Connect with us

ព័ត៌មានជាតិ

ពលករខ្មែររាប់រយនាក់បន្តវិលពីថៃមកកម្ពុជាវិញ ដើម្បីរកឱកាសការងារក្នុងស្រុក

បានផុស

នៅ

ពលករខ្មែររាប់រយនាក់បន្តវិញត្រលប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញជារៀងរាល់ថ្ងៃ ដើម្បីស្វែងរកឱកាសការងារ និងរស់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា បានឱ្យដឹងថា ជារៀងរាល់ថ្ងៃមានពលករខ្មែរដែលត្រលប់ចូលក្នុងប្រទេសកម្ពុជាវិញជាមធ្យមចន្លោះពី ១០០ ទៅ២០០នាក់ ដើម្បីមករកការងារធ្វើ និងមករស់នៅក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា “មកទល់ពេលនេះ យើងឃើញថានៅតែមានការវិលត្រលប់វិញនៃពលករខ្មែរពីប្រទេសថៃ ដើម្បីចូលមករកការងារធ្វើនៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងកាលពីឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅ ក៏ឃើញមានពលករត្រលប់មកវិញជាមធ្យមចន្លោះពី ១០០ ទៅ២០០នាក់ដែរ ជារៀងរាល់ថ្ងៃ ហើយបើតាមការសាកសួររបស់មន្ត្រីនៅតាមព្រំដែន ការត្រលប់មកវិញរបស់ពលករខ្មែរ គឺដើម្បីស្វែករកឱកាសការងារធ្វើនៅក្នុងស្រុក និងដើម្បីរស់នៅអចិន្ត្រៃយ៍ផងដែរ”។

អ្នកនាំពាក្យរូបនេះ បន្ថែមថា ជាមួយការវិលត្រលប់មកវិញរបស់ពលករខ្មែរ មន្ត្រីក្រសួងការងារដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន នៅតែបន្តរង់ចាំទទួលពលករខ្មែរជានិច្ចនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ។

លោក ស៊ុន មេសា លើកឡើងថា “ស្របជាមួយការបន្តវិលត្រឡប់មកស្រុកកំណើតវិញពីសំណាក់ពលករខ្មែរពីប្រទេសថៃ មន្ត្រីក្រសួងការងាររួមមាន ទីភ្នាក់ងារជាតិមុខរបរនិងការងារ ក៏ដូចជាមន្ទីរការងារខេត្ត ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាននៅតែបន្តរង់ចាំទទួលពលករដែលត្រលប់មកវិញនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដដែល ជាមួយនឹងការណែនាំស្តីពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស.”។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះមានពលករខ្មែរប្រមាណជាង ៩៤ម៉ឺននាក់ហើយ ដែលបានវិលត្រលប់មកប្រទេសកម្ពុជាវិញ។ ជាមួយនឹងការត្រលប់មកវិញនេះ អ្នកនាំពាក្យក្រសួងការងារសូមអំពាវនាវឱ្យបងប្អូនអតីតពលករខ្មែរត្រលប់មកពីថៃ ដែលមិនទាន់មានការងារធ្វើ សូមទាក់ទងមកកាន់លេខ១២៩៧ ដែលមន្ត្រីក្រសួងការងាររង់ចាំទទួលទូរសព្ទគ្រប់គ្នា ដើម្បីផ្តល់នូវឱកាសការងារដ៏សម្បូរបែប ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម