Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ប្រកាសបញ្ចូលសមាជិកថ្មីជាង ១ ៤០០នាក់ ចូលទៅក្នុងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ

បានផុស

នៅ

លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូល​ដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចូលរួមពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកថ្មីដែលត្រូវបានរៀបចំពិធីប្រកាសបញ្ចូលនាថ្ងៃនេះមានចំនួន ១ ៤១៦នាក់ មកពីសង្កាត់ចំនួន៧ នៃខណ្ឌពោធិ៍សែនជ័យ មានដូចជា សង្កាត់ត្រពាំងក្រសាំង សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ សង្កាត់ចោមចៅទី៣ សង្កាត់កាកាបទី១ សង្កាត់កាកាបទី២ និងសង្កាត់សំរោងក្រោម។

លោក ហេង សួរ បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសមាជិកថ្មីទាំអស់ ដែលបានសម្រេចចិត្តចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បានជួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។

លោក ហេង សួរ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូន ដែលបានមករួមរស់ជាមួយគ្រួសារគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបងប្អូន និងប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន។

ទន្ទឹមនោះ លោក ហេង សួរ ក៏បានធ្វើការបញ្ជ្រាបការយល់ដឹងអំពីអត្តសញ្ញាណបក្ស និម្មិតសញ្ញា ពេលវេលាដែលបង្កើតបក្ស បុព្វហេតុ ចក្ខុវិស័យ និងកម្មវិធីគោលនយោយបាយរបស់គណបក្សជូនដល់សមាជិកថ្មីផងដែរ។

លោក ហេង សួរ បានបញ្ជាក់ពីអត្ថន័យ នៃការបង្កើតបក្សឱ្យសមាជិកថ្មីបានយល់ជ្រួតជ្រាបយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា បង្កើតឡើងដោយប្រជាជនកម្ពុជា ដើម្បីប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ក្នុងបុព្វហេតុជាតិមាតុភូមិ រួមជាមួយសកម្មភាពបូជនីយកិច្ចរបស់សម្តេចព្រះបរមរតនកោដ្ឋព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដើម្បីទាមទារឯករាជ្យពីបារាំង។

ហេតុនេះគណបក្សប្រជាជនបង្កើតឡើងដើម្បីចូលរួមចំណែកជាមួយកម្លាំងជាតិតែមួយក្នុងការរំដោះប្រទេសជាតិចេញ​ពី​នឹម​អាណានិគមនិយមបារាំង នាំមកនូវសន្តិភាព បូរណភាពទឹកដីសម្រាប់ប្រទេសជាតិ។

លោក ហេង សួរ បានរំលេចពីភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាដែលបានបន្តបេសកកម្មជារៀងរហូតមក រហូតដល់ពេលមួយដែលកម្ពុជាធ្លាក់ចូលក្នុងជ្រោះមរណានៃរបបវាលពិឃាដ ប្រល័យពូជសាសន៍ ប៉ុល ពត គណបក្សប្រជាជនកម្ពុជាក៏បានក្រោកឈរឡើងម្តងទៀត ដើម្បីផ្តួលរំលំរបបនេះដោយទទួលបានមហាជោគជ័យយ៉ាងត្រចះត្រចង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយបន្តមកគណបក្សប្រជាជនកម្ពុជា ក៏បានដឹកនាំកម្ពុជាដោយផ្ទាល់ខ្លួនឯងតែម្តង។

លោករដ្ឋមន្ត្រីក៏បានបញ្ជ្រាបឱ្យសមាជិកថ្មីបានយល់ដឹងអំពីបាវចនាទាំង៦របស់គណបក្សប្រជាជនកម្ពុជាគឺ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដែលសំខាន់បំផុតសម្រាប់គណបក្សព្រោះចក្ខុវិស័យចុងក្រោយបង្អស់គឺធ្វើយ៉ាងណាសម្រេចឱ្យបានតាមបាវចនានេះដើម្បីជាតិ និងប្រជាជន។

ក្នុងការដឹកនាំគ្រប់គ្រងបក្ស អង្គដែលធំជាងគេបំផុតនៅគឺ សមាជទូទាំងប្រទេស។ ជាមួយគ្នានោះ ដើម្បីឱ្យបក្សមាននិរន្តរភាព គឺមានការដឹកនាំដោយគណៈកម្មាធិការកណ្តាល ដែលតំណាងឱ្យរាជធានី ខេត្ត ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងឥស្សរជននយោបាយទាំងតំណាងរាស្ត្រ និងតំណាងព្រឹទ្ធសភាផងដែរ។

គណបក្សប្រជាជនកម្ពុជាបានដឹកនាំដោយសមូហភាព សមូហភាពតាមរយៈការដឹកនាំដោយការជ្រើសរើសតំណាង ក្នុងនោះ១នាក់អាចតំណាងឱ្យសមាជិករាប់រយរាប់ពាន់នាក់ ដែលតំណាងទាំងអស់នេះធ្វើការជាមួយគ្នានៅក្រោមឆ័ត្រគណៈកម្មាធិការកណ្តាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម