Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ណែនាំសិស្សានុសិស្សដែលទើបចប់បាក់ឌុប ពិចារណាមុនពេលសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សា

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង​ជា​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បាន​ណែនាំ​ឱ្យ​សិស្សានុសិស្ស ដែល​ទើប​ប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាលើកត្តាចំនួនបី យ៉ាងតិច មុន​ធ្វើ​ការ​សម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា និង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលទី១ គឺ ឧបនិស្ស័យ ឬដុងពីកំណើតរបស់ក្មួយៗម្នាក់ៗ ទី២ ក្ដីស្រមៃរៀងៗខ្លួន និងទី៣ វិភាគអំពីតម្រូវការទីផ្សារការងារទៅថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ បាន​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​សំណេះសំណាលជាមួយសិស្សានុសិស្សប្រឡង​មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្រុម​ការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម មន្ត្រីការិយាល័យអប់រំស្រុក នាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ សរុបជិត ១ ០០០នាក់ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ។

លោក​រដ្ឋមន្ត្រី បានបន្តមានប្រសាសន៍ថា សម្រាប់ក្មួយៗ ដែលបានប្រឡងជាប់និទ្ទេស A និង B គួរតែសិក្សាលើមុខជំនាញ ដូចជា ពេទ្យ, វិទ្យាសាស្រ្ដកុំព្យូទ័រ, មេកាត្រូនិក, មេកានិករថយន្ត, វិភាគហិរញ្ញវត្ថុ, វិស្វកម្មសំណង់, គីមីសាស្រ្ដ និងម្ហូបអាហារ ក៏ដូចជាគ្រូបង្រៀនជាដើម។

ចំណែកឯក្មួយៗប្រឡងជាប់និទ្ទេស C ដល់ E អាចជ្រើសរើសយកជំនាញសិក្សា ដូចជា ច្បាប់, ទីផ្សារ, គ្រប់គ្រង និងជំនាញសេវាកម្ម ជាពិសេសគឺជំនាញបដិសណ្ឋារកិច្ច។ រីឯក្មួយៗសិស្សានុសិស្សដែលមិនបានប្រឡងជាប់នៅឆ្នាំនេះគួរកុំទាន់អស់សង្ឈឹម ដោយ ឯកឧត្ដមរដ្ឋមន្ត្រី បានណែនាំឱ្យក្មួយៗអាចចូលរៀនថ្នាក់បរិញ្ញាបត្ររង ឬរៀនសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬក៏អាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដែលជាកម្មវិធីសិក្សាស្ថិតក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បាន ក្នុងនោះ​លោក​ធានាផ្ដល់អាហារូបករណ៍ជូន។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា បណ្ដាសាកលវិទ្យាល័យនានា និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានពង្រឹងគុណភាព និងត្រូវបានវិនិយោគលើសម្ភារៈបរិក្ខារដូចគ្នាដែរ។ ដូច្នេះ ក្មួយៗសិស្សានុសិស្ស អាចជ្រើសរើសរៀននៅសាលាមួយណាក៏បាន ដោយ​លោក​កត់​សម្គាល់​ថា សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនីមួយៗ តែងតែមានឧត្ដមភាព និងមុខជំនាញខ្លាំងរៀងៗខ្លួន។

នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា ក៏​បាន​រំលឹក​ដល់​សិស្សានុសិស្សម្នាក់ៗ ក្នុងការធ្វើការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សា នៅថ្នាក់ឧត្ដមសិក្សាតាមចំណង់ចំណូលចិត្ត និងលទ្ធភាពរបស់ក្រុមគ្រួសារ។ ប៉ុន្តែប្រសិនបើមានសិស្សានុសិស្សណា មិនចង់ចំណាយពេលលើការសិក្សារហូតដល់ ៤ឆ្នាំនោះ ដែលត្រូវចំណាយធនធានច្រើន ប្អូនៗអាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) បាន ដែលចំណាយពេលខ្លីត្រឹមតែ៤ ទៅ៦ខែ នោះសិក្ខាកាមអាចមានការងារធ្វើ ឬក៏អាចប្រកបមុខរបរដោយខ្លួនឯងបាន។

បើតាម លោកអភិបាល បានបញ្ជាក់ថា គិតមកដល់ពេលនេះ នៅក្នុងខេត្តកំពង់ចាម មានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានចុះឈ្មោះចូលរៀន TVET 1.5M ជាង ១ ០០០នាក់ និងបានចេញទៅធ្វើការ និងប្រកបមុខរបរមួយចំនួនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម