Connect with us

ព័ត៌មានជាតិ

ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន គាំទ្ររាជរដ្ឋាភិបាលកម្ពុជាពេញទំហឹង ដែលប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់ប​ង្ខំ ក្រោមច្បាប់សមុទ្ររបស់UN ដើម្បីដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយថៃលុបចោល MOU 2001 ជាឯកតោភាគីនៅថ្ងៃទី៥ ខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃទី៦ ខែឧសភា នេះ ស្នើរាជរដ្ឋាភិបាល កុំបង្កើតយន្តការទ្វេភាគីថ្មីទៀតជាមួយថៃ ដើម្បីជំនួសយន្តការ MoU 2001 ដែលថៃលុបឯកតោភាគីឡើយ ពោលកម្ពុជាត្រូវដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយបញ្ហា ដោយមានភាគីទី៣ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងកាលពីល្ងាចថ្ងៃទី៥ ខែឧសភា។


សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ៗទៅកាន់ភាគីថៃដូច្នេះ​ថា៖«កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬអន្តរជាតិចូលរួម និងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។ សង្ឃឹមថា កម្ពុជានិងថៃនិងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ។ »។


ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចរចា ដោះស្រាយបញ្ហាវិវាទសមុទ្រជាមួយថៃ តាំងពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 សម្ដេច ហ៊ុន សែន អះអាងថា សម្ដេចពិតជាសោកស្តាយចំពោះការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល«គ្មានវឌ្ឍនភាព»។

ចំពោះហេតុគ្មានវឌ្ឍនភាពនេះ សម្ដេច ហ៊ុន សែន ពន្យល់ថា  ភាគីថៃខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ ព្រោះថាហេតុផលមួយដែលអាចនាំឱ្យ ការចរចាបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នាតាមរយៈអនុស្សរណៈឆ្នាំ២០០១ គ្មានវឌ្ឍនភាព គឺដោយសារថៃដូរនាយករដ្ឋមន្ត្រីច្រើនពេកចាប់តាំងពីការធ្វើរដ្ឋប្រហារទម្លាក់ ថាក់ស៊ីនមក ពោលគឺថៃដូរជានាយករដ្ឋមន្ត្រីប្រមាណ១០រូប ទាំងដែលកម្ពុជាទើបប្ដូរនាយករដ្ឋមន្ត្រីម្ដងគត់គឺប្ដូរពីសម្ដេច មកសម្ដេច ហ៊ុន ម៉ាណែត ហើយទោះកម្ពុជាប្ដូរនាយករដ្ឋមន្ត្រី ក៏កម្ពុជាមិនប្ដូរយន្តការ និងខ្លឹមសារចរចាជាមួយថៃឡើយ។

អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេ​ចតេជោ ហ៊ុន​សែន បញ្ជាក់បន្ថែមថា៖«ទោះបីថៃមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំថៃទាំងនោះនៅតែបង្ហាញការបន្តចរចា សូម្បីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូនឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយខ្ញុំនៅផ្ទះតាខ្មៅ នាឆ្នាំ២០១០។»។

បន្ទាប់ពីថៃលុបចោលអនុស្សរណៈ នៃការយោគយល់គ្នារវាងកម្ពុជា ថៃឆ្នាំ២០០១ ជាឯកតោភាគី រាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ(UNCLOS)។ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ការសម្រេចចិត្តប្រើយន្តការនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់កម្ពុជា ដែលប្រទេសកម្ពុជា-ថៃ អាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជនរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម