ព័ត៌មានជាតិ
ប.ស.ស ពង្រឹងលក្ខខណ្ឌ និងនីតិវិធីជាមួយមូលដ្ឋានសុខាភិបាលឯកជន ដើម្បីលើកកម្ពស់ការផ្តល់សេវាកាន់តែមានប្រសិទ្ធភាព
ប.ស.ស បានបើកកិច្ចប្រជុំដើម្បីពង្រឹងលក្ខខណ្ឌ បែបបទ និងនីតិវិធីសំខាន់ៗ ជាមួយមូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស សំដៅផ្តល់សេវាជូនសមាជិករបស់ខ្លួនកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់។

នៅក្នុងកិច្ចកិច្ចប្រជុំជាមួយមូលដ្ឋានសុខាភិបាលឯកជន កាលពីរសៀលថ្ងៃទី ២៦ កញ្ញា លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា កិច្ចប្រជុំជាមួយមូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូ ប.ស.ស. សរុបចំនួន ១៥៥ មន្ទីរពេទ្យ ទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយវឌ្ឍនភាពអំពីលក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការចុះកិច្ចព្រមព្រៀង គុណភាព នៃការផ្តល់សេវាសុខាភិបាល និងការត្រួតពិនិត្យ តាមដានការស្នើសុំទូទាត់ថ្លៃសេវាព្យាបាល នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ។
លោកប្រតិភូរាជរដ្ឋាភិបាល បានស្នើដល់ លោក លោកស្រី នៃអង្គប្រជុំ តំណាងឱ្យមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូ សូមជួយផ្ដល់ជាធាតុចូល និងលើកបញ្ហាប្រឈមដែលកើតមានឡើងនៅតាមមូលដ្ឋានសុខាភិបាល ដើម្បីរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាឱ្យការចូលប្រើប្រាស់សេវារបស់សមាជិក ប.ស.ស. នៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ កាន់តែងាយស្រួល ឆាប់រហ័សជាងមុន ជាពិសេសត្រូវឈ្វេងយល់ពីប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលដៃគូទាំងអស់ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ និងតាមដានឯកសារ ហើយទន្ទឹមនេះ មូលដ្ឋានសុខាភិបាលដៃគូ ត្រូវអនុវត្តតាមខ្លឹមសារ នៃកិច្ចព្រមព្រៀងឱ្យបានល្អ ត្រឹមត្រូវ និងមានប្រសិទ្ធភាព។

លោកប្រតិភូរាជរដ្ឋាភិបាល បានបន្ដថា កន្លងមកមូលដ្ឋានសុខាភិបាល ពុំអាចធ្វើការតាមដានការចុះកិច្ចព្រមព្រៀង ឬការទូទាត់ថ្លៃសេវាព្យាបាលរបស់ខ្លួនបានឡើយ។ បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំនេះ តំណាងមូលដ្ឋានសុខាភិបាល នឹងអាចតាមដានឯកសាររបស់ខ្លួនបានតាមរយៈប្រព័ន្ធតាមដានឯកសារ (Tracking System)។
លោកប្រតិភូរាជរដ្ឋាភិបាល បានបន្ដទៀតថា នៅពេលដែលប្រព័ន្ធកាន់តែងាយស្រួល ការទូទាត់កាន់តែឆាប់រហ័ស មូលដ្ឋានសុខាភិបាលក៏ត្រូវពង្រឹងបន្ថែមការផ្ដល់សេវារបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយគុណភាព សំដៅធ្វើយ៉ាងណាឱ្យការផ្ដល់សេវាកាន់តែល្អ ជៀសវាងបង្កឱ្យមានភាពមិនប្រក្រតីណាមួយកើតមានឡើង។

បើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពជាមួយមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ខ្លួនបានចំនួន ១៥៧៣ នៅទូទាំង ២៥ រាជធានី-ខេត្ត សម្រាប់រង់ចាំបម្រើសេវាថែទាំសុខភាព និងព្យាបាលដល់សមាជិកប.ស.ស និងបានដាក់ពង្រាយមន្ត្រី និងបុគ្គលិកសុខាភិបាលសរុបចំនួនជាង ៤៦ ០០០ នាក់ នៅទូទាំងប្រទេស ដើម្បីរង់ចាំបម្រើសេវាកម្មជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងរហ័ស៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


