នយោបាយ
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទូតជប៉ុនថា «នៅពេលអស់ចាស់ជ្រុលនិយម ក្មេងៗនឹងធ្វើឱ្យដំណើរការប្រជាធិបតេយ្យល្អប្រសើរ»
«នៅពេលអស់ចាស់ជ្រុលនិយម ក្មេងៗនឹងធ្វើឱ្យដំណើរការប្រជាធិបតេយ្យល្អប្រសើរ»។ នេះ គឺជាការព្យាករណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ហើយសម្តេចតេជោ បានលើកការព្យាករណ៍នេះប្រាប់ទៅលោក អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅក្នុងពិធីពិសាអាហារថ្ងៃត្រង់ដ៏កម្រជាមួយគ្នានៅនិវេសនដ្ឋានទូតជប៉ុន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ។

ការលើកឡើងពីបញ្ហា«ក្រុមជ្រុលនិយម» និង«ដំណើរការប្រជាធិបតេយ្យ»នៅកម្ពុជានេះ គឺនៅក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជជែកគ្នាអំពីការបោះឆ្នោតនៅកម្ពុជា។ ជាការបោះឆ្នោតដែលសម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាមិនដែលពន្យារពេលការបោះឆ្នោតម្តងណាឡើយទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយការបោះឆ្នោតកន្លងមកនេះ គឺតែងតែមានការគាំទ្រពីប្រទេសជប៉ុន។
នៅត្រង់ចំណុចនេះ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានសង្កត់ធ្ងន់ថា ជាការល្អណាស់ដែលជប៉ុនជួយកម្ពុជាគ្រប់ដំណាក់កាលទាំងអស់ក្នុងដំណើរការប្រជាធិបតេយ្យ។ សម្តេចតេជោ បានស្នើឱ្យលោកកអគ្គរាជទូតជប៉ុនរង់ចាំមើលថា នៅពេលដែលចលនាជ្រុលនិយមត្រូវកាត់បន្ថយនៅក្នុងតំបន់ ស្ថានការណ៍ប្រជាធិបតេយ្យ នឹងល្អប្រសើរ រួមទាំង កម្ពុជា។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការព្យាករណ៍របស់សម្តេចប្រាប់ទៅលោក អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi)ថា នៅពេលអស់ចាស់ជ្រុលនិយម ក្មេងៗនឹងធ្វើឱ្យដំណើរការប្រជាធិបតេយ្យល្អប្រសើរ។

សម្តេចអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានសង្កត់ធ្ងន់ថា៖«នៅក្នុងប្រជាធិបតេយ្យ មិនត្រូវមានចលនាជ្រុលនិយមនោះទេ សូម្បីតែនៅប្រទេសបារាំង ក៏មានការព្រួយបារម្ភនឹងចលនាជ្រុលនិយមរបស់លោក ឡឺប៉ែន ផងដែរ។ ការបោះឆ្នោត គឺដើម្បីសុខសុវត្ថិភាព សេចក្ដីសុខរបស់ប្រជាជន មិនមែនដើម្បីធ្វើសង្គ្រាមនោះទេ។ ចលនាជ្រុលនិយម អាចបង្កឱ្យមានសង្គ្រាម»។
ចំពោះការបោះឆ្នោត និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ ប្រទេសជប៉ុន គឺតែងតែជួយដល់រាជរដ្ឋាភិបាលកម្ពុជា។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន លោក អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) បានវាយតម្លៃខ្ពស់ចំពោះការរៀបចំបោះឆ្នោតនៅកម្ពុជា ទោះជាបីជាការបោះឆ្នោតសកល ឬអសកល ដែលបានធ្វើឡើងប្រាំឆ្នាំម្តង ហើយលោកថា ប្រទេសជប៉ុនគាំទ្រដល់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ សម្រាប់លោកឯកអគ្គរាជទូតជប៉ុន គឺ«ទាំងនេះ គឺជាការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងការជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

គួរជម្រាបជូនថា នេះ គឺជាលើកទី១ហើយដែលសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញទៅពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរាជទូតជប៉ុន នៅនិវេសនដ្ឋានទូតជប៉ុន ក្នុងរាជធានីភ្នំពេញ។ កន្លងមក សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានអញ្ជើញទៅស្ថានទូតជប៉ុននៅកម្ពុជាម្តងដែរដែលកាលណោះសម្តេចតេជោ អញ្ជើញទៅក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីចុះហត្ថលេខាលើសៀវភៅមរណទុក្ខ បន្ទាប់ពីព្រឹត្តិការណ៍រញ្ជួយដីនៅក្នុងប្រទេសជប៉ុននៅក្នុងឆ្នាំ២០១១៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន