Connect with us

ព័ត៌មានជាតិ

៣ថ្ងៃ​នៃពិព័រណ៍ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះជាង១លានដើមជូនពលរដ្ឋយកទៅដាំ

បានផុស

នៅ

No photo description available.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបរិស្ថានបានប្រកាសពីសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការចែកកូនឈើដោយឥតគិតថ្លៃជូនសាធារណជនបានសរុប ៥,៣ លានដើម គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ កូនឈើទាំងនេះត្រូវបានយកទៅដាំតាមលំនៅឋាន សហគមន៍ និងដាំស្តារព្រៃឈើនៅទូទាំងប្រទេស ដើម្បីរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ បង្កើនគម្របបៃតង សម្រាប់ការរស់នៅប្រកបដោយចីរភាព។

ក្នុងនោះដែរ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចែកកូនឈើចម្រុះបានចំនួន ១,២លានដើម។ ព្រឹត្តិការណ៍នេះគឺជាឆ្នាំទី៣ ហើយដែលក្រសួងបានរៀបចំឡើង ដោយរួមបញ្ចូលទាំងការប្រកាសព្រឹត្តិការណ៍ «ដាំដើមត្នោតមួយលានដើម» នៅមុខទីស្តីការក្រសួងបរិស្ថាន ប្រកបដោយភាពអធិកអធម និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែងថា ពិព័រណ៍ «ពន្លកបៃតង» មិនត្រឹមតែជាពិធីចែកកូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមរួមគ្នាជាចលនាជាតិមួយ ដែលមានគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការការពារ និងស្ដារធនធានធម្មជាតិ។ ឯកឧត្តមបានបញ្ជាក់ថា «ពន្លកបៃតង» គឺជានិមិត្តរូបនៃក្តីសង្ឃឹម ការទទួលខុសត្រូវ និងការចាប់ផ្តើមថ្មី សម្រាប់កម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព។

លោក អ៊ាង សុផល្លែត អរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រ និងចូលរួមរៀបចំពិធីនេះ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យមានការចូលរួម និងគាំទ្រយុទ្ធនាការរបស់ក្រសួងបរិស្ថាន តាមរយៈការបណ្តុះពន្លកនៃភាពស្អាត និងភាពបៃតងនេះជាបន្តទៀត ជាពិសេសការដាំ និងថែទាំដើមឈើឱ្យបានលូតលាស់ល្អ ដើម្បីឱ្យប្រទេសកម្ពុជាទទួលបាននូវភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាឱ្យមានចីរភាព ហើយឈានឆ្ពោះទៅជាប្រទេសដែលមានអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

ឯកឧត្តមក៏បានប្រកាសថា ក្រសួងបរិស្ថាននឹងបន្តរៀបចំពិព័រណ៍ «ពន្លកបៃតង» លើកទី៤ នៅឆ្នាំករោយទៀត ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាអាចចូលរួមបានគ្រប់ៗគ្នា។

រដ្ឋមន្ត្រីបរិស្ថាន ជឿជាក់ថា ស្មារតី និងទឹកចិត្តស្រលាញ់បរិស្ថាននេះ នឹងបន្តសាយភាយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជំរុញឱ្យកម្ពុជាមានភាពស្អាត ភាពបៃតង ទាក់ទាញអ្នកទេសចរណ៍ អ្នកវិនិយោគ មកកម្ពុជា ចូលរួមអភិវឌ្ឍន៍កម្ពុជាឆ្ពោះសម្រេចបានជាប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម