ព័ត៌មានជាតិ
សម្ដេចតេជោព្រមានពីសង្គ្រាមប្រសិនជាថៃហ៊ានធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ
ប្រធានព្រឹទ្ធសភា នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមមួយដែលថៃជាអ្នករុញច្រាន។ សម្ដេចបានលើកឡើងថានៅប៉ុន្មានថ្ងៃនេះថៃចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំដែលសម្ដេចព្រមានថានឹងមានបញ្ហាកើតឡើងប្រសិនជាថៃហ៊ានធ្វើមែន។

ថ្លែងក្នុងពេលសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ប៉ុន្មានថ្ងៃនេះចង់ធ្វើរបងព័ទ្ធតាមាន់ធំ! សាកល៎មើលទៅ! គំរាមវ៉ៃសុទ្ធតែយកបាត់ដំបង សៀមរាប វ៉ៃចូលដល់ភ្នំពេញ។ សូមសាកល៎មើល!។ [..] ខ្ញុំមិនព្រមានធ្វើសង្គ្រាមទេតែយើងរៀបចំនឹងសង្គ្រាមមួយដែលវានឹងមកដល់»។
យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation កាលពីថ្ងៃទី៨ ខែកក្កដា អ្នកនាំពាក្យកងទ័ពភូមិន្ទថៃលោក វីនថៃ ស៊ូវ៉ារី ថាទាហានារង់ចាំការសម្រេចពីរដ្ឋាភិបាលក្នុងការសង់របងព័ទ្ធយកប្រាសាទតាមាន់ឡើងវិញបន្ទាប់ពីត្រូវបានរុះរើចេញកាលពីឆ្នាំ២០១១។

ថ្លែងពីមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី១៤ ខែកក្កដានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងពេលដែលតំបន់ប្រាសាទតាមាន់ធំកំពុងមានបញ្ហាដោះស្រាយមិនទាន់ដាច់ស្រេច តែត្រូវបានថៃប្រកាសជារបស់ខ្លួន ថែមទាំងឈ្លោះជាមួយក្រុមហ៊ុន Google ថែមទៀត។ សម្ដេចបន្ថែមថាករណីនេះមានតែការដោះស្រាយពីតុលាការយុត្តិធម៌អន្តរជាតិមួយប៉ុណ្ណោះ គ្មានអ្នកណាមានសិទ្ធិផ្ដាច់មុខសម្រេចនោះទេ។
សម្ដេចថា៖ «ចំណុច៤នេះយើងដាច់ខាតត្រូវតែរុញទៅ ICJ ដើម្បីរកដំណោះស្រាយព្រោះទ្វេភាគីយើងគិតថាមិនទៅមុខទៀតហើយព្រោះភាគីម្ខាងបានប្រកាសជាផ្លូវការថាជារបស់ខ្លួនរួចទៅហើយអ៊ីចឹងវាគ្មានន័យអីទេ»។
គួររម្លឹកផងដែរថាថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ធ្លាប់គូសបន្ទាត់ក្រហមព្រមានទ័ពថៃផងដែរកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងទិវាមច្ឆជាតិ ក្នុងខេត្តតាកែវ ដោយថាប្រសិនជាថៃហ៊ានបិទប្រាសាទតាមាន់ធំមែនច្បាស់នឹងមានរឿងជាមួយកងទ័ពកម្ពុជា។

ប្រទេសថៃជាប្រទេសចុះហត្ថលេខានឹងដៃ តែលុបវិញនឹងជើង ដោយបានបំពានដល់អនុស្សារណៈរបស់ខ្លួនបានចុះហត្ថលេខាជាមួយកម្ពុជាឆ្នាំ២០០០ ដែលព្រមព្រៀងជាក្នុងការទទួលយកសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ មកដោះស្រាយព្រំដែន តែជាក់ស្ដែងថៃបានយកផែនទីដែលគូសដោយខ្លួនឯងមកប្រើប្រាស់ទៅវិញ។
ជាង១ខែហើយដែលកម្ពុជាមានភាពតានតឹងព្រំដែនជាមួយគ្នាបន្ទាប់ពីថៃបានលួចចូលដីខ្មែរបាញ់សម្លាប់ទាហានខ្មែរម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា និងបង្ករឿងលើព្រំដែនជាបន្តបន្ទាប់រហូតដល់បិទព្រំដែនដោយខ្លួនឯងកាលពីថ្ងៃទី៧ ខែមិថុនា ថែមទៀត ខណៈកម្ពុជាបានឆ្លើយតបទៅវិញជាបន្តបន្ទាប់ទាំងផ្លូវតុលាការអន្តរជាតិ នយោបាយ សេដ្ឋកិច្ច និងយោធា៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


