Connect with us

ព័ត៌មានជាតិ

ត្រឹម​វេលា​ថ្ងៃត្រង់នេះ អ្នកទេសចរ ៥៥១ នាក់ ជាប់លើភ្នំខ្នងផ្សារ​ដោយ​​សារ​ជំនន់ទឹកភ្លៀង បានជម្លៀសមក​ដល់​ទីតាំងសុវត្ថិភាព

បានផុស

នៅ

រហូតមកទល់វេលាថ្ងៃត្រង់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៦ អ្នកទេសចរចំនួន ៥៥១ នាក់ ដែលជាប់នៅ​លើភ្នំខ្នងផ្សារក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ដោយ​សារជំនន់ទឹកភ្លៀង ត្រូវបានអាជ្ញាធរ​និង​​ប្រជាពលរដ្ឋនៅតាម​សហគមន៍បានចុះជួយអន្តរាគមន៍ និងជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាពអស់ហើយ។ នេះ​បើ​តាមការ​​បញ្ជាក់ពីមន្រ្តី​​ក្រសួង​បរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជា​សហគមន៍ បានជួយសម្រួលនិងបានជម្លៀស​អ្នកទេសចរ​មកដល់ទីតាំងសុវត្ថិភាពនៅភូមិតាំងបំពង់ ចេញឆ្ងាយពីតំបន់ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីចុងសប្តាហ៍កន្លងមកនេះ។

បន្ថែមពីនេះ អាជ្ញាធរក៏​បានជួយសម្រួលរៀបចំផ្តល់ជូនសម្ភារៈ ស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យជាបណ្ណោះអាសន្នជូនពួកគាត់ផងដែរ។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍ថា មន្រ្តីក្រសួងបរិស្ថានបានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីគ្រោះមហន្តរាយធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។

នៅព្រឹកថ្ងៃនេះ លោក​បានណែនាំ​ឲ្យ​មន្ត្រីជំនាញក្រសួងបរិស្ថាន បន្តសហការល្អថែមទៀត ជាមួយអាជ្ញធរ​ពាក់ព័ន្ធ ធ្វើការជួយសង្រ្គោះនិងជម្លៀសប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ នៅតំបន់ភ្នំខ្នងផ្សា ឱ្យមានសុវត្ថិភាពទាំងអស់។

កន្លងមកនេះ ក្រសួងបរិស្ថានបានសហការជាមួយដៃគូពាក់ព័ន្ធ ពង្រឹងការងារជំនាញសង្រ្គោះ​បឋមដល់សហគមន៍ និងធ្វើការបង្កើនកិច្ចសហប្រតិបត្តិការល្អ ក្នុងការត្រៀមបង្ការ ការពារអាយុជីវិត ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការត្រៀមបង្ការ សង្រ្គោះបន្ទាន់ករណីមានគ្រោះអាស្នកើតឡើងនៅតាមតំបន់ការពារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម