ព័ត៌មានជាតិ
សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម គាំទ្រកំណែទម្រង់ប្រព័ន្ធយុត្តិធម៌
សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក បានគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ ក្រសួងយុត្តិធម៌ ដែលបានដាក់ចេញក្នុងនីតិកាលទី៧។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់សហភាពអង្គការសង្គមស៊ីវិល នាពេលថ្មីៗនេះ។

ការចេញមកគាំទ្របែបនេះ គឺបន្ទាប់ពី ក្រសួងយុត្តិធម៌ បានបង្កើតនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងបន្ថែមនូវយុទ្ធនាការចំនួន២ សំខាន់ៗទៀតគឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ជាពិសេស ពាក់ព័ន្ធនឹងសំណុំរឿងអត្រានុកូលដ្ឋាន គ្រោះថ្នាក់ចរាចរណ៍ជាដើម និងយុទ្ធនាការពិនិត្យមើលភាពមិនប្រក្រតីនៅតាមតុលាការ។
សហភាពអង្គការសង្គមស៊ីវិល បានបញ្ជាក់ថា ការបង្កើតឱ្យមាននូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយដឹកនាំដោយអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ គឺមានបេសកកម្មដោះស្រាយនូវវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទផ្សេងទៀត តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ ដោយផ្អែកតាមការព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទ យល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទនេះ (លើកលែងតែករណីព្រហ្មទណ្ឌ និងតាមការកំណត់ច្បាប់ ដែលមិនអាចជាកម្មវត្ថុនៃការសម្រុះសម្រួលផ្សះផ្សាបាន)។

យន្តការនេះ មិនត្រឹមតែអាចជួយកាត់បន្ថយការកកស្ទះ សំណុំរឿងនៅតុលាការ ថែមទាំងជាប្រយោជន៍ដល់ប្រជាពលរដ្ឋចំណេញពេលវេលា និងថវិកាទៀតផង ព្រោះជាការសម្រុះសម្រួលដោយពុំមាននីតិវិធីច្រើនដូចនៅតុលាការ ហើយថែមទាំងពុំបាច់ចំណាយថវិកាបង់ប្រាក់ប្រដាប់ក្តីជាដើម និងសេវាមេធាវីផ្សេងៗ ព្រមទាំងចំណាយធ្វើដំណើរចុះឡើងច្រើនដងនោះទេ។ ជាពិសេស ការដោះស្រាយវិវាទ កាន់តែកៀកប្រជាពលរដ្ឋមូលដ្ឋាន និងធានាដល់ភាពសុខដុមរមនាព្រមទាំងធានាបាននូវស្ថេរភាពសង្គមតាមរយៈការ លើកកម្ពស់វប្បធម៌សន្តិភាព និងធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តដំណោះស្រាយដែលកើតចេញមកពីការស្រុះ ស្រួលនិងផ្សះផ្សា។
កាន់តែពិសេស ក្រសួងក៏បានដាក់ចេញនូវយុទ្ធនាការ២ សំខាន់ផងដែរគឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និងយុទ្ធនាការពិនិត្យមើលភាពមិនប្រក្រតីនៅតាមតុលាការ។ យុទ្ធនាការទាំង២ នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ពោលគឺធ្វើយ៉ាងណាផ្តល់សេវាយុត្តិធម៌ ជូនប្រជាជនប្រកបដោយភាពឆាប់រហ័ស និងជួយដោះស្រាយរកយុត្តិធម៌ ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។ យុទ្ធនាការនេះ ជាការក្រើនរំលឹកដល់មន្ត្រីស្ថាប័នតុលាការ និងស្ថាប័នអយ្យការទាំងអស់ ដោះស្រាយរឿងក្តីគ្រប់ប្រភេទ ឱ្យបានលឿនឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់។

កំណែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ ធ្វើឡើងក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការគន្លឹះទី៥ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌គឺជាអត្ថិភាពដ៏សំខាន់ដើម្បីពង្រឹងលើកកម្ពស់នីតិរដ្ឋ ដែលជាមូលដ្ឋានដ៏សំខាន់ដើម្បីធានា ស្ថេរភាពក្នុងសង្គម សន្តិសុខ សណ្តាប់ធ្នាប់សារណៈ ការលើកកម្ពស់ការគោរព សិទ្ធិមនុស្ស និងយុត្តិធម៌ក្នុងសង្គមជាតិ ដែលជាគ្រឹះសម្រាប់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេស ជាតិប្រកបដោយចីរភាព។
គួរជម្រាបដែរថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានចាប់ផ្តើមទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ មកម្លេះ។ ចំណែក យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការពិនិត្យមើលភាពមិនប្រក្រតីនៅតាមតុលាការ បានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ ហេតុដូច្នេះ សម្រាប់ប្រជាពលរដ្ឋដែលមានបញ្ហាពាក់ព័ន្ធនឹងវិស័យច្បាប់ដូចបានរៀបរាប់ខាងលើ អាចស្វែងរកជំនួយ និងទំនាក់ទំនងតាមទូរស័ព្ទដើម្បីទទួលបានព័ត៌មានបន្ថែម តាមរយៈលេខ ០៩៩ ៤៥៦ ១៥៦ (យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ) លេខទូរស័ព្ទ ០៩៩ ៤៤៤ ១៨១ (យុទ្ធនាការជំរុញ ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការពិនិត្យមើលភាពមិនប្រក្រតីនៅតាមតុលាការ)៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


