Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ គ្រោង​នាំ​ក្រុមហ៊ុនធំៗ​​ទៅ​សម្ភាសន៍​​ការងារ​តាមភូមិស្រុក ក្នុងខេត្តចំនួន៥ ចាប់ពីថ្ងៃទី៦ ខែកក្កដានេះ​ត​ទៅ

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងដឹក​នាំ​ក្រុមហ៊ុនធំៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន ដើម្បីចុះទៅសម្ភាសន៍ជ្រើសរើសកម្លាំងពលកម្មនៅតាមភូមិ ស្រុកក្នុងខេត្តចំនួន៥ ចាប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំគម្រោងរួចរាល់ហើយ ដើម្បីដឹកនាំក្រុមហ៊ុនធំៗដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ដើម្បីចុះជ្រើសរើសកម្លាំងពលកម្មដល់ភូមិស្រុកនៅក្នុងខេត្តចំនួន ៥ ដែលជាជំហានដំបូង។

លោក​បន្តថា គម្រោងនេះនឹងចាប់ផ្ដើមពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ ដោយចាប់ផ្ដើមខេត្តចំនួន៥ ដូចជា ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ តាមរយៈរថយន្តការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អ្នកនាំពាក្យបានបញ្ជាក់ថា «គោលបំណងសំខាន់របស់យើង គឺរំកិលសេវាផ្ដល់ឱកាសការងារជូនពលរដ្ឋដល់មុខផ្ទះតែម្ដង ព្រោះ​នៅ​តំបន់ដាច់ស្រយាលមួយ​ចំនួន​មិន​ទទួល​បាន​ព័ត៌មានគ្រប់ជ្រុងជ្រោយពីការស្វែងរកការងារ ឬបងប្អូនយើងខ្លះថា មិនដឹងទៅរកការងារនៅឯណា? ដូចនេះ ដើម្បីដោះស្រាយចម្ងល់ទាំងនេះ យើងត្រូវតែបើកយុទ្ធនាការនេះឡើងក្នុងការឱកាសផ្ដល់ការងារធ្វើដ៏សំបូរបែបទៅដល់ភូមិ ស្រុករបស់ពួកគាត់តែម្ដង»។

លើសពីនេះ លោក ស៊ុន មេសា លើកឡើងថា កម្លាំងពលកម្មដែល​កំពុង​មាន​តម្រូវការខ្ពស់នាពេលនេះ គឺការងារនៅក្នុងកសិដ្ឋាន រោងចក្រវាយនភ័ណ្ឌកាត់ដេរ ការងារក្នុងវិស័យឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យយានយន្តគ្រប់ប្រភេទ និងវិស័យសំខាន់ៗជាច្រើនទៀតប្រមាណជាង ២៥ម៉ឺនកន្លែង។

គួររំឭកផងដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំទីតាំងសម្រាប់ដាក់ស្ដង់ពិព័រណ៍ (Booths)ការងាររបស់តំបន់សេដ្ឋកិច្ច PPSEZ តំបន់សេដ្ឋកិច្ច Zhejiang សមាគម TAFTAC និងរោងចក្រ Spot Tech នៅតាមច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បីផ្សព្វផ្សាយពីតម្រូវការកម្លាំងពលកម្មជាច្រើនដល់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម