ព័ត៌មានជាតិ
ក្រសួងការងារ ដាក់ចេញទិសដៅអាទិភាព ៧ ចំណុច សម្រាប់អនុវត្តការងារ នៅឆ្នាំ ២០២៥ ឱ្យមានប្រសិទ្ធភាពខ្ពស់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវទិសដៅការងារអាទិភាពចំនួន ៧ ចំណុច សម្រាប់ការអនុវត្តនៅឆ្នាំ ២០២៥ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ថ្លៃងបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ២៨ កុម្ភៈ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ទិសដៅការងារអាទិភាពចំនួន ៧ ចំណុចរួមមាន ៖ ១.បន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១០ ចំណុច របស់ សម្តេចធិបតី ជាពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនដែលជាគោលដៅ ១,៥ លាននាក់ មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ។ ២.បន្តជំរុញការអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម ដោយបន្តពង្រឹងនិងពង្រីកសេវាការងារសាធារណៈតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារគ្រប់ជ្រុងជ្រោយ ដែលជាមូលដ្ឋានសម្រាប់មគ្គទេសក៍អាជីព។ ៣.បន្តធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយបន្តជំរុញការដាក់ឱ្យអនុវត្តច្រកសិក្សាដែលមានភាពបត់បែន, បន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការអភិវឌ្ឍវិស័យ អ.ប.វ., និងពង្រឹងគុណភាពរបស់គ្រឹះស្ថានបណ្តុះបណ្ដាល។ ៤.បន្តអភិវឌ្ឍន៍លក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយបន្តលើកកម្ពស់អនុលោមភាព, ជំរុញការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ, បង្កើនសមត្ថភាព និងការយល់ដឹងរបស់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក និងថ្នាក់ដឹកនាំសហជីព។ ៥.បន្តពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធតាមដានការធ្វើទេសន្តរប្រវេសន៍ការងារ, ការធ្វើបច្ចុប្បន្នភាពទីភ្នាក់ងារជ្រើសរើសឯកជន, និងការកាត់បន្ថយតម្លៃសេវាជ្រើសរើសនិងបញ្ជូនពលករ។ ៦.បន្តអភិវឌ្ឍន៍របបសន្តិសុខសង្គមស្របតាមការវិវត្ត នៃស្ថានភាពសង្គម-សេដ្ឋកិច្ច ដោយពង្រីក និងពង្រឹងប្រសិទ្ធភាពប្រតិបត្តិការការងាររបស់ ប.ស.ស ដែលអាចបង្កើនភាពពេញចិត្ត និងទំនុកចិត្តចំពោះការប្រើប្រាស់សេវាសន្តិសុខសង្គម និង ៧.បន្តធ្វើទំនើបកម្មស្ថាប័ន និងការផ្ដល់សេវាសាធារណៈ និងសេវាគាំទ្រទូទៅ តាមរយៈការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ , ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយពាក់ព័ន្ធ, និងការធ្វើបរិវត្តិកម្មឌីជីថល សំដៅឆ្លើយតបទៅនឹងសំណូមពររបស់កម្មករ-និយោជិត និងវិស័យឯកជន។

ថ្លែងនៅក្នុងកម្មវិធីបិទសន្និបាតនាឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលតែងយកចិត្តទុកដាក់បំពេញមុខងារជាសេនាធិការដ៏សកម្មរបស់រាជរដ្ឋាភិបាល សម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ឆ្នាំ២០២៤ កន្លងមកនេះ។ ពោលគឺ ចំពោះសមិទ្ធផលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តអនុសាសន៍ទាំង ១០ របស់ សម្តេចធិបតី មានការសម្របសម្រួលដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០២៥ ចំនួន ២០៨ ដុល្លារអាមេរិក, ការពង្រីកនិងបង្កើនចំនួនអ្នកប្រើប្រាស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព រហូតដល់ប្រមាណ ២,៧ លាននាក់ នៅត្រឹមឆ្នាំ ២០២៤ នេះ, ការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ, ការអនុវត្តនូវការជ្រើសរើសពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ប្រចាំឆ្នាំ ២០២៥”, ការសិក្សារៀបចំការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន សម្រាប់កូនរបស់កម្មករ-និយោជិត, ការកែលម្អកន្លែងហូបបាយ ឬ អាហារដ្ឋាននៅតាមរោងចក្រ, ការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករ-និយោជិត និងការជំរុញកម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពទទួលស្គាល់ជំនាញ ដើម្បីផ្តល់ឱកាសដល់កម្មករ-និយោជិតទាំងក្នុង និងក្រៅប្រទេស និងបុគ្គលសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងដើរតួយ៉ាងសំខាន់បំពេញតួនាទីរបស់រដ្ឋ) ក្នុងការជំរុញកំណើនអនុគមន៍ផលិតកម្ម តាមរយៈការជួយជ្រោមជ្រែងវិស័យឯកជនក្នុងការផ្គូផ្គងកម្លាំងពលកម្ម ការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ និងការសម្របសម្រួលស្ថាប័ន ដែលបានចូលរួមបង្កើនផលិតភាព រួមចំណែកដល់ឋាមវន្តភាពនាំចេញ និងស្ថិរភាពកំណើនការងារ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?