Connect with us

ព័ត៌មានជាតិ

បិទ​ព្រំដែន​ថៃ ការផ្គត់ផ្គង់ត្រីក្នុងខេត្តបាត់ដំបង មិនខ្វះខាត ​​ពលរដ្ឋ​បង្កើតចំណូលច្រើន​​ជាងមុន

បានផុស

នៅ

បើគិតមកដល់ពេលនេះ ក្រោយថៃ​បាន​បិទ​ខ្ទប់​ព្រំដែន​ដោយ​ឯកតោភាគី បន្ទាប់ពី​​ចូល​ឈ្លានពានប្រាសាទក៏ដូចជាទឹកដីខ្មែរ ការផ្គត់ផ្គង់​ត្រីសាច់​ក្នុង​ខេត្តបាត់ដំបងមិនប្រឈម​ការ​ខ្វះខាតនោះទេ ថែម​ទាំង​ជា​ឱកាស​ដែល​អាច​បង្កើត​​ចំណូល​ដល់​ប្រជានេសាទជាលក្ខណះគ្រួសារ ក៏ដូចជាអ្នកចិញ្ចឹមត្រីតាមលំនៅដ្ឋានបានប្រសើរថែមទៀតផង។

លោក សុខ ខុម ពលរដ្ឋ​រស់នៅ​ក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្ត​បាត់ដំបង​បានឲ្យដឹងថា ក្រោយគ្មានការនាំចូល លោកនិងអ្នកភូមិដែលមានទំនៀមទម្លាប់រកមុខរបរជានេសាទត្រីជាលក្ខណះគ្រួសារបន្តពីឪពុកម្តាយ អាចរកចំណូលបានគួរសមជាង​មុនពីការលក់ដូចជា ត្រីស្រស់ ត្រីក្រៀម ត្រីឆ្អើរ ប្រហុក និង ផ្អក ជាដើម គឺលក់ដាច់ខ្លាំង ហើយតម្លៃក៏បានកើនចន្លោះពី ១០០០ ទៅ ២០០០រៀល ក្នុង ១គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា “ពួកខ្ញុំរកត្រីតាមបែបឧបករណ៍បុរាណ​តាម​លក្ខណះគ្រួសារ ក្នុងនោះមានដូចជា ដាក់ឡើ ដាក់មង រាយសន្ទួច បង់សំំណាញ់​ជាដើម ព្រោះបទល្មើសនេសាទពុំសូវមានដូចមុនៗនោះទេ អីចឹងហើយទើបពួកខ្ញុំអាចរកកម្រៃបាន ជាង​គ្រាកន្លងទៅ ដែលសម្បូរទៅដោយក្រុមបទល្មើសនេសាទ”។

សុខហៃ ពលរដ្ឋ​រស់នៅសង្កាត់រតន: ក្រុងបាត់ដំបង និងជាមន្ត្រីរាជការផងបានឲ្យដឹងថា លោកមានស្រះក្រោយផ្ទះមួយ មានបណ្តោយប្រហែល ១២ ម៉ែត្រ និងទទឹងប្រហែល ៧ ម៉ែត្រ ជម្រៅប្រហែល ២ ម៉ែត្រជាងតិចតួច ហើយលោកតែងទិញកូនត្រីឲ្យឪពុកមើលថែ ព្រោះតែលោកបម្រើ​ការងារនៅឆ្ងាយពីផ្ទះ។

លោកថា “ការចិញ្ចឹមត្រីនៅតាមតង់កៅស៊ូឬកូនស្រះនៅតាមដីលំនៅដ្ឋាន ជាការលើកកម្ពស់ជីវភាពគ្រួសារមួយផ្នែកធំ ពេលដែលចាប់លក់ម្តងៗអាចមានចំណូលគ្រាន់បើ។

យុវជនវ័យ ២៧ ឆ្នាំរូបនេះបន្តថា “ដល់រដូវចាប់លក់នៅពេល​ខាងមុខនេះ ត្រីអណ្តែងខ្ញុំអាចបានច្រើន ហើយស្របពេល​ទីផ្សារ​ក្នុងស្រុកយើងទូលាយផងក្រោយអាចោរសៀមវាបិទព្រំដែន ដែលធ្វើឲ្យទីផ្សារក្នុងស្រុកកាន់តែធំទូលាយ ហើយត្រីខ្ញុំក៏បានតម្លៃកើនជាងមុនផង”។

លោកបានលើកឡើងថា “កុំថាអ្នកចិញ្ចឹមត្រីដូចឪពុកខ្ញុំ សូម្បីតែកសិករដាំបន្លែក៏រកចំណូលបានជាងមុនដែរ ហើយចំពោះបន្លែ និងត្រីសាច់ផ្សេងៗនៅលើទីផ្សារមិនខ្វះនោះទេ។

មន្ត្រីខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង​ លោក ជួង សុភា បានប្រាប់កម្ពុជាថ្មីថា ខេត្តបាត់ដំបងមិនទាន់មានការខ្វះ​ខាតត្រីសម្រាប់ផ្គត់ផ្គង់ក្នុងខេត្តនោះទេ តែលោកទទួលស្គាល់ថា សម្រាប់អាជីវករផលិតណែមនិងសង្វាក់ មានការខ្វះ​ខាតខ្លះៗ។ ប៉ុន្តែលោកថា អាចជំនួសបានតាមរយះប្រជាកសិករចិញ្ចឹមនៅតាមលំនៅដ្ឋានបានឬអាចនាំចូលពីបណ្តាខេត្តផ្សេងៗ ស្របពេលនៅដែនបឹងទន្លេសាបឆ្នាំនេះការចិញ្ចឹមត្រីបានថយចុះ ខណះបទល្មើក៏ត្រូវបានទប់ស្កាត់គួរឲ្យ​កត់​សម្គាល់​។

“សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក បើទោះបីគ្មានការនាំចូល ក៏មិនប្រឈមការខ្វះខាតដែរ សម្រាប់ត្រីនៅក្នុងបឹងទន្លេសាបនៃខេត្តបាត់ដំបង ខណះការបង្ក្រាបបទល្មើសបានស្ទើរទាំងស្រុង ក្នុងរយះពេលមួយឆ្នាំចុងក្រោយនេះ ខណះច្បាប់ថ្មីរបស់ក្រសួងបានចេញរួចហើយ ហើយមន្ទីររង់​ចាំឲ្យតែច្បាប់ថ្មីនេះបានដល់ដៃនឹងចាប់ផ្តើមអនុវត្តន៍ ក្នុងការពង្រឹងនិងទប់ស្កាត់ភ្លាម”។ លោក ជួង សុភា បញ្ជាក់។

លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបង​​បាន​ឲ្យ​ដឹង​ថា “រឿងការផ្គត់ផ្គង់ចំណីអាហារនៅក្នុងខេត្តបាត់ដំបង​ទាំងមូល ក្រោយការបិទព្រំដែន សម្រាប់ ត្រី សាច់ ប្រហុក ផ្អក ជាដើមនោះមិនមានការខ្វះខាតនោះទេ មាន​តែនាំចេញតាមបណ្តាខេត្តផ្សេងៗ នេះបើគិតពីទំហំត្រី។ ប៉ុន្តែលោកថា “ត្រីសាច់បានកើនតម្លៃបន្តិចគឺកើនតម្លៃចន្លោះ​ពី ១០០០ ទៅ ២០០០ រៀល​ប៉ុណ្ណ្ណោះ ក្នុងមួយគីឡូក្រាម ហើយក្នុងនោះបន្លែអីក៏សំម្បូរបែបដែរ”៕

បន្ត​ចុចអាន៖ ដឹងទេ នៅ​ក្រុង​បាត់ដំបង​មាន​ផ្សារ​ទាំំងអស់ប៉ុន្មាន?

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម