Connect with us

ព័ត៌មានជាតិ

តបនឹងបង់ក្លាដេសសុំឱ្យកម្ពុជាគាំទ្រខ្លួនធ្វើជាដៃគូរបស់អាស៊ាន សម្ដេច ហ៊ុន សែន ប្រកាសស្វាគមន៍

បានផុស

នៅ

ឆ្លើយតបទៅនឹងសំណើរបស់ប្រទេសបង់ក្លាដេសសុំឱ្យកម្ពុជាជួយគាំទ្រខ្លួនធ្វើជាដៃគូរបស់អាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍នូវជំហររបស់បង់ក្លាដេស ដែលចង់ក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើសុំការគាំទ្រនេះ គឺបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតបង់ក្លាដេសប្រចាំកម្ពុជា លោក Faiyaz Murshid Kazi ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងក្រោយជំនួប ថា ឯកអគ្គរដ្ឋទូតរបស់បង់ក្លាដេស បានស្នើសុំដល់កម្ពុជាឱ្យជួយគាំទ្របង់ក្លាដេស ក្នុងតួនាទីជាដៃគូរបស់អាស៊ាន ដោយលោក បញ្ជាក់ថា បង់ក្លាដេសចង់ចូលរួមចំណែកធ្វើជាដៃគូក្នុងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយអាស៊ាន តាមដែលបង់ក្លាដេសអាចធ្វើទៅបាន ជាពិសេសនៅក្នុងស្ថានភាពថ្មីៗនេះ គឺបញ្ហានៅមីយ៉ាន់ម៉ា។

ក្នុងន័យនេះ បើតាមការថ្លែងរបស់អ្នកនាំពាក្យព្រឹទ្ធសភា គឺឯកអគ្គរដ្ឋទូតបង់ក្លាដេស អះអាងថា ក្នុងនាមបង់ក្លាដេសជាប្រទេសជិតខាងជាប់ភូមិផងជាមួយមីយ៉ាន់ម៉ា ជាផ្នែកមួយអាចសន្ទនាជាមួយអាស៊ានជួយដល់តំបន់អាស៊ាន។  

ឆ្លើយតបនឹងសំណើសុំនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្វាគមន៍ ហើយសម្ដេចប្រកាសគាំទ្រចំពោះជំហររបស់បង់ក្លាដេស ដែលចង់ធ្វើជាដៃគូរបស់អាស៊ានតាមអន្តរវិស័យ។ សម្ដេចលើកឡើងថា នេះជាផ្នែកមួយជួយដល់បង់ក្លាដេសពង្រីកទំនាក់ទំនងជាមួយអាស៊ាន ទាំងក្នុងក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងក្របខណ្ឌដទៃទៀត ពិសេសបញ្ហាមីយ៉ាន់ម៉ា ក្នុងនាមបង់ក្លាដេស គឺជាប្រទេសដែលស្ថិតនៅភូមិផងរបងជាមួយមីយ៉ាន់ម៉ា ដែលជាផ្នែកសំខាន់ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។  

បន្ថែមពីការស្នើសុំខាងលើ ឯកអគ្គរដ្ឋទូតបង់ក្លាដេស ក៏បានបង្ហាញបំណងចង់ឱ្យមានការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងបង់ក្លាដេសកាន់តែមានការកើនឡើង និងមានភាពសកម្មជាងមុន។ លោកបានលើកឡើងពីទិដ្ឋភាពសក្តានុពលដែលប្រទេសកម្ពុជាមាន ពិសេសភាពរីកចម្រើន និងការអភិវឌ្ឍឆាប់រហ័ស ដោយលោកកត់សម្គាល់ឃើញថា កាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍជឿនលឿនប្លែក។

ចំពោះបំណងនេះ សម្ដេចតេជោ ក៏គាំទ្រផងដែរ សំដៅជំរុញពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរ។ សម្ដេច បន្តថា ស្នូលនៃទំនាក់ទំនងរវាងកម្ពុជានិងបង់ក្លាដេស គឺមិនអាចកាត់ផ្ដាច់បានពីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងការវិនិយោគបាននោះទេ។

សម្ដេចប្រធានព្រឹទ្ធសភា បានផ្ដល់ជាគំនិតឱ្យបង់ក្លាដេសគួរតែគិតគូរក្នុងការចូលជាដៃគូរបស់ RCEP ពីព្រោះថាបច្ចុប្បន្ននេះ RCEP កំពុងតែបើកផ្លូវឱ្យសមាជិកចូលបន្ថែម ហើយបង់ក្លាដេសជាប្រទេសមិនឆ្ងាយពីតំបន់អាស៊ីអាគ្នេយ៍ ដែលនេះជាឱកាស ប្រសិនបើបង់ក្លាដេសអាចចូលជាសមាជិក RCEP បាន។

លោកទូត បានពេញចិត្តចំពោះការផ្ដល់យោបល់របស់សម្ដេចតេជោ ដែលចង់ឱ្យបង់ក្លាដេសចូលជាសមាជិក RCEP ហើយលោកនឹងរាយការណ៍ទៅរដ្ឋាភិបាលរបស់លោក ហើយនឹងពិចារណាចូលជាសមាជិករបស់ RCEPបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម