ព័ត៌មានជាតិ
មួយខែមុន ព្រឹកឡើងថ្ងៃនេះដំណឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បង្កការភ័យខ្លាចជាថ្មី
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ គឺជាខួបមួយខែ នៃការផ្ទុះឡើងនូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៏សហគមន៍ ២០ កុម្ភៈ។ អ្នកដែលបានឆ្លងនៅក្នុងព្រឹត្តិការណ៍នេះ មានចំនួន១០៦២នាក់ ហើយសរុបអ្នកឆ្លងទាំងអស់នៅកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា មានចំនួន១៥៧៨នាក់ ក្នុងនោះជាសះស្បើយចំនួន៩១៧នាក់, កំពុងសំរាកព្យាបាលចំនួន៦៥៨ នាក់ និងស្លាប់ចំនួន ០៣ នាក់។

ក្រោយពីផ្ទុះឡើងនូវជំងឺដ៏កាចសាហាវមួយនេះភា្លម រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ចំពោះការរីករាលដាលនេះ ដែលក្នុងនោះមានដូចជា ការបិទអគារ ហាងទំនិញ ហាងលកដូរ ក្លឹបកម្សាន្ត ក្លឹបកីឡា រមណីយដ្ឋាន និងតំបន់មួយចំនួន ដែលពាក់ព័ន្ធ ហើយបានឈានដល់បិទសាលារៀន នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ វិធានការមួយទៀត ក្រោយពីមើលឃើញថា ព្រឹត្តិការណ៏នេះចេះតែរីកធំទៅៗ សម្តេចបានស្នើឲ្យអាជ្ញាធររាជធានី ខេត្ត ទាំងអស់ បិទការជួបជុំនានា ជាពិសេសពិធីបុណ្យ អាពាហ៏ពិពាហ៏ ឡើងផ្ទះ ជាដើម ហើយស្ថាប័នរដ្ឋទាំងអស់ ក៏ត្រូវកាត់បន្ថយមនុស្សធ្វើការឲ្យនៅតិចបំផុត ប្រមាណ១០ភាគរយប៉ុណ្ណោះ។
នៅក្នុងសារពិសេស ដែលសម្តេចថ្លែងទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ក្រោយពីផ្ទុះព្រឹត្តិការណ៏សហគនន៏ ២០ កុម្ភៈ ភ្លាមៗ សម្តេចបានចាត់ទុកថា ជាព្រឹត្តិការណ៍អាក្រក់ និងធ្ងន់ធ្ងរ ហើយសម្តេចស្នើសុំការយោគយល់ពី អ្នកធុរកិច្ច និងពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្ត និងទីតាំងផ្សេងៗ ដែលផ្ទុះករណីកូវីដ-១៩នេះ។ ជាមួយគ្នានោះ សម្តេចបានដាក់បញ្ជាឲ្យអាជ្ញាធរត្រូវស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប N8 ដែលជាទីតាំងផ្ទុះឡើងដំបូង និងស្វែងរកអ្នកពាក់ព័ន្ធទាំងអស់មកធ្វើចត្តាឡីស័ក និងបានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លឹប N8 ទាំងអស់ មកពិនិត្យសំណាក។ ចំណែកពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ៣ការពារ និង៣កុំ។

ដើម្បីទប់ទល់បញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសហាមមិនឲ្យប្រជាពលរដ្ឋខ្មែរចេញទៅកាន់ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសឡាវ ជាដាច់ខាត និងបានដាក់បញ្ជាឲ្យកងកម្លាំងនៅតាមព្រំដែនទាំងអស់ បិទច្រកទៅកាន់ប្រទេសទាំងនោះ។
ជាមួយវិធានការខាងលើនេះ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលក៏បានសម្រេចជាគោលការណ៍យល់ព្រមឲ្យអនុវត្តនូវវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំង ដែលមិនសហការនូវវិធានការសុខាភិបាល ដែលក្នុងនោះ ទី១, ចំពោះជនបរទេស ត្រូវបណ្ដេញចេញពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី ទី២, ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ទី៣, ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។
ដោយមើលឃើញការរីករាលដាលចេះតែធំទៅៗ និងដើម្បីត្រៀមទុកជាមុន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានសម្រេចចេញវិធានការជាបន្ទាន់មួយទៀត ពាក់ព័ន្ធសពដែលបានស្លាប់ដោយជំងឺកូវីដ-១៩ ដែលក្នុងនោះ សម្តេចបានសម្រេចយកវិធានការមួយ គឺ “បូជា” ហើយសម្ដេចក៏តម្រូវឲ្យអាជ្ញាធរខេត្តទាំងអស់ រៀបចំទីតាំងប៉ាឆាឲ្យហើយផងដែរ។

អ្វីដែលជាបញ្ហាសំខាន់មួយទៀត សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមឲ្យធ្វើអនុក្រឹត្យ និងជាច្បាប់មួយ ដែលមានឈ្មោះថា ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដើម្បីដាក់ទោស ក៏ដូចជាពិន័យចំពោះអ្នកដែលមិនអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ហើយរហូតមកដល់ពេលនេះ ច្បាប់នេះ ត្រូវបានប្រមុខរដ្ឋស្តីទីបានចុះហត្ថលេខា ប្រកាសឲ្យប្រើ និងចូលជាធរមានរួចហើយកាលពីថថ្ងៃទី១២ ខែមីនា ថ្មីៗនេះ។
ទាក់ទងបញ្ហាវ៉ាកសាំង ដែលជាផ្នែកមួយ នៃការទប់ស្កាត់ការរីករាលនេះដែរ ក្រៅពីទទួលបានជាជំនួយពីបណ្តាប្រទេសផ្សេងៗ សម្តេចក៏បានគៀងគររកមូលនិធិ ដើម្បីត្រៀមទិញវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃទៀតផង ហើយកាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដាក់បទបញ្ជា ឲ្យរៀបចំបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីរៀបចំដំណើរការចាក់វ៉ាក់សាំងឲ្យបានល្អ ក្នុងនោះ មានស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាប្រធាន ហើយបើតាមសម្ដេចតេជោ ហ៊ុន សែន វ៉ាក់សាំង Sinovac នឹងមកដល់កម្ពុជា ជាថ្មីទៀតនៅថ្ងៃទី២៦ ខែមិនា ខាងមុខ ។ សម្តេចស្នើឲ្យគណៈកម្មការចំពោះកិច្ច បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ ដែលមានអាយុ៦០ ឆ្នាំឡើង នៅតំបន់ដែលមានការរាតត្បាតច្រើន ជាពិសេសនៅរាជធានីភ្នំពេញ ដោយតម្រូវឲ្យអាជ្ញាធររៀបចំទីតាំងសម្រាប់ចាក់នៅតាមខណ្ឌនីមួយៗ។

មានសំណួរជាច្រើនតែងតែបានលើកឡើងថា តើព្រឹត្តិការណ៏សហគមន៍ ២០ កុម្ភៈ នេះ នឹងបិទបញ្ចប់នៅពេលណា ? ។ ប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់ហើយថា បញ្ហាដែលអាចឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នេះបាន អាស្រ័យទៅលើការចូលរួមរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


