ព័ត៌មានជាតិ
ជំនួយប្រមាណ ៦ លានដុល្លារ ផ្តល់ដោយប្រទេសជាមិត្តសម្រាប់ស្តារនិងជួយជនភៀសសឹកកម្ពុជា
ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលអូសបន្លាយជាងពីរខែមកនេះ បានបណ្តាលឱ្យទាហានទាំងសងខាងស្លាប់បាត់បង់ជីវិត ដោយសារការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅពេលដែលថៃបើកការវាយប្រហារមកលើកម្ពុជា។ក្នុងអំឡុងពេលជម្លោះរយៈពេល៥ថ្ងៃ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងស្ថាប័នអប់រំ ប្រាសាទ អគារប្រវត្តិសាស្ត្រនិងផ្ទះសម្បែងត្រូវបានខូចខាត។លើសពីនេះ ព្រឹត្តិការណ៍សង្គ្រាមនេះបានបង្ខំឱ្យប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺននាក់ ដែលរស់នៅតាមព្រំដែនកម្ពុជា ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដើម្បីស្វែងរកសុវត្ថិភាព។ ការផ្លាស់ទីលំនៅនេះបានប៉ះពាល់ដល់រាប់ម៉ឺនគ្រួសារ ដែលនាំឱ្យបាត់បង់ការងារ ការរំខានដល់ការអប់រំ និងកង្វះខាតសម្ភារចាំបាច់ដូចជាទឹកស្អាត និងអនាម័យជាដើម។

ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ សហគមន៍អឺរ៉ុប និងប្រទេសជាមិត្ត រួមទាំងប្រទេសជប៉ុន ចិន និងសហរដ្ឋអាមេរិក បានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ ដើម្បីជួយដល់ជនភៀសសឹកដែលងាយរងគ្រោះ ដែលសរុបជាទឹកប្រាក់ប្រមាណ ៦ លានដុល្លារ។
រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី ១៥ សីហា បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអះអាងថា នៅក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌១,៨លានដុល្លារនេះ ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ(យូនីសេហ្វ)។

លោក UENO Atsushi បានបញ្ជាក់ថា៖ «រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថា នឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ»។

ចំណែក សហភាពអឺរ៉ុបផ្ដល់ កាលពីថ្ងៃទី១៩ ខែសីហា បានប្រកាសផ្តល់ជំនួយមនុស្សធម៌បន្ទាន់សរុបជាទឹកប្រាក់ចំនួន ៨១៦,០០០ ដុល្លារអាមេរិក សម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ។ ជំនួយនេះ ផ្តល់អាទិភាពបន្ទាន់នៃជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុបនឹងផ្ដោតលើការឧបត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសម្រាប់រយៈពេល៦ ខែ។

បន្ទាប់មកទៀត សហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចលំដាប់ពិភពលោកទាំងសេដ្ឋកិច្ច និងសព្វាវុធ បានផ្តល់ជំនួយ ៥០ម៉ឺនដុល្លារ ដើម្បីសង្គ្រោះជីវិតស្ត្រី និងកុមារកម្ពុជា រងគ្រោះព្រោះជម្លោះព្រំដែនបង្កឡើងដោយថៃ។ លើសពីជំនួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏បានសម្របសម្រួលឱ្យមានបទឈប់បាញ់ កាលពីថ្ងៃទីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ បទឈប់បាញ់នេះ ជាជំហានដ៏សំខាន់សម្រាប់ឱ្យប្រទេសទាំងពីរចូលតុចរចាដោយសន្តិវិធី ដើម្បីសន្តិសុខក្នុងតំបន់ និងពិភពលោក ជាពិសេសធានាសុខសុវត្ថិភាពប្រជាជនទាំងពីរ។

ចំណែកប្រទេសចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ពិភពលោក បានប្រកាសផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ ២, ៨ លានដុល្លារ បន្ថែមពីលើជំនួយលើកទី១ ដែលស្ថានទូតចិនប្រចាំកម្ពុជា ប្រកាសផ្តល់ជំនួយជំហានដំបូងចំនួន ១០ម៉ឺនដុល្លារ សម្រាប់ដោះស្រាយបញ្ហាបន្ទាន់។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសផ្ដល់ជំនួយជាថវិកាដល់កម្ពុជាដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារបញ្ហាសង្គ្រាមនៅតំបន់ព្រំដែន ហើយកំពុងរស់នៅក្នុងជំរំជនភៀសខ្លួន ពិសេសការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយគ្រាប់ផ្លោងរបស់យោធាថៃ។

ការផ្តល់ជំនួយនេះ បន្ទាប់តំណាងសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋ/រាជទូតនានាប្រចាំនៅកម្ពុជា បានចុះទៅមើលផ្ទាល់ទីតាំងស្នាក់នៅរបស់ជនភៀសសឹកកម្ពុជា ដែលរងការវាយប្រហារឈ្លានពានទឹកដីពីសំណាក់ប្រទេសជិតខាងថៃ។
គួរកត់សម្គាល់ថា ក្រៅពីជំនួយដែលបានប្រកាសជាផ្លូវការ អង្គការក្រៅរដ្ឋាភិបាលនានាក៏បានផ្តល់ជំនួយដល់ជនភៀសសឹក ដូចជាការផ្តល់សម្ភារប្រើប្រាស់ ថ្នាំសង្កូវ សង់បង្គន់អនាម័យ និងបានធ្វើសកម្មភាពជាច្រើនដើម្បីថែទាំផ្លូវចិត្តជនងាយរងគ្រោះ៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


