ព័ត៌មានជាតិ
កម្ពុជាចាប់ផ្ដើមគិតគូរ ធ្វើពាណិជ្ជកម្មកេសរកូល ខណៈប្រទេសជិតខាងកើបចំណូលបានរយលានដុល្លារ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា កេសរកូលដែលខ្មែរស្គាល់ផ្កាអ័រគីដេជារុក្ខជាតិដែលមានតម្លៃពាណិជ្ជកម្មខ្ពស់ ខណៈដែលប្រទេសជិតខាងកម្ពុជាមានថៃនិងវៀតណាម បានកើបចំណូលបានរាប់រយលានដុល្លារពីរុក្ខជាតិផ្កាព្រៃមួយនេះ។

លោក សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងនៅក្នុងសន្និសីទកាសែតពីការត្រៀមរៀបចំពិព័រណ៍ «ពន្លកបៃតង» នៅព្រឹកនេះថា រុក្ខជាតិនេះកម្ពុជានៅមិនទាន់ទាញប្រយោជន៍ពីពាណិជ្ជកម្មបាននៅឡើយទេ។
លោកកត់សម្គាល់ថា ប្រទេសជិតខាងមានវៀតណាម និងថៃ បានកើបចំណូលរាប់រយលានដុល្លារពីជំនួញរុក្ខជាតិផ្កាព្រៃមួយនេះ។
កាលពីឆ្នាំ ២០១៨ ក្រសួងបរិស្ថានបានរៀបចំបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្នុងគោលបំណងលើកកម្ពស់ការសិក្សាស្រាវជ្រាវ អភិរក្សកេសរកូល អប់រំផ្សព្វផ្សាយពីតម្លៃនៃកេសរកូល និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត ក៏ដូចជាសំដៅធានាឱ្យបាននូវការគ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។
នៅលើពិភពលោកមានពូជកេសរកូល (ផ្កាអ័រគីដេ) រាប់ពាន់ប្រភេទ ខណៈប្រភេទកេសរកូលដែលរកឃើញនៅក្នុងប្រទេសកម្ពុជាត្រូវគេប៉ានស្មានថាមានប្រមាណជាង ៥០០ ប្រភេទ។

ទាក់ទងការធ្វើពាណិជ្ជកម្មកេសរកូល លោក សាម អ៊ីន បានថ្លែងថា «យើងចាប់ផ្ដើមក្រោយគេ។ ប៉ុន្តែយើងមានទស្សនវិស័យវែងឆ្ងាយ ដើម្បីទាញប្រយោជន៍ពាណិជ្ជកម្មពីរុក្ខជាតិមួយនេះ។
លោកថា «កាលណាយើងស្រាវជ្រាវកំណត់បានសេនេទិក (ធនធានពន្ទុ) យើងដឹងមានកេសរកូលព្រៃខ្មែរប៉ុន្មានប្រភេទកាលណាគេយកទៅធ្វើពាណិជ្ជកម្ម គេត្រូវបង់ថ្លៃឲ្យយើង។ អីចឹងយើងត្រូវមានតឹកតាងបញ្ជាក់ថា កេសរកូលព្រៃនោះពិតជារបស់ខ្មែរ ដុះនៅលើដីខ្មែរ និងមានលក្ខណៈពិសេសយ៉ាងម៉េចខ្លះ»។
នៅពេលសួរថាដល់ពេលណាអាចធ្វើពាណិជ្ជកម្មបាន លោក សាម អ៊ីន បានបញ្ជាក់ថា «យើងត្រូវសិក្សាតើយើងអាចវិនិយោគធនធានកម្រិតណា សម្រាប់កិច្ចការងារស្រាវជ្រាវ។ យើងអាចធ្វើពាណិជ្ជកម្មបានដូចគេ ទាល់តែមានការវិនិយោគសិន»។
កន្លងទៅក៏មានការបង្កាត់ពូជកេសរកូលខ្មែរ ដោយសហការជាមួយវិស័យឯកជន។ ក្រុមហ៊ុនសោម៉ា បានបង្កាត់ពូជកេសរកូលខ្មែរសម្រាប់ការធ្វើពាណិជ្ជកម្ម ប៉ុន្តែមិនទាន់មានទំហំធំនោះទេ។
លោកសាម អ៊ីន បានបញ្ជាក់ថា «យើងចង់ជំរុញ តែក៏អាស្រ័យលើការបោះទុន ការចាប់អារម្មណ៍ និងការសិក្សាលើភាពចំណេញខាត រួមទាំងលទ្ធភាពការប្រកួតប្រជែងជាមួយប្រទេសជិតខាង»។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន
ទាក់ទងការសិក្សាស្រាវជ្រាវកេសរកូលខ្មែរនេះដែរ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានគូសបញ្ជាក់ដែរថា ក្រសួងបរិស្ថានបានបង្កើតវេទិកាជាតិកេសរកូល ៤ លើករួចមកហើយ ដើម្បីផ្សព្វផ្សាយឲ្យសាធារណជនបានដឹងថា កេសរកូលខ្មែរមានអីខ្លះដែលបានស្រាវជ្រាវរកឃើញ ដើម្បីចងក្រងជាបណ្ដាញសម្រាប់ក្រុមអ្នកដែលស្រលាញ់កេសរកូល។
លោកថា មានស្ថាប័នជាង ៤០ បានចងក្រងគ្នាធ្វើការពាក់ព័ន្ធការស្រាវជ្រាវកេសរកូលខ្មែរនេះ។
លោក ខ្វៃ អាទិត្យា បានបន្ថែមទៀតថា កន្លងទៅក្រសួងបានធ្វើការជាមួយវិទ្យាស្ថាននៅប្រទេសបារាំង ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់កេសរកូលខ្មែរ ដើម្បីចុះបញ្ជីការពារផលប្រយោជន៍ប្រព័ន្ធជីវចម្រុះដែលជាកម្មសិទ្ធិរបស់ជាតិ។
ជាមួយគ្នានេះ លោកបានលើកឡើងពីគម្រោងពង្រីកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនឲ្យ កាន់តែធំជាងមុនទៅជាកម្រិតថ្នាក់តំបន់ ដើម្បីពង្រីកការសិក្សាស្រាវជ្រាវកេសរកូលព្រៃខ្មែរថែមទៀត។
បើតាមលោក សាម ហ៊ីម ការនាំចូលរុក្ខជាតិកេសរកូលនិងរុក្ខជាតិលម្អផ្សេងៗមកប្រទេសកម្ពុជាក្នុងមួយឆ្នាំៗមិនក្រោមលានដុល្លារនោះទេ។
ក្នុងសន្និសីទនៅព្រឹកមិញនេះ ក្រសួងបរិស្ថានបានប្រកាសពីការត្រៀមរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ការដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។
បើតាមមន្រ្តីក្រសួងបរិស្ថាន មានកូនឈើគ្រប់ប្រភេទរាប់ម៉ឺនដើម នឹងចែកជូនប្រជាពលរដ្ឋយកទៅដាំ រួមទាំងកូនត្នោតជាច្រើនទៀត ខណៈក្រសួងបរិស្ថានបានដាក់គោលដៅដាំកូនឈើឲ្យបានយ៉ាងតិច ១ លានដើម ចាប់ពីឆ្នាំ២០២៤៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ