Connect with us

នយោបាយ

ខួប៦៥ឆ្នាំ៖ កម្ពុជា-ចិន ដើរដល់ការកសាង សហគមន៍​រួមវាសនាតែមួយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ

បានផុស

នៅ

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងស្របពេលដែលកម្ពុជា និងចិន បានកំណត់យកឆ្នាំ២០២៣ ជាឆ្នាំមិត្តភាពកម្ពុជា-ចិន និងជាខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងនៃប្រទេសទាំងពីរ។ ទំនាក់ទំនងរយៈពេល៦៥ឆ្នាំ កម្ពុជា-ចិន ដែលជាមិត្តដែកថែបបានកំពុង ឈានដល់កម្រិតនៃការកសាងសហគមន៍រួមជោគវាសនាតែមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ហើយបានពូនជ្រុំ និងថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយព្រះករុណា ព្រះមហាវីរក្សត្រ នរោត្ដម សីហនុ និងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់។ ចំណងមិត្ដភាពជាប្រពៃណី និងយូរអង្វែងរវាងកម្ពុជា និងចិន ត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ប្រសិដ្ឋនាមជា «មិត្តដែកថែប»។ យុគសម័យថ្មីនេះ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេសសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន លោក ស៊ី ជីងពីង គឺទំនាក់ទំនងមិត្តដែកថែប បាន និងបន្តរីកចម្រើនជាបន្តបន្ទាប់ ដោយភាគីទាំងពីរ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាំងពីឆ្នាំ២០១០ ហើយក៏កំពុងបានសម្រេចវឌ្ឍនភាពជាផ្លែផ្កាក្នុងការកសាងសហគមន៍រួមជោគ វាសនាតែមួយកម្ពុជា-ចិន។

ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន បាន និងកំពុងជួយគាំទ្រគ្នាទៅវិញទៅមកស្ទើរតែលើគ្រប់វិស័យទាំងអស់ ជាអាទិ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងការទូត ជាដើម។ ទន្ទឹមនេះ តាមរយៈជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជីងពីង កាលដើមខែកុម្ភ កន្លងទៅនេះ គឺមេដឹកនាំកំពូលទាំងពីរ បានប្តេជ្ញាបន្តពង្រឹងស្មារតីនៃការកសាងសហគមន៍រួមជោគវាសនាតែមួយកម្ពុជា-ចិន ដោយបានឈានទៅដាក់ចេញកិច្ចសហប្រតិបត្តិការថ្មីមួយទៀត ដែលហៅថា«កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។

ក្រោមកិច្ចសហប្រតិបត្តិការ«ត្បូងពេជ្រ»នេះ កម្ពុជា-ចិន បានឯកភាពគ្នាអភិវឌ្ឍន៍ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដោយ ផ្តោតសំខាន់លើវិស័យអាទិភាពចំនួន៥ រួមមាន៖

១) វិស័យនយោបាយ៖ ភាគីទាំងពីរ នឹងប្រើប្រាស់តួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា និង ចិនឲ្យបានពេញលេញក្នុងការពង្រឹងការផ្លាស់ប្តូរអន្តរភាគីគ្រប់កម្រិតទាំងក្នុងក្របខណ្ឌរដ្ឋ បក្ស និងយុវជន ដើម្បីសំដៅបន្តកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយឲ្យកាន់តែរឹងមាំថែមទៀតនោះ ភាគីចិនបានប្រកាសជំហរនយោបាយជាមួយកម្ពុជាចំនួន៤ចំណុច រួមមាន ១.ការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជាស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ២.កិច្ចខិតខំរបស់កម្ពុជាក្នុងការការពារអធិបតេយ្យ សន្តិសុខ ស្ថេរភាព និងផលប្រយោជន៍ការអភិវឌ្ឍនានា ៣.ការអភិវឌ្ឍជាបន្តបន្ទាប់តាមរបៀបវារៈនយោបាយកម្ពុជា និង៤.ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ជាការឆ្លើយតប ភាគីកម្ពុជា ក៏បានប្រកាសប្រកាន់យកនយោបាយចិនតែមួយ ការប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងប្រកាសគាំទ្រចិនក្នុងគោលដៅការពារផលប្រយោជន៍ស្នូលព្រមទាំងការបង្រួបបង្រួមជាតិ។

២) វិស័យសមត្ថភាពផលិតកម្ម៖ ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងការបន្ស៉ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្រ្តចតុកោណ។ ក្នុងនោះ ជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយជាគំរូតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន បណ្តាញអគ្គិសនី ខ្សែកាប្លិ៍អុបទិក ឃ្លាំងស្តុក និងភស្តុភារកម្ម ហើយចិន នឹងគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍគម្រោងផ្លូវដែក។

៣) វិស័យកសិកម្ម៖ កម្ពុជា-ចិន នឹងសិក្សាបង្កើតឲ្យមានច្រករបៀងមច្ឆា និងអង្ករ រួមទាំងអភិវឌ្ឍន៍កសិកម្មអេកូឡូស៊ីទំនើបនៅតំបន់បឹងទន្លេសាប។ ក្នុងនោះ នឹងពន្លឿនផែនការអភិវឌ្ឍន៍កសិកម្មទំនើប ការស្វែងរកកិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និងគាំទ្រការធ្វើទំនើបកម្មវារីវប្បកម្ម ចម្ការត្រូពិក និងវិស័យសក្តានុពលផ្សេងទៀត។

៤) វិស័យថាមពល៖ ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើថាមពលវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងប្រភពថាមពលស្អាតដទៃទៀត ព្រមទាំងស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពលបៃតងដែលអាចពឹងផ្អែកបាន។

៥) វិស័យសន្តិសុខ៖ ពាក់ព័ន្ធលើវិស័យសន្តិសុខ គឺកម្ពុជា-ចិន បានឯកភាពបង្កើនទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ ដោយចាប់យកសក្តានុពលនៃយន្តការកិច្ចសហប្រតិបត្តិការយោធា តាមរយៈការពង្រឹងការផ្លាស់ប្តូរកងកម្លាំងសមភាគី និងសមយុទ្ធ ក៏ដូចជាការហ្វឹកហ្វឺនរួមគ្នា។ កម្ពុជា-ចិន នឹងបន្តសហប្រតិបត្តិការកសាងសមត្ថភាព ការបណ្ដុះបណ្ដាល និងការផ្ដល់ជំនួយសម្ភារបរិក្ខារបច្ចេកទេសយោធា ជាដើម។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានឯកភាពបន្តកិច្ច សហប្រតិបត្តិការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទៅវិញទៅមករវាងមន្ត្រីអនុវត្តច្បាប់ ដោយផ្អោតលើការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ល្បែងស៊ីសងឆ្លងដែនខុសច្បាប់ អំពើជួយដូរមនុស្ស ការប្រឆាំងអំពើភេរវកម្ម ជាពិសេសការទប់ស្កាត់បដិវត្តន៍ពណ៌។

និយាយជារួម រយៈពេល៦៥ឆ្នាំនៃចំណងមិត្តភាពកម្ពុជា-ចិន បានផ្តល់នូវកាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរជាច្រើន ដោយបានជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ហើយបានឈានឡើងពីកិច្ចសហប្រតិបត្តិការមួយទៅកិច្ចសហប្រតិបត្តិការមួយទៀតជាបន្តបន្ទាប់ រហូតឈានដល់ការកសាងសហគមន៍រួមវាសនាតែមួយកម្ពុជា-ចិន ដើម្បីសំដៅធានា ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រជាជាតិនៃប្រទេសទាំងពីរ។

លើសពីនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ តែងតែប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធិ ហើយបានផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមកជាញឹកញាប់ បើទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កម្ពុជា-ចិន មិនដែលបោះបង់គ្នាចោលឡើយ។ ជាក់ស្ដែង កាលពីឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានក្លាយជាមេដឹកនាំតែម្នាក់គត់ដែលបានធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងពេលប្រទេសនេះកំពុងជួបប្រទះការឆ្លងរាលដាលដ៏សាហាវមេរោគកូវីដ១៩។ បើតាមការកត់ត្រារបស់ក្រសួងការបរទេសកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅកាន់ចិនចំនួន១៤លើកហើយ រាប់ចាប់តាំងពីឆ្នាំ១៩៩៩។

ជាមួយគ្នានេះ ដោយការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិន សម្ដេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ក៏ដូចជាព្រះមហាក្សត្រនៃកម្ពុជា តែងតែយាងទៅទស្សនកិច្ច និងយាងពិនិត្យព្រះរាជសុខភាពជាទៀងទាត់នៅឯមន្ទីរពេទ្យប្រទេសចិន។ រីឯ ភាគីចិន អំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២ ភាគីចិន បានផ្ដល់ការគាំទ្រយ៉ាងទំហឹងភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដោយលោក លី ខឹឈាង ក្នុងនាមជានាយករដ្ឋមន្ត្រីចិន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងបានចូលរួមដោយផ្ទាល់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នារាជធានីភ្នំពេញ។

ទាក់ទិននឹងវិស័យពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២២កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានរហូតទៅដល់១៤ ៥០០លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់១៩%។ តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ ភាគីចិន បានផ្តល់ភាពអនុគ្រោះសម្រាប់ការនាំទំនិញរបស់កម្ពុជារហូត ៩៧.៥៣%។ ផលិតផលដែលកម្ពុជាបាននាំចេញទៅចិន រួមមាន សម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម។ ចំណែក កម្ពុជានាំចូលពីចិនមកវិញ គឺផលិតផលសម្រាប់បម្រើឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក គ្រឿងសង្ហារឹម។

ទន្ទឹមនេះ រដ្ឋាភិបាលចិន ក៏ជាប្រទេសដែលបានផ្ដល់ជំនួយជាថវិកា និងបរិក្ខាយ៉ាងសន្ធឹកសន្ធាប់ដល់កម្ពុជា ពិសេសវិស័យសន្តិសុខជាតិ យោធា សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន។ កាលពីឆ្នាំ២០២២ ក្រសួងការពារចិន បានផ្ដល់ជំនួយឥតសំណងជារថយន្តចំនួន១៥០គ្រឿងដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីបម្រើដល់បេសកកម្មផ្សេងក្នុងវិស័យការពារជាតិ។ ស្ថិតក្នុងបរិបទកូវីដ១៩ ចិនបានផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការមេរោគកូវីដ១៩ រាប់សិបលានដូសដល់កម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។ បើក្រឡេកមកមើល លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយយ៉ាងសន្ធឹកសន្ធាប់ក្នុងការកសាងផ្លូវ ថ្នល់ ស្ពានតូចធំនៅទូទាំងប្រទេស ជាពិសេសថ្មីៗនេះ គឺសមិទ្ធផលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក៏ដូចជានៅមានគម្រោងធំៗជាច្រើនទៀតសម្រាប់ឆ្នាំ២០២៣នេះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម