Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ប្តេជ្ញាបន្តបេសកកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើន

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្តេជ្ញាបន្តបេសកកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន។ ការប្តេជ្ញានេះ ធ្វើឡើងតាមយៈសំណេរនៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម ក្នុងឱកាសគម្រប់ខួបមួយឆ្នាំដែល សម្តេចធិបតី ហ៊ុន ម៉ាណែត កាន់តំណែងជា នាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជា សេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះសមិទ្ធផលធំៗ ជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា សម្រេចបានក្នុងរយៈពេលមួយឆ្នាំដំបូង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ មោះមុត វាងវៃ ស្វាហាប់ ប្រាកដប្រជា ប្រកបដោយថាមពល បុរេសកម្ម មានចក្ខុវិស័យវែងឆ្ងាយ និងមានភាពបត់បែនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយរដ្ឋមន្ត្រី បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងវិធានការគន្លឹះទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច កំពុងត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំទូទាំងប្រទេស ហើយបាន និងកំពុងហុចផលជាវិជ្ជមានសម្រាប់ជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន។ សមិទ្ធផលទាំងអស់នេះ ក៏បានរួមចំណែកលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ៗ ក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំបំផុតពីសំណាក់មន្រ្តីគ្រប់លំដាប់ថ្នាក់ មានមោទនភាព ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងនាមជាសេនាធិការក្នុងការសម្រេចបានសមិទ្ធផលការងារសំខាន់ៗជាច្រើនបន្ថែមទៀត ដែលគាំទ្រដល់ការធានាឱ្យបាននូវប្រក្រតីភាពនៃការគ្រប់គ្រងមន្ត្រី និងស្ថានភាពរដ្ឋបាលរបស់មន្ត្រី ការធានានូវភាពទៀតទាត់ក្នុងការបើកប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងកិច្ចការពាក់ព័ន្ធ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា «សមិទ្ធផលក្នុងឆ្នាំដំបូង ដែលយើងសម្រេចបាន ទាំងនេះ គឺជាមោទនភាព កម្លាំងចិត្ត និងជាសមិទ្ធផល ដែលចេញមកពីការតាំងចិត្តរបស់យើងទាំងអស់គ្នា ក្នុងការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ»។

ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្តេជ្ញាបន្តចូលរួមជាមួយគ្នាដោយមោះមុត ស្មោះស្ម័គ្រឥតងាករេ ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម