នយោបាយ
លោក ខៀវ សុភ័គ ៖ រឿងប្តឹងតំណាង “គណបក្សបេះដូងជាតិ” ជារឿងព្រហ្មទណ្ឌ
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ឲ្យចូលទៅកាន់តុលាការនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២ខាងមុខ ដើម្បីសាកសួរពាក់ព័ន្ធ នឹងដំណើររឿងក្លែងបន្លំស្នាមមេដៃ យកទៅស្នើសុំបង្កើតគណបក្ស។ ប៉ុន្តែថ្មីៗនេះលោក សៀម ភ្លុក បែរជានិយាយទៅកាន់អ្នកសារព័ត៌មានថា ការប្តឹងនេះ ជារឿងហេតុផលនយោបាយ។
ទាក់ទងការលើកឡើងនេះ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៤ ខែមីនានេះថា ដំណើររឿងនេះ គឺលោក សៀម ភ្លុក ជាអ្នកប្តឹងមុនទៅតុលាការកំពូល ហើយក្រសួងមហាផ្ទៃ គ្រាន់តែធ្វើតាមក្រោយប៉ុណ្ណោះ។ លោកថា ករណីនេះ ជាករណីក្លែងស្នាមមេដៃ ហើយជាករណីព្រហ្មទណ្ឌ គ្មានហេតុផលនយោបាយទេ។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «បើតាមខ្ញុំចាំរឿងហ្នឹង មូលហេតុមកពីគាត់ទេ គាត់ថាគាត់នឹងប្ដឹង មូលហេតុនៃការប្ដឹង គឺគាត់។ ដូច្នេះគាត់ទេ ដែលជាអ្នកមានហេតុផលនយោបាយច្រើនជាង។ ក្រសួងមហាផ្ទៃមិនមានអីទេ ប្រសិនបើចប់ក៏ចប់ទៅ ប៉ុន្តែគាត់ទេ ជាអ្នកនាំអាទិ៍ប្តឹង»។
លោកធ្លាប់បានប្រាប់អ្នកព័ត៌មានដែរថា «បើប្ដឹងក៏ប្ដឹងចុះ នេះជាសិទ្ធិរបស់គាត់ ប៉ុន្តែប្រយ័ត្នក្រសួងមហាផ្ទៃប្ដឹងវិញ អាហ្នឹងកុំរត់ចោលស្រុក ដំណើររឿងគឺវាអីចឹង។ គាត់ទេជាអ្នកនាំអាទិ៍ប្តឹង ដូច្នេះរឿងហេតុផលនយោបាយគាត់ថា ឲ្យខ្លួនឯងទេ។ យើងគ្រាន់តែធ្វើអ្វីតាមគាត់ គាត់បានប្ដឹងយើង គឺយើងប្ដឹងតបវិញ ពីព្រោះគាត់បានប្ដឹងទៅតុលាការកំពូល»។
បើតាមលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ តាមពិតរឿងនេះ ក្រសួងមហាផ្ទៃមិនមែនជាអ្នកប្ដឹងទេ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាអ្នកធ្វើការលើករណីស្នាមមេដៃនេះ ហើយពេលឃើញខុស ក៏ដាក់ពាក្យរាយការណ៍ទៅព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាដើរតួជាដើមបណ្ដឹង។ ដូច្នេះនេះជាបណ្ដឹងព្រហ្មទណ្ឌ ជាបទល្មើសព្រហ្មទណ្ឌ។
គួររំលឹកថា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ឲ្យចូលតុលាការនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩ ព្រឹក ដើម្បីសាកសួរពាក់ព័ន្ធ នឹងដំណើររឿងក្លែងបន្លំស្នាមមេដៃ យកទៅស្នើសុំបង្កើតគណបក្ស ហើយដីកានេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅបិទជាសាធារណៈនៅសាលាសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញផងដែរ។
លោក សៀម ភ្លុក ត្រូវបានក្រសួងមហាផ្ទៃរកឃើញ និងចោទប្រកាន់ថា បានក្លែងបន្លំស្នាមមេដៃសមាជិក ដើម្បីយកទៅដាក់ស្នើសុំចុះបញ្ជី គណបក្សបេះដូងជាតិ នៅក្រសួងមហាផ្ទៃ។ ប្រឈមនឹងបញ្ហានេះ ក្រសួងមហាផ្ទៃបា នសម្រេចបដិសេធចុះបញ្ជី ឲ្យគណបក្សបេះដូងជាតិ ដោយសារផ្ទុយនឹងច្បាប់ស្តីពី គណបក្សនយោបាយ។
ភ្លាមៗ លោក សៀម ភ្លុក មិនសុខចិត្ត ក៏ប្តឹងទៅតុលាការកំពូល ប្រឆាំងនឹងការសម្រេចមិនចុះបញ្ជី។ ប៉ុន្តែតុលាការកំពូល បានសម្រេចតម្កល់ទុកនូវសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃដដែល ហើយនៅថ្ងៃទី ២ ខែមីនាកន្លងទៅថ្មីៗនេះ ក្រសួងមហាផ្ទៃ ក៏បានប្រកាសលុបឈ្មោះ “គណបក្សបេះដូងជាតិ” ចេញពីបញ្ជីគណបក្សនយោបាយ តែម្តង៕
អត្ថបទ៖ កោះកែវ


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


