ព័ត៌មានជាតិ
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ត្រៀមបង្ហាញឧបករណ៍ទំនើបធ្វើដោយស្នាដៃកូនខ្មែរ៥ប្រភេទ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសលើកទី៨
ភ្នំពេញ ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ត្រៀមដាក់បង្ហាញឧបករណ៍ទំនើប ដែលផលិតដោយស្នាដៃសិស្ស-និស្សិតកូនខ្មែរ យ៉ាងហោចចំនួន ៥ប្រភេទ នៅក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានឱ្យដឹងថា ឧបករណ៍ទំនើបទាំងនោះរួមមាន ម៉ាស៊ីនផលិតទឹកកក រថយន្តអគ្គិសនីសម្រាប់បូមសំរាម ប្រព័ន្ធស្មាតស៊ីធី ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ និងឧបករណ៍សម្ភារៈសម្រាប់ការបណ្តុះបណ្តាលលើជំនាញឯកទេសកម្ម ជាដើម។

និសិ្សត ម៉ោល ចាន់វិភាវីន រៀនបរិញ្ញាបត្របច្ចេកទេសជំនាញបរិក្ខារត្រជាក់ ឆ្នាំទី១ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រាប់ថា គាត់ពិតជាចង់ឱ្យថ្ងៃបង្ហាញស្នាដៃរបស់គាត់ឆាប់មកដល់ ដើម្បីបង្ហាញដល់មហាជន ជាពិសេសសិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ដើម្បីឱ្យពួកគាត់ បានស្វែងយល់បន្ថែមពីជំនាញបរិក្ខារត្រជាក់នេះ។

និស្សិត ភាវីន បាននិយាយថា «សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ និងស្រលាញ់ជំនាញបច្ចេកទេស គួរតែចូលរួម ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ ព្រោះមានស្នាដៃរបស់និស្សិតពីសាលាផ្សេងៗជាច្រើនទៀត ដែលនឹងយកមកដាក់តាំងបង្ហាញឱ្យទស្សនា ព្រមទាំងបានជួបសំណេះសំណាលផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូជំនាញទៀតផង»។

និស្សិត រិន គីអេង រៀនបរិញ្ញាបត្របច្ចេកទេសជំនាញបរិក្ខារត្រជាក់ម្នាក់ទៀត បានលើកឡើងថា ការសិក្សាជំនាញនៅទីនេះបានអភិវឌ្ឍន៍សមត្ថភាពរបស់គាត់ជាច្រើន ព្រោះវិទ្យាស្ថានមានកម្មវិធីសិក្សាសម្បូរបែបដូចជា គោលការណ៍តម្រូវឱ្យនិស្សិតមានការចុះកម្មសិក្សា និងការសិក្សាបែបអនុវត្តច្រើនជាងទ្រឹស្តីជាដើម ដែលជួយឱ្យ រូបគាត់សម្រេចបានសមិទ្ធផលទាំងនេះ។

គីអេង បានប្រាប់ថា «ខ្ញុំពេញចិត្តរាជរដ្ឋាភិបាលក្នុងការរៀបចំឱ្យមាន ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ណាស់ព្រោះនិស្សិតមកពីវិទ្យាស្ថានដទៃទៀត នឹងបានបង្ហាញសមត្ថភាព ស្នាដៃសម្រាប់បងប្អូនយើងទស្សនា»។

ទន្ទឹមគ្នានេះ លោក ពៅ ថានៈ ជាគ្រូបច្ចេកទេសជំនាញបរិក្ខារត្រជាក់ បានរំលេចថា លោកមានមោទនភាពនឹងសិស្សរបស់លោកជាខ្លាំង ដែលបានបន្សល់ទុកនូវសមិទ្ធផល និងស្នាដៃ ជាច្រើនរៀងរាល់ឆ្នាំ។

លោកបញ្ជាក់ថា៖ «ជារៀងរាល់ឆ្នាំវិទ្យាស្ថាន តែងតែយកស្នាដៃរបស់និស្សិតទៅដាក់បង្ហាញ។ ស្នាដៃទាំងនោះមានការវិវត្តកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទៅតាមសម័យកាល នៃបច្ចេកវិទ្យា ដែលធានាថានិស្សិតគ្រប់រូបបានស្រូបយកចំណេះវិជ្ជាទាំងនេះទៅអភិវឌ្ឍខ្លួន និងប្រើប្រាស់ឱ្យសមស្របទៅនឹងទីផ្សារការងារបច្ចុប្បន្ន»៕



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


