នយោបាយ
សម្ដេចតេជោ រម្លឹកUNពីគោលបំណងនៃការបង្កើតអង្គការនេះស្របពេលដែលថៃបន្តឈ្លានពានកម្ពុជា
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្ដាញសង្គមរបស់សម្ដេចនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយបានអបអរសាទរខួប៧០ឆ្នាំដែលកម្ពុជាបានក្លាយជាសមាជិកអង្គការសហប្រជាជាតិ និងបានរម្លឹកពីគោលបំណងនៃការបង្កើតស្ថាប័នពិភពលោកនេះក្នុងពេលដែលកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ។

សម្ដេចតេជោបានសរសេរលើហ្វេសបុកផេករបស់សម្ដេចថា៖ «គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក»។
កម្ពុជាបានក្លាយជាសមាជិកសមាជិកអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ ១០ឆ្នាំក្រោយអង្គការពិភពលោកនេះត្រូវបានបង្កើត។ ក្នុងនាមជាសមាជិកកម្ពុជាបានប្រកាន់ខ្ទាប់នូវតួនាទី និងការចូលរួមជាមួយអង្គការនេះជានិច្ច ជាពិសេសគឺការបញ្ជូនកងទ័ពរក្សាសន្ដិភាពក្រោមឆ័ត្រ UN ទៅកាន់ប្រទេសជាច្រើនលើពិភពលោក។

កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ។
ចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជានិងថៃមកស្ថាប័ននានារបស់អង្គការសហប្រជាជាតិហាក់បីដូចជាឆ្លើយតបនៅទាបនៅឡើយដែលធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សន្ដិសុខ សណ្ឋាប់ធ្នាប់ពិភពលោក។
សាស្ត្រាចារ្យជាន់ខ្ពស់ជំនាញទំនាក់ទំនងអន្តរជាតិ និងយុទ្ធសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញលោក ប៉ូ សុរីនដា មើលឃើញថា បច្ចប្បន្នស្ថាប័នអន្តរជាតិរបស់ UN ហាក់បីដូចជាដើរថយក្រោយ ឆ្លើយតបយឺតយ៉ាវចំពោះជម្លោះក្នុងពិភពលោករួមទាំងជម្លោះកម្ពុជានិងថៃផងដែរ។ លោកជំរុញដល់រដ្ឋាភិបាលមានវិធានបន្ថែមទៀតដាស់ឱ្យស្ថាប័ន UN ពង្រឹងនូវគោលគំនិតរបស់ខ្លួនឡើងវិញ។

លោកថា៖ «អង្គការអន្តរជាតិនេះដើរតួនាទីសំខាន់ណាស់នៅក្នុងការរៀបចំសណ្ឋាប់ធ្នាប់អន្តរជាតិល្អមានរបៀបរៀបរយដែលប្រទេសទាំងអស់នៅទូទាំងពិភពលោកបានប្រយោជន៍មានសន្តិសុខ សន្ដិភាព មានការរីកចម្រើនសេដ្ឋកិច្ច។ ប៉ុន្ដែឥឡូវនេះស្ថាប័នអន្តរជាតិទាំងអស់ហ្នឹងហាក់បីដូចជាដើរថយក្រោយ ហាក់ដូចជាមិនមានភាពវៀងវៃក្នុងការចូលរួមជាមួយជម្លោះបែបនេះ។ អ៉ីចឹងពួកគាត់ទាំងអស់គ្នាត្រូវតែចូលរួមឱ្យបានស្វាហាប់ជាងមុនបន្តិច ហើយកម្ពុជាយើងត្រូវប្រាប់ពួកគាត់ឱ្យដឹង»។
ប្រទេសថៃបើកការបាញ់ប្រហារលើកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ដោយប្រើប្រាស់អាវុធធុនធ្ងន់ និងយន្តហោះទម្លាក់គ្រាប់បែកមកលើកម្ពុជាបំពានលើកិច្ចព្រមព្រៀងសន្ដិភាពជាមួយកម្ពុជា។ ទោះបីជាមានការសម្របសម្រួលពីប្រធានាធិបតីអាមេរិកដើម្បីបញ្ចប់សង្គ្រាមនេះក្ដី ក៏ថៃនៅតែបន្តសង្គ្រាមកាន់តែខ្លាំងឡើងលើកម្ពុជាថែមទៀតរហូតមកដល់ថ្ងៃទី១៤ ខែធ្នូនេះ។ អំពើឈ្លានពាននេះបានសម្លាប់ពលរដ្ឋខ្មែរចំនួន១១នាក់ និងរងរបួសមនុស្សចំនួន៧៦នាក់ ខណៈរាប់ម៉ឺននាក់ផ្សេងទៀតត្រូវភៀសខ្លួនទៅកាន់ទីតាំងសុវត្ដិភាព។
នាយករដ្ឋមន្ត្រីចាំផ្ទះថៃ អនុទីន បានសរសរលើហ្វេសបុករបស់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែធ្នូថា ថៃនឹងបន្តសកម្មភាពយោធាលើកម្ពុជារហូតដល់ពេលដែលមានអារម្មណ៍ថាគ្មានការគំរាមកំហែងទឹកដី និងប្រជាជនថៃ។ បន្ថែមលើនេះសារព័ត៌មានថៃក៏បានដកស្រង់សំដីរបស់នាយករដ្ឋមន្ត្រីនេះមកចុះផ្សាយផងដែរថា «ពេលនេះថៃមិនត្រូវការស្ដាប់អ្នកណាទាំងអស់ទៀតហើយ»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


