ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូធំៗ របស់រដ្ឋបាលរាជធានី អាចជួយរំដោះទឹកភ្លៀង ទាន់ពេលវេលា មិនឲ្យជន់លិចនៅតំបន់បឹងទំពុន
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូធំៗ របស់រដ្ឋបាលរាជធានី អាចជួយរំដោះទឹកភ្លៀងបានទាន់ពេលវេលា មិនឲ្យជន់លិចនៅតំបន់បឹងទំពុន ខណៈកន្លងមក នៅរដូវវស្សា ក្នុងតំបន់មួយចំនួនពេលមានភ្លៀងធ្លាក់មកជោកជាំម្ដងៗ តែងតែជន់លិច ប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ និងលិចផ្លូវ ធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ។

ជាក់ស្ដែងនៅត្រង់ចំណុចផ្លូវលេខ ៦៩ បេតេ ក្នុងភូមិត្នោតជ្រុំ ១ សង្កាត់បឹងទំពុនទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានការផ្លាស់ប្ដូរប្រព័ន្ធលូខ្នាតធំរួចរាល់ហើយ និងមានការស្ថាបនាផ្លូវបេតុងបន្ថែមទៀត កម្រាស់ ១ តឹក ជូនប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរផងដែរ។

អ្នកស្រី សុខ សុខា និង លោក ទិត្យ សំណាង ដែលជាប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ បានលើកឡើងដូចគ្នាថា កាលពីមុន ជារៀងរាល់ឆ្នាំ ឲ្យតែមានភ្លៀងធ្លាក់ខ្លាំង គឺតែងមានការជន់លិច មិនអាចបើកបរ ឬធ្វើអាជីវកម្មបានឡើយ ជាពិសេសត្រង់ចំណុចជិតវិហារព្រះយេស៊ូ គឺ ទឹកលិចជ្រៅ ហើយលំហូរទឹកហូរមានការយឺតយ៉ាវ ទម្រាំទឹកស្រកអស់ចំណាយពេលយូរ ដោយសារប្រព័ន្ធលូពីមុនតូច និងចាស់ទ្រុឌទ្រោម។

ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់មានអារម្មណ៍សប្បាយចិត្តនៅពេលឃើញអាជ្ញាធររាជធានីភ្នំពេញ ធ្វើការអភិវឌ្ឍន៍គម្រោងដាក់ប្រព័ន្ធលូធំៗ ដើម្បីរំដោះទឹកជន់លិចនៅរដូវភ្លៀង ហើយក៏សង្ឃឹមថា នៅពេលគម្រោងដាក់ប្រព័ន្ធលូប្រអប់ធំៗ នេះ រួចរាល់ ក្នុងរាជធានីភ្នំពេញ នឹងលែងមានការជន់លិចតទៅទៀត។

ដោយឡែក មន្ត្រីជំនាញដែលកំពុងពិនិត្យទីតាំងការដ្ឋានផ្ទាល់ បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូរបស់រដ្ឋបាលរាជធានីជាប្រភេទលូប្រអប់មានទំហំ ៣ ម៉ែត្រ ៤ ជ្រុង អាចជួយរំដោះទឹកភ្លៀងបានទាន់ពេលវេលា មិនឲ្យមានការជន់លិចនៅតំបន់នោះទេ។

លោកបានបន្ថែមថា សម្រាប់ផ្លូវបេតុងថ្មីនេះ នឹងបើកឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ ខាងមុខនេះ ដោយរង់ចាំឲ្យស៊ីម៉ងត៍ខាំជាប់គ្នាល្អសិន ទើបប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


