៏គួរឱ្យ កត់សម្គាល់នៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បើធៀបនឹង១៥ឆ្នាំមុន អត្រាអ្នកស្លាប់ប្រចាំថ្ងៃមានតិចជាងការស្លាប់ដោយសារអាវុធជាតិផ្ទុះ ឬមីន និងមេរោគអេដស៍។ ប៉ុន្តែ១៥ឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍បាននឹងកំពុងបន្តឈរខ្ពស់គួរបារម្ភជារៀងរាល់ឆ្នាំ។

ដោយទើបបញ្ចប់ទស្សនកិច្ចនៅប្រទេស្វីស និងអាល្លឺម៉ង់ ពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានបង្ហាញការកត់សម្គាល់ថា កាលពីឆ្នាំ២០២៣ ស្វីសដែលមានប្រជាជនជាង៨លាននាក់ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍តែជាង៤០នាក់ ខណៈអាល្លឺម៉ង់មានប្រជាជនជាង៨០លាននាក់ មានអ្នកស្លាប់ប្រមាណតែ១៥០នាក់។ ប៉ុន្តែស្របពេលដូចគ្នានេះ កម្ពុជាដែលមានប្រជាជនជាង១៦លាននាក់ មានអ្នកស្លាប់ជាង១ ០០០នាក់។

គួរកត់សម្គាល់ថា មកដល់ដើមឆ្នាំ២០២៤នេះ ជាមធ្យមកម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍​៩លើក បណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ៤នាក់ ជារៀងរាល់ថ្ងៃ។ ផ្អែកលើស្ថានភាពនេះ លោក ស សុខា បានបង្ហាញការព្រួយបារម្ភអំពីលទ្ធភាពនៃការឈានទៅសម្រេចបានជោគជ័យលើផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២១-២០៣០ ដែលកំណត់ដោយអង្គការសហប្រជាជាតិ។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដោយទទូចទៅកាន់ភាគីពាក់ព័ន្ធបន្តគាំទ្រការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយដើរទន្ទឹមគ្នានឹងស្មារតីនៃការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ផ្ដោតលើគោល ការណ៍សំខាន់ៗដូចជា ចេះបើកបរឱ្យបានត្រឹមត្រូវ មានសីលធម៌ មិនលើសល្បឿន មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងគ្រឿងញៀន ត្រូវពាក់មួកឬ ខ្សែក្រវ៉ាត់សុវត្ថិភាព ត្រូវប្រកាន់ស្ដាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាប្រចាំ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម