ព័ត៌មានជាតិ
សម្ដេចតេជោ៖ កម្ពុជា-វៀតណាម គួរពង្រីកការផ្លាស់ប្ដូរប្រជាជន និងប្រជាជន តាមរយៈវិស័យទេសចរណ៍ ជាពិសេសការធ្វើដំណើរតាមផ្លូវគោក
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា យល់ថា កម្ពុជា-វៀតណាម គួរបន្តខិតខំប្រឹងប្រែងពង្រឹងពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជន តាមរយៈវិស័យទេសចរណ៍ ជាពិសេសការធ្វើដំណើរតាមផ្លូវគោក។ សម្ដេចតេជោ ហ៊ុន សែន បង្ហាញការយល់ឃើញដូច្នេះ ក្នុងពេលអនុញ្ញាតឱ្យ លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាដែលចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៥ ខែធ្នូ។

តាមរយៈជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានអះអាង សម្ដេចពិតជាមានសេចក្តីរីករាយដោយបានឃើញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា វៀតណាម ទាំងពីរមានការកើនឡើង ដែលជាកត្តាសត្យានុម័ត។ បើតាមសម្ដេចតេជោ ប្រសិនបើគ្មានមានការគាំទ្រពីទំនាក់ទំនងសេដ្ឋកិច្ចទេ ទំនាក់ទំនយោបាយក៏មិនអាចរឹងមាំដែរ ដូច្នេះទំនាក់ទំនងសេដ្ឋកិច្ចគាំទ្រដល់ទំនាក់ទំនងនយោបាយ។ សម្តេចតេជោបានបន្ថែមថា ក្នុងរយៈពេល៥៧ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងអស់៤៥ឆ្នាំ និង បានប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។

នៅក្នុងជំនួប លោក ហ្វៀន ហ៊ុយតាំង មានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រធាន និងគណបក្សកុម្មុយនីស្តវៀតណាម ដែលមានលោក តូ ឡឹម ជាប្រធាន ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។
លោកទូតវៀតណាមចប់អាណត្តិ បានលើកឡើងថាក្នុងនាមជាជនជាតិវៀតណាមម្នាក់ លោកមានសេចក្តីសោមនស្សរីករាយជាអតិបរមាដែលបានចូលរួមចំណែកផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនូវទំនាក់ទំនងវៀតណាម-កម្ពុជា ក្នុងរយៈពេល ៤៤ឆ្នាំចុងក្រោយនេះ។

លោក បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលប្រជាជនកម្ពុជាសម្រេចបាន ក្រោមព្រះរាជបូជនីយកិច្ច ប្រកបដោយសុភវិនិច្ឆ័យរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនជាស្នូល ដែលបាននាំមកនូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខ ព្រមទាំងបានពង្រឹង និងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានការរីកចម្រើនខ្លាំងក្លា។ លោក ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីការរីកចម្រើននៃការទូតរបស់កម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបើកទូលាយ ដែលបាននំាមកនូវកិត្យានុភាព និងតួនាទីយ៉ាងសំខាន់របស់កម្ពុជាលើឆាកអន្តរជាតិ និងកាន់តែត្រូវបានលើកកម្ពស់ឥតឈប់ឈរ។

លោក ឯកអគ្គរដ្ឋទូត បានបន្តជម្រាបជូន សម្តេចតេជោ ថាលោក មានសេចក្តីសប្បាយរីករាយ ដែលទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល ៥៧ឆ្នាំ គិតចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរហូតមកដល់បច្ចុប្បន្ន មានការរីកចម្រើនយ៉ាងល្អប្រសើរឥតឈប់ឈរលើគ្រប់វិស័យ រួមមាន វិស័យនយោបាយ ការទូត យោធា សន្តិសុខ អប់រំ ស្ថាប័ន ទំនាក់ទំនងសភា អាជ្ញាធរតាមបណ្តាខេត្ត និងការងារការទូតទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍប្រទេសទាំងពីរ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


