លោក ពេជ្រ ស្រស់ សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សយុវជនកម្ពុជា នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២នេះ បានចេញលិខិតចំហជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិភាគមួយចំនួន អំពីភារកិច្ចរបស់ប្រតិភូគណបក្សនយោបាយ ក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនលោក ពេជ្រ ស្រស់ បានលើកឡើងថា ជារឿយៗ លោកតែងតែឃើញអ្នកវិភាគមួយចំនួន តែងតែវិភាគដាក់បន្ទុក លើយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងន័យអវិជ្ជមាន ដែលជាហេតុនាំឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួន យល់ខុសតាមការវិភាគទាំងនោះ។ ក្នុងន័យនេះលោក ពេជ្រ ស្រស់ ក្នុងនាមសមាជិកយន្តការ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយរូប បានគូសបញ្ជាក់ជូនទៅអ្នកវិភាគមួយចំនួនថា យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មិនមែនជាស្ថាប័នកាត់ក្តី ឬជាស្ថាប័នដោះស្រាយវិវាទឡើយ។
លោកថា យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ធ្វើសកម្មភាពត្រឹមតែសិក្សាស្រាវជ្រាវបញ្ហានានា ដើម្បីដាក់ជូនរដ្ឋាភិបាលពិនិត្យ និងស្វែងរកដំណោះស្រាយតែប៉ុណ្ណោះ ហើយសិទ្ធិប្រតិភូបក្សនយោបាយនីមួយៗ គឺមានឯករាជ្យភាពរាងៗខ្លួន ក្នុងការចុះធ្វើសកម្មភាពណាមួយ ដោយមិនពាក់ព័ន្ធ នឹងប្រតិភូបគណបក្សនយោបាយផ្សេងៗ ទៀតនោះទេ។
ដូច្នេះរាល់ការវិភាគដាក់បន្ទុកនានា របស់អ្នកវិភាគមួយចំនួន ក្នុងន័យអវិជ្ជមាន គឺជាការវិភាគបែបខ្វះការយល់ដឹង ពីយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាហេតុបង្ក ឲ្យមានការភ័ន្ដច្រឡំពីប្រជាពលរដ្ឋ។ យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏មានសិទ្ធិតាមដាន ការអនុវត្តច្បាប់ នៅគ្រប់ជាន់ថ្នាក់នៃរដ្ឋាភិបាលកម្ពុជាដែរ ក៏ប៉ុន្តែគ្មានសិទ្ធិលូកដៃកាត់សេចក្តី នោះឡើយ។
សមាជិកពីឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់រូបនេះ បានបញ្ជាក់បន្ថែមថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានរបៀបធ្វើការងាររបស់ខ្លួន បើពាក់ពន្ធ័នឹងជម្លោះពលរដ្ឋ គឺតម្រូវឲ្យពលរដ្ឋ ឬក៏តំណាងពលរដ្ឋដាក់លិខិត ស្នើសុំមកប្រតិភូណាមួយ ដើម្បីស្នើឲ្យចុះសិក្សាពីបញ្ហានោះ ដើម្បីឲ្យប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ងាយស្រាវជ្រាវ រកដើមចមនៃប្រភពបញ្ហាដែលពលរដ្ឋនោះ ជួបប្រទះ។
ប៉ុន្តែបើពាក់ពន្ធ័ នឹងបទល្មើសកេងចំណេញ ឬបំផ្លាញទ្រព្យសម្បត្តិជាតិ ដែលជាបទល្មើសជាក់ស្តែង គឺប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិចុះសិក្សារកតម្រុយ ដាក់ជូនរដ្ឋាភិបាលដោះស្រាយ និងទប់ស្កាត់។
ជាចុងក្រោយលោក ពេជ្រ ស្រស់ បានស្នើឲ្យអ្នកវិភាគ និងអ្នកតាមដានបទវិភាគនានា ព្រមទាំងអ្នកលេងបណ្តាញសង្គម ត្រូវសិក្សាឲ្យបានច្បាស់ពីសិទ្ធិ និងភារកិច្ចរបស់ប្រតិភូ ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងយន្តការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឲ្យបានច្បាស់ជាមុនសិនចាំធ្វើការវិភាគ និងវិនិឆ្ឆ័យតាមក្រោយ ជៀងវាងបាច ឈាមលើអ្នកដទៃ ក្រោយមកចោទគេជាឃាតករ៕
អត្ថបទ៖ ឃួន សុភ័ក្រ