Connect with us

ព័ត៌មានជាតិ

ក្រោយប្រព័ន្ធលូមេធំនៅផ្លូវលេខ ១០៥ ដាក់រួចរាល់ ជំនាញផ្ដើមដំណើរការ ចាក់ផ្លូវបេតុងជូនពលរដ្ឋ

បានផុស

នៅ

ប្រព័ន្ធ​លូ​មេ​ធំៗ ស្ថិត​នៅ​លើ​ផ្លូវ ១០៥ ជាប់​ប្រឡាយ​បង្ហូរទឹក​បឹងត្របែក ការដ្ឋាន​បាន​ដាក់​រួចរាល់ នៅ​បន្ត​ចាក់​បេតុង នឹង​ចូលរួម​រំដោះ​ការ​លិចលង់​កម្រិត​ខ្ពស់​ក្នុង​តំបន់​ភូមិសាស្ត្រ​ខណ្ឌ​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ នា​រដូវវស្សា​ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដាក់​ប្រព័ន្ធ​លូ​មេ​ធំៗ នៅ​លើ​ដង​ផ្លូវ​លេខ ១០៥ ទំហំ ៦ ម៉ែត្រ បន្ថែម​លើ​ផ្ទៃ​ប្រឡាយ​ដែល​មាន​ទទឹង ៦ ម៉ែត្រ ដូចគ្នា សរុប​ទាំងអស់ ១២ ម៉ែត្រ ដើម្បី​បង្កើន​ការ​បង្ហូរ​ទឹក​ប្រឡាយ​នេះ​ពី ១២ ម៉ែត្រ​គូប ក្នុង ១ វិនាទី កើន​ដល់ ២៤ ម៉ែត្រ​គូប ក្នុង​វិនាទី ទើប​បង្ហូរ​ទឹក​ហូរ​ទាន់​ពេលវេលា មិន​បង្ក​ជា​ការ​ជន់​លិច ឬ​លិចលង់​ក្នុង​តំបន់​ពាក់ព័ន្ធ រួមមាន​ភូមិសាស្ត្រ​ខណ្ឌ​បឹង​កេងកង , ចំការមន , ៧ មករា និង​ខណ្ឌ​ដូនពេញ ជាដើម។

ប្រជាពលរដ្ឋ​រស់នៅ​ប្រប​សងខាង​ផ្លូវ​កំពុង​មាន​ការ​អភិវឌ្ឍ បាន​សម្តែង​ការ​ពេញចិត្ត និង​ចូលរួម​ជាមួយ​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល។ ថ្វីត្បិត​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ការ​ប្រកប​របរ​រកស៊ី​ទទួល​ទាន​បន្តិចបន្តួច​ក៏​ពិត​មែន ប៉ុន្តែ​ពួកគាត់​រំពឹង​ថា ពេល​ស្ថាបនា​រួចរាល់ ពួកគាត់​នឹង​ទទួល​បាន​សមិទ្ធផល​ថ្មី អាច​ប្រើប្រាស់​បាន​ក្នុង​រយៈពេល​យូរអង្វែង ពិសេស​មិន​ព្រួយបារម្ភ​ខ្ពស់​លើ​ការ​លិចលង់​នៅ​រៀងរាល់​រដូវវស្សា​ទៀត​នោះ​ឡើយ។

គួរ​បញ្ជាក់​ថា ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នៃ​រដ្ឋសភា​នេះ បាន​ដាក់​ចេញ​នូវ​គោល​បំណង​ប្រកប​ដោយ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​សំដៅ​ក្នុង​ការ​ឈាន​បញ្ចប់​បញ្ហា​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ។ ការ​អនុវត្ត​គម្រោង​នេះ បាន​ដំណើរការ​ទៅ​អស់​រយៈពេល​ជាង ៦ ខែ កន្លង​ទៅ​ហើយ ដោយ​ក្រុមការងារ​បាន​សម្រេច​លទ្ធផល​ជាង ៨០ ភាគរយ ហើយ​នឹង​បញ្ចប់​ការដ្ឋាន​ទាំងស្រុង​នៅ​ខែ​ឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។

រាជរដ្ឋាភិបាល តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​គម្រោង​ចំនួន ៥០ គម្រោង សម្រាប់​រយៈពេល ៥ ឆ្នាំ ហើយ​បច្ចុប្បន្ន​គម្រោង​មួយ​ចំនួន​ធំ​បាន​និង​កំពុង​អនុវត្ត​ក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ​ដោយ​ការ​លិចលង់​ជាងគេ រួមមាន ៖ តំបន់​ជុំវិញ​ស្ថានីយ​បូម​ទឹក​លូ​ប្រាំ , តំបន់​ជុំវិញ​ស្ថានីយ​បូម​ទឹក​បឹងទំពន់ និង​តំបន់​ជុំវិញ​ស្ថានីយ​បូម​ទឹក​បឹងត្របែក ជាដើម៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម