Connect with us

ព័ត៌មានជាតិ

សម្តេច​ធិបតី​ ហ៊ុន ​ម៉ាណែត​ ចាប់​អារម្មណ៍​អត្ថ​បទ​ហ្វេស​ប៊ុក ​«មេទ័ព លីពូ»​ ​បកស្រាយ​សាមញ្ញ តែមុតស្រួច

បានផុស

នៅ

សម្តេច​ធិបតី​ ហ៊ុន ​ម៉ាណែត​ នាយករដ្ឋមន្ត្រី​កម្ពុជានៅ​ថ្ងៃ​ទី ០៦ ខែ​កញ្ញា ​ឆ្នាំ ២០២៥ ​បាន​ចាប់​អារម្មណ៍​អត្ថ​បទ​ហ្វេស​​ប៊ុក​ផេករបស់ ​«មេទ័ព លីពូ»​ ​បកស្រាយ​ចម្ងល់​លើ​ការងារ​របស់​ក្រសួងការពារជាតិ ​និង​ការ​ផ្ដល់​ស្បៀង​ដល់​កងទ័ព។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការថា៖ «ជាទូទៅមិនមានសំណេរច្រើនទេដែលខ្ញុំជក់ចិត្តអានពីដើមរហូតចប់។ ក្នុងមួយរយៈនេះ មានសំណេរនៅលើហ្វេសប៊ុកផេកមួយឈ្មោះ «មេទ័ព លីពូ» ដែល​ខ្ញុំបានតាមដាន ព្រោះអត្ថបទជាច្រើនដែលបានសរសេរ គឺមានហេតុផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ផ្ទាល់ខ្លួននៅជួរមុខ»។

សំណេរមិនផ្អែកជ្រុលតាមអារម្មណ៍ផ្ទាល់ខ្លួន ឬទិដ្ឋភាពមួយជ្រុងណានោះទេ ហើយសំណេរភាគច្រើនក៏មិនសរសេរដើម្បីលើកសរសើរអ្នកនេះ ឬវាយប្រហារអ្នកនោះទេ។

សម្ដេចធិបតីបានបន្ថែមថា៖ «អ្វីដែលខ្ញុំចូលចិត្តអានសំណេរនៅលើផេកនេះ គឺអ្នកសរសេរ ធ្វើការបកស្រាយសាមញ្ញៗ (សាបៗ) ខ្លីៗ ងាយយល់ ប៉ុន្តែមុតស្រួច»។

ខ្លឹមសារសំណេរខាងក្រោម៖

ថ្ងៃ​នេះ​ពូចង់បកស្រាយ​ ​មាន​បងប្អូន ​គាត់​នៅ​តែឆ្ងល់​ថា៖ «​ក្រសួងការពារជាតិ​ពេលនេះ​ កំពុង​ធ្វើ​អ្វីខ្លះ? តើ​ស្បៀង​ ពេល​នេះ​គ្រប់​គ្រាន់​ឬនៅ​?»

​សំនួរ​ខ្លះ​គ្រាន់​តែ​ជា​ចម្ងល់​បងប្អូន​ មិនបាច់​បកស្រាយ​ក៏បាន​ដែរ​។ តែ​ពូចង់​ពន្យល់​បែប​សាបៗ​ ស្រួល​​​ស្តាប់ ​ស្រួល​យល់​ ហើយ​បាត់​ឆ្ងល់​!

​ទី១​៖ តើ​ស្បៀង​ ពេល​នេះ​គ្រប់គ្រាន់​ឬនៅ​? ​

​ចំពោះ​បញ្ហាស្បៀង​ពេលនេះ ពូ​អាច​និយាយ​បាន​ថា ​គ្រប់គ្រាន់​ហើយ ​ជំ​នួយ​គួរ​ប្តូរ​ជា​សម្ភារៈ​ចាំបាច់​ជំនួសវិញ ល្អជាង។

ទី២៖ តើក្រសួងការពារជាតិកំពុងធ្វើអ្វី?

​ក្រសួង​កំពុង​ធ្វើការ​កម្រិត​ក្រសួង​ ដែល​ប្រជាជន និង​ទាហាន មិន​គួរ​ដឹង​ ព្រោះ​វា​ជា​ការ​សម្ងាត់​របស់​ជាតិ។ ​បងប្អូន​ឆ្ងល់ថា ម៉េច​មិនដែល​ឃើញ​ដឹក​ស្បៀង​ដើរ​ចែក នេះ​ហើយ​ដែល​ហៅថា «ការសម្ងាត់ » ​បងប្អូន​ដេក​នៅ​តែផ្ទះ ​ម៉េច​ដឹង​ថា​គេ​មិន​ដឹក? បងប្អូន​ទៅ​សួរ ​កូនទាហាន​តាមព្រំដែន​ ពួកគាត់​ម៉េចដឹង? សូម្បីឋានៈមេបញ្ជាការខ្លះ អត់ដឹងស្បៀងគេដឹកពីណាទៅផង។ បងប្អូនត្រូវចាំថា ក្រសួង​ការពារជាតិ មាន​តួនាទីផ្គត់ផ្គង់ស្បៀងទាហានជួរមុខ​ ជួរក្រោយ ពេញមួយ​ប្រទេស​ មិនមែន​មួយ​ទិស ឬមួយភូមិភាគនោះទេ។ ​ហើយរឿងខ្លះក៏គេមិនចំបាច់ទៅដើរពន្យល់ប្រជាជនម្តងម្នាក់ៗដែរ។

បងប្អូនដើរសួរទាហានតាមព្រំដែន បើប៉ះអ្នកសម្បូរស៊ី គេនឹងឆ្លើយថាមានហើយ តែបើសួរ​ប៉ះ​អ្នកអត់ដែលបានជំនួយ គាត់ច្បាស់ជានិយាយថា មិនដែលបានស្អីផង។ រួចហើយ​ចាប់ផ្តើម​ វង្វេង​ហើយ​មិនដឹងមួយណាពិត? មួយណាមិនពិត? ទាហានជួរមុខ រាប់ម៉ឺននាក់​បងប្អូន​គិតថា​ស្បៀង​មួយក្តិតឡាន ដែល​ដឹក​ទៅចែក អាចស៊ី​បានមួយព្រំដែនមែន? តែមួយ​គោល ៣០នាក់ ស៊ីតែ ៣ថ្ងៃអស់បាត់ហើយ…

បងប្អូនមានដែល សួរខ្លួនឯងវិញទេថា៖ «មុនពេលអញយកជំនួយទៅ តើទាហានបានស្អីហូប?» ចម្លើយបែបសាបៗ «គឺការផ្គត់ផ្គង់ទាំងស្រុងរបស់ក្រសួងការពារជាតិ សូម្បីមកដល់ពេលនេះ ស្បៀងរបស់បងប្អូនគឺបានត្រឹម ២៥%/៧៥% ទៀត​នៅតែជាទំនួលខុសត្រូវរបស់ក្រសួងដដែលទេ។» ​ការដែលគេមិនប្រាប់ថា ក្រសួងកំពុងធ្វើអ្វី! ព្រោះបើប្រាប់ ក្អែក ១ ទៅជាក្អែក ១០ អាមិន​ដឹង​រឿងផង នៅវាបកស្រាយចេញ ទម្រាំគេអោយដឹងរឿងទៀត ម្ចាស់ជំនួយឆាតសួរឆ្លើយៗ មានស្អី សម្ងាត់ទៀត។

ទី៣៖ ជួយយ៉ាងម៉េច បានចំគោលដៅ?

ចង់ជួយអោយចំគោលដៅ ត្រូវទៅអោយដល់គោលដៅ ឬ តាមរយៈអ្នកដែលអាចយកអោយចំគោលដៅ។ ជួយតាមលទ្ធភាព ជួយជាក្រុម កុំជួយម្នាក់ៗ ទោះបីតិចតួចក៏ដោយទាហានអត់ច្រណែនគ្នា។

ជាសំណូមពរ ដល់ម្ចាស់ជំនួយ ចង់ជួយផ្ទាល់ ចុះផ្ទាល់ ទៅមើលផ្ទាល់ កុំសួរព័ត៌មានទាហាន អស់អាចម៌ អស់នោមពេក។

ដំបូងសួរ នៅកងពលណា? គ្នាប៉ុន្មាននាក់? ឈរជើងទិសណា? សុំមើលកាតទាហានបន្តិច! មានរូបទីតាំងអត់ ថតវីដេអូមក បើអាច Pin ក៏បាន ព្រោះខ្ញុំខ្លាចចំទាហានបោក។ បងឯងជួយថត វីដេអូ មួយខ្លីបមក ខ្ញុំរកជំនួយជូន…

ចង់ដឹងគាត់ពិត មិនពិត សុំតែឈ្មោះ និងទិសគាត់ឈរជើងបានហើយ សួរមេបញ្ជាការ ហើយហៅគាត់មកទទួលមកចប់ហើយ កុំវែងឆ្ងាយ។ ទាហានគាត់មិនបោកទេ ណាស់តែ​អាអ្នក​សុំជំនួយតើដែលបោក ដូចធ្លាប់ឮ រឿងស៊ីភាគរយ ពួកអាស្លាប់!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម