Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេស÷ ការប្រកាសរបស់ថៃដាក់ទោសប្រហារជីវិតលើពលរដ្ឋខ្មែរនៅអូរបីជាន់ ជាការរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ

បានផុស

នៅ

ក្រសួងការបរទេសកម្ពុជា  គូសបញ្ជាក់ថា ការប្រកាសរបស់ថៃ  ស្តីពីការអនុវត្តច្បាប់ក្នុងស្រុកលើពលរដ្ឋកម្ពុជា ដែលរួមមានការដាក់ទោសទណ្ឌរហូតដល់ដាក់ពន្ធនាគារអស់មួយជីវិត ឬទោសប្រហារជីវិតនៅក្នុងទឹកដីដែលមានជម្លោះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ ក្រសួងការបរទេសកម្ពុជាគូបញ្ជាក់ដូច្នេះតាមរយៈសេចក្តីថ្លែងការណ៍ ចេញនៅថ្ងៃទី២០ ខែកញ្ញា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសចេញសេចក្ដីថ្លែងការណ៍ដូច្នេះ បន្ទាប់ពីកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យនៃយោធភូមិភាគទី១ នៃកងទ័ពភូមិន្ទថៃបានចេញសេចក្តីព្រមានជាសាធារណៈ ស្តីពីការអនុវត្តច្បាប់ក្នុងស្រុករបស់ថៃលើពលរដ្ឋកម្ពុជា ដែលរួមមានការដាក់ទោសទណ្ឌរហូតដល់ដាក់ពន្ធនាគារអស់មួយជីវិត ឬទោសប្រហារជីវិតចំពោះអ្វី ដែលហៅថា “សកម្មភាពប្រឆាំងនឹងអធិបតេយ្យរបស់ប្រទេសថៃ»។ ការប្រកាសប្រើច្បាប់នេះកើតឡើង បន្ទាប់ពីឧប្បត្តិហេតុ កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ ដែលកងកម្លាំងសន្តិសុខថៃបានប្រើឧស្ម័ន បង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ លើប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ដែលថ្មីៗនេះ ប្រទេសថៃ បានប្រើកម្លាំង ដើម្បីអនុវត្តអធិបតេយ្យទឹកដី។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងជាផ្លូវការនូវការតវ៉ា និងការជំទាស់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះចេតនារបស់ប្រទេសថៃក្នុងការអនុវត្តច្បាប់ក្នុង ស្រុករបស់ខ្លួន លើប្រជាពលរដ្ឋកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រសួងការបរទេសកម្ពុជា អះអាងថា ការប្រកាសរបស់ថៃក្នុងការប្រើច្បាប់ក្នុងស្រុកនៅក្នុងទឹកដីដែលមានជម្លោះ បំពានលើ កាតព្វកិច្ចជាមូលដ្ឋាន ក្រោមមាត្រា ២ (៣) និង ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែល តម្រូវឱ្យមានការដោះស្រាយវិវាទដោយសន្តិវិធី និងមិនអនុញ្ញាតឱ្យប្រើកម្លាំងប្រឆាំងនឹងបូរណភាព ទឹកដីរបស់រដ្ឋមួយផ្សេងទៀតឡើយ។ ការអនុវត្តទោសព្រហ្មទណ្ឌធ្ងន់ធ្ងរ រួមទាំងការដាក់ទោស ប្រហារជីវិតលើប្រជាពលរដ្ឋកម្ពុជា ដែលចូលរួមក្នុងការតវ៉ាដោយសន្តិវិធី ក៏ជាការរំលោភយ៉ាង ធ្ងន់ធ្ងរផងដែរ លើសិទ្ធិមនុស្សជាមូលដ្ឋាន ដែលត្រូវបានធានាក្រោមច្បាប់អន្តរជាតិ។ សកម្មភាព បែបនេះ គឺជាការបំពានដោយផ្ទាល់លើសេរីភាពនៃការជួបប្រជុំ និងសមាគម
ដោយសន្តិវិធី ដែលជាបទដ្ឋានស្នូលមួយ ក្រោមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយដែលប្រទេសថៃជារដ្ឋភាគី។ សកម្មភាពរបស់ថៃ ក៏រំលោភបំពានផងដែរ លើធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលតម្រូវឱ្យរដ្ឋជាសមាជិកមិនត្រូវធ្វើសកម្មភាពបង្កហេតុ និងត្រូវដោះស្រាយវិវាទដោយសន្តិវិធី។

ក្រសួងការបរទេសកម្ពុជាចាត់ទុកចេតនារបស់ថៃក្នុងការអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនមកលើពលរដ្ឋកម្ពុជា ដែលតវ៉ាដោយសន្តិវិធី គឺជាការបង្ហាញយ៉ាងច្បាស់ពីការប្រើប្រាស់កម្លាំង ក្នុងការទាមទារយកដែន អធិបតេយ្យលើតំបន់ដែលមិនទាន់បានកំណត់ខណ្ឌសីមា ដោយបំពានលើកាតព្វកិច្ចនៃសន្ធិសញ្ញា និងការប្តេជ្ញាចិត្តរបស់ថៃផ្ទាល់ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលកម្ពុជា ថៃស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែន គោក (MoU 2000) ដែលជាក្របខ័ណ្ឌមូលដ្ឋានសម្រាប់ដោះស្រាយរាល់បញ្ហាព្រំដែន ដែលពុំទាន់ បានដោះស្រាយ។ លើសពីនេះ សកម្មភាពខាងលើបានជ្រៀតជ្រែកដោយផ្ទាល់ដល់អាណត្តិរបស់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ក្នុងការវាស់វែង និងកំណត់ព្រំដែនដូចមានចែងក្នុង ប្រការ២ នៃ MoU 2000 ។

ក្រសួងការបរទេសកម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹង ប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង ដូចដែលបានតាំងចិត្តរួម ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកំណត់ហេតុរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា និងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥។

ជាមួយគ្នា រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេ ក្នុងការ ស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ខណៈរក្សាការប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវ គោលជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំង នោះឡើយ។ កម្ពុជា ក៏សូមរក្សាសិទ្ធិរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ និងមិនចាត់ទុកការប្រើ ប្រាស់ច្បាប់ក្នុងស្រុករបស់ថៃ ថាមានប្រសិទ្ធភាពផ្លូវច្បាប់ ឬប៉ះពាល់ដល់ដំណើរការវាស់វែង និង ខណ្ឌសីមារួមនោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម