ព័ត៌មានជាតិ
សហជីពនៅកម្ពុជា ៖ ការផ្សព្វផ្សាយអាក្រក់ពីវិស័យកាត់ដេរនៅកម្ពុជាគឺជាការសម្លាប់កម្មករ
ភ្នំពេញ ៖ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករថ្លែងថា ការសរសេរផ្សព្វផ្សាយអាក្រក់ពីវិស័យកាត់ដេរនៅកម្ពុជាតួយ៉ាងដូចជារបាយការណ៍សង់ត្រាល់ គឺកំពុងសម្លាប់កម្មករនិយោជិត ព្រោះមិនបានជួយពង្រីកវិសាលភាពវិនិយោគ ហើយផ្ទុយទៅវិញបែរជាធ្វើឱ្យអ្នកបញ្ជាទិញ អ្នកវិនិយោគ និងម្ចាស់ជំនួយងាកចេញពីកម្ពុជា។
លោកថ្លែងថា «ខ្ញុំឃើញថា ការសរសេររបាយការណ៍អាក្រក់ពីកម្ពុជា គឺបាននឹងកំពុងសម្លាប់ប្រជាជនកម្ពុជា សម្រាប់ខ្ញុំមិនគាំទ្រទេរបាយការណ៍ទាំងនេះ ហើយខ្ញុំសូមឱ្យអង្គការមួយចំនួនដូចជាសង់ត្រាល់ជាដើម ដែលសរសេរ និយាយមិនល្អពីកម្ពុជាសូមបញ្ឈប់ការសរសេរបែបហ្នឹង។»
លោកបញ្ជាក់ថា ការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជា ថ្វីបើមិនល្អឥខ្ចោះ ប៉ុន្តែតាមការពិនិត្យជាក់ស្តែងក្នុងនាមជាអ្នកដឹកនាំសហជីពលោកមើលឃើញថា ការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជាមានភាពទូលំទូលាយរហូតដល់៩០ភាគរយ ព្រោះអង្គការសមាគមមានសេរីភាពពេញលេញ។ ភស្តុតាងជាក់ស្តែងបន្ថែមទៀត គឺអង្គការសង់ត្រាល់ផ្ទាល់ ដែលមានស្នាក់ការក្នុងប្រទេសកម្ពុជា មានសិទ្ធិដើរស្រែក ដើរធ្វើសកម្មភាពគ្រប់បែបយ៉ាង។

ជាមួយគ្នានេះ លោក អ៊ឹង ម៉េងតុង ប្រធានសហជីពរួបរួមអភិវឌ្ឍន៍កម្មករ នៅរោងចក្រ ហូវ៉ា និយាយថា នៅកន្លែងធ្វើការងារសព្វថ្ងៃលោកបានអនុវត្តសិទ្ធិសេរីភាពពេញលេញ មិនដែលជួបរឿងធ្វើទុក្ខបុកម្នេញ បិទសិទ្ធិសេរីភាព ដូចការលើកឡើងក្នុងរបាយការណ៍អង្គការសង់ត្រាល់នោះទេ។ ក្នុងនាមសហជីព លោកអ៊ឹង ម៉េងតុង បដិសេធចំពោះរបាយការណ៍សង់ត្រាល់ ដែលបានសរសេរញុះញង់បំភ្លៃការពិត បំផ្លាញវិស័យកាត់ដេរនៅកម្ពុជា។
លោកថ្លែងថា «ខ្ញុំសូមបដិសេធរបាយការណ៍របស់អង្គការសង់ត្រាល់ ដែលថា មានការរំលោភបំពានមកលើសហជីពនៅកម្ពុជា ក៏ដូចជាការគំរាមកំហែង ក្នុងនាមខ្ញុំជាសហជីពនៅកម្ពុជា ខ្ញុំអត់ទទួលបាននូវអ្វីដែលគេចោទប្រកាន់ដូចអង្គការសង់ត្រាល់នោះទេ។»

ស្រដៀងគ្នានេះ លោក ឌិន សំអាត ប្រធានសហជីពពលកម្មកម្ពុជា នៅរោងចក្រ វីនណាស ក៏បានធ្វើការបដិសេធខ្លឹមសាររបាយការណ៍អង្គការសង់ត្រាល់ផងដែរ ដោយលោកបានលើកឡើងថា របាយការណ៍សង់ត្រាល់ផ្ទុយពីការពិតជាក់ស្តែង នៃស្ថានភាពសហជីពមូលដ្ឋាននៅកម្ពុជា ដែលកំពុងមានភាពល្អប្រសើរ សូម្បីអង្គការ ILO-BFC ក៏ទទួលស្គាល់ភាពល្អប្រសើរនេះដែរ។
លោក ឌិន សំអាត បានសម្តែងក្តីបារម្ភក្រៃលែងចំពោះរបាយការណ៍សង់ត្រាល់ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការងារ កម្មករនិយោជិត។ របាយការណ៍នោះទៀតសោត គឺបង្ហាញពីការរារាំង មិនចង់ឱ្យប្រទេសជាតិទទួលបានអ្នកវិនិយោគថ្មីៗ មិនចង់ឱ្យមានអ្នកបញ្ជាទិញ ក៏ដូចជាមិនចង់ឱ្យមានម្ចាស់ជំនួយមកជួយដល់កម្ពុជា ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


