ព័ត៌មានជាតិ
តំបន់ទេសចរណ៍ក្បែរព្រំដែន ៤ មិនគួរមើលរំលង បើជ្រុលជាទៅដល់ទឹកដីកែប
បច្ចុប្បន្ន កំពត-កែប កាន់តែមានសក្តានុពលទេសចរណ៍ខ្លាំង សូម្បីតែតំបន់ទេសចរណ៍ក្បែរព្រំដែនកម្ពុជា-វៀតណាម ពិសេស សហគមន៍ទេសចរណ៍ភ្នំទឹកធំ ដែលជាតំបន់ទេសចរណ៍ភ្នំមួយ ស្រដៀងគ្នាទៅនឹងរមណីយដ្ឋានភ្នំកំពង់ត្រាចដែរ និងកំពុងក្លាយជាទីពេញនិយមសម្រាប់ទេសចរជាតិ។ ដោយឡែក តំបន់ទេសចរណ៍ផ្សេងទៀត ដែលនៅក្បែរៗនឹងព្រំដែននេះដែរ រួមមាន ឆ្នេរអង្កោល តំបន់ការពារទេសភាពអន្លង់ព្រីង ដែលនៅក្បែរព្រំដែនគោក និង កោះអាចម៍សេះ ដែលនៅកៀកព្រំដែនទឹក។
ដូចនេះ កម្ពុជាថ្មី សូមលើកយកតំបន់ទេសចរណ៍ ៤កន្លែង ចម្ងាយតែប្រមាណជាជាង ៥-១១គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-វៀតណាម។
១. សហគមន៍ទេសចរណ៍ភ្នំទឹកធំ
ចម្ងាយតែប្រមាណជា ១៨គីឡូម៉ែត្រ ពីផ្សារកំពង់ត្រាច ឬជាង ៥គីឡូម៉ែត្រ ពីច្រកអន្តរជាតិព្រែកចាក ព្រំដែនកម្ពុជា-វៀតណាម សហគមន៍ទេសចរណ៍នេះ កំពុងបង្អួតទេសភាពដ៏ស្រស់ត្រកាលនៅរដូវភ្លៀងធ្លាក់នេះ ជាមួយនឹងរុក្ខជាតិដុះបៃតងខ្ចី ហ៊ុំព័ទ្ធដោយវាលទឹកថ្លាឈ្វេង អមដោយជណ្តើរឈើដ៏វែងក្រឡឹងព័ទ្ធភ្នំ។ មកកាន់ទីនេះ ទេសចរមិនត្រឹមតែអាចគយគន់ទេសភាពប៉ុណ្ណោះទេ នៅអាចជិះទូកកម្សាន្តក្នុងល្អាងភ្នំថែមទៀតផង។


២. តំបន់ការពារទេសភាពអន្លង់ព្រីង
បើចេញពីសហគមន៍ទេសចរណ៍ភ្នំទឹកធំ ទេសចរអាចបន្តដំណើរជាង ៨គីឡូម៉ែត្រទៀត ទៅកាន់តំបន់ការពារទេសភាពអន្លង់ព្រីង ដែលត្រូវបានទទួលស្គាល់ថា ជាតំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី លើផ្ទៃដីប្រមាណ ២១៧ហិកតា ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ តំបន់នេះបានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់ សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាល ឆ្នូតស។ល។ ជាទូទៅ ពួកវាមកដល់តំបន់ដីសើមនេះ ក្នុងអំឡុងខែធ្នូ ដើម្បីរកចំណី ហើយនឹងធ្វើការផ្លាស់ទីទៅកាន់ទីតាំងពងកូនដើម្បីបន្តពូជវិញ នៅដើមខែឧសភា។



៣. កោះអាចម៍សេះ
កោះអាចម៍សេះ ជាដែនកោះអភិរក្សមួយរបស់កម្ពុជា ស្ថិតក្នុងតំបន់គ្រប់គ្រងជលផលនៃប្រជុំកោះពោធិ៍ និងកោះទន្សាយ ចម្ងាយប្រមាណ ១៣គីឡូម៉ែត្រពីក្រុងកែប ហ៊ុំព័ទ្ធដោយព្រៃឈើខៀវស្រងាត់ ទឹកសមុទ្រថ្លាឈ្វេង និងគ្ររួសតូចៗចម្រុះពណ៌គ្នា។ សម្រាប់សកម្មភាពម្សាន្តនៅទីនេះ ទេសចរអាចមុជទឹកមើលជីវៈចម្រុះជាច្រើនប្រភេទ នៅបាតសមុទ្រ ក្រាលគ្របដោយ ផ្កាថ្មដែលមានរូបរាងប្លែកៗ ត្រីចម្រុះពណ៌ ផ្សោតសមុទ្រ ឬសេះសមុទ្រជាដើម។
សម្រាប់ដំណើរកម្សាន្តមកកាន់ទីនេះ ទេសចរត្រូវធ្វើដំណើរដោយទូករបស់ប្រជាពលរដ្ឋ ពីក្រុងកែប ដោយប្រើពេលប្រមាណពី ៤០នាទី ទៅ១ម៉ោង អាស្រ័យទៅតាមអាកាសធាតុ ពិសេសត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅរដូវធ្លាក់ភ្លៀងនេះ។
៤. ឆ្នេរអង្កោល
ឆ្នេរអង្កោល ជាឆ្នេរធម្មជាតិថ្មីមួយលើទឹកដីនៃ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលទើបមានការអភិវឌ្ឍន៍ថ្មីៗនេះ ដោយបានអូសទាញទេសចរជាតិ មកកម្សាន្តច្រើន។ កន្លែងទេសចរណ៍មួយនេះ មានចម្ងាយតែជាង ១២គីឡូម៉ែត្រពីក្រុងកែប និងប្រមាណជា ១១គីឡូម៉ែត្រ ទៅកាន់ច្រកទ្វារអន្តរជាតិព្រែកចាក ព្រំដែនកម្ពុជា-វៀតណាម។


សម្រាប់ការកម្សាន្តនៅតំបន់ឆ្នេរនេះ ទេសចរអាចកុម្ម៉ង់ម្ហូបទទួលទានបាន និងអាចស្វែងរកការសម្រាកនៅផ្ទះលំហែក្បែរនោះ ឬបោះតង់នៅមាត់ឆ្នេរ លំហែកាយ និងអាចចាក់បង្គា ចាក់មឹកបាន ដោយមិនបាច់ឆ្លងទៅតំបន់កោះថែមទៀតផង៕


-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សុខភាព៦ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន