នយោបាយ
ទូតទីម័រខាងកើតចាត់ទុកថា សម្តេចតេជោ មិនត្រឹមតែជាមេដឹកនាំសម្រាប់កម្ពុជាទេ តែក៏ជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោក
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ(ទីម័រខាងកើត)ប្រចាំកម្ពុជា លោក Ermenegildo Kupa Lopes បានចាត់ទុកថា សម្តេចតេជោ ហ៊ុន សែន មែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែ សម្ដេចតេជោ ក៏ជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ។ ឯកអគ្គរដ្ឋទូតទីម័រឡេស្តេលើកឡើងបែបបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ក្រៅពីលើកឡើងបែបនេះ ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ(ទីម័រខាងកើត)ប្រចាំកម្ពុជា បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការអភិវឌ្ឍ និងមានវឌ្ឍនភាពលើគ្រប់វិស័យ។ លោក Ermenegildo Kupa បានជម្រាបសម្តេចតេជោ ថា លោកបានធ្វើដំណើរទៅខេត្តចំនួន១៩ ដោយក្នុងនោះ លោកក៏ធ្លាប់បានធ្វើដំណើរតាមរ៉ឺម៉កកង់៣ គឺបានដឹងពីការរស់នៅយ៉ាងល្អប្រសើរពិតប្រាកដរបស់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរនូវសមិទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២កន្លងទៅ ជាពិសេស គឺការជួយជ្រោមជ្រែងរបស់កម្ពុជា ក៏ដូចជាការជួយសម្របសម្រួលជាមួយប្រទេសជាសមាជិក៩ផ្សេងទៀតនៅក្នុងអាស៊ាន ដើម្បីអាចទទួលយកទីម័រឡេស្ត ជាសមាជិក បន្ទាប់ពីបានដាក់សំណើអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក Ermenegildo Kupa ក៏បានរំលឹកផងដែរថា ប្រជាជនទីម័រឡេស្តេ និងថ្នាក់ដឹកនាំទីម័រឡេស្តេ ជាពិសេស ប្រធានាធិបតី គឺតែងតែលើកឡើងពីមោទនភាពចំពោះសម្ដេចតេជោ និងបាននិយាយពីការងើបឡើងខាងសេដ្ឋកិច្ចរបស់កម្ពុជាដែលមានការរីកមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះ លោកក៏បានពាំនាំនូវការអញ្ជើញពីលោកប្រធានាធិបតីទីម័រឡេស្តេ ជូនសម្ដេចតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដាយថ្នាក់ខ្ពស់បំផុតទីម័រឡេស្តេ នាពេលខាងមុខ ដើម្បីជាការអរគុណ និងដឹងគុណចំពោះសម្តេចដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងរក្សាសន្តិភាពនៅក្នុងតំបន់ ក៏ដូចជា ជួយដល់ប្រទេសរបស់លោក។
ជាការឆ្លើយតបវិញ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់ប្រធានាធិបតីទីម័រឡេស្តេ ទៅបំពេញទស្សនកិច្ចផ្លូវការ ដោយសម្ដេចតេជោបញ្ជាក់ថា នឹងរកពេលវេលាសមស្រប ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេសាជាថ្មី។ សម្ដេចតេជោ ក៏បានរំលឹកថា មូលហេតុដែលនាំឱ្យសម្ដេចសម្រេចចិត្តទៅបំពេញទស្សនកិច្ចនៅទីម័រឡេស្តេឆ្នាំ២០១៦ នោះ ទី១. គឺដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងទីម័រឡេស្តេ និងទី២. ដើម្បីមើលឃើញជាក់ស្ដែងពីការអភិវឌ្ឍរបស់ទីម័រឡេស្តេ និងជាការបញ្ជូនសារទៅកាន់បណ្ដាសមាជិកអាស៊ានដទៃទៀតពីវឌ្ឍនភាពទីម័រឡេស្តេដែលអាចចូលជាសមាជិកសហគមអាស៊ាន។

សម្ដេចតេជោ ក៏បានរំលឹកផងដែរថា សម្ដេចតែងតែបានលើកពីប្រទេសទីម័រឡេស្តេរាល់ពេលកិច្ចប្រជុំនានា ជាពិសេស នៅឆ្នាំ២០១២ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយក គឺសម្ដេចតេជោ បានថ្លែងផងដែរពីការជួយជំរុញឱ្យទីម័ឡេស្តេបានចូលជាសមាជិកអាស៊ាន ហើយអង្គសន្និបាតបានទះដៃគាំទ្រយ៉ាងខ្លាំង។ សម្ដេចតេជោ ក៏បានរំលឹកបន្ថែមទៀតថា នៅឆ្នាំ២០២២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចបានជំរុញឱ្យទទួលយកប្រទេសទីម័រឡេស្តេចូលជាប្រទេសសង្កេតការណ៍ ដោយចូលរួមប្រជុំគ្រប់វេទិកាទាំងអស់។ ថ្មីៗនេះទៀតសោត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើង និងជំរុញឱ្យប្រទេសទីម័រឡេស្តេបានចូលជាសមាជិកអាស៊ានពេញលេញផងដែរ។
បន្ថែមលើនេះ សម្ដេចតេជោ បានកោតសរសើរ និងមានមោទនភាពចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសយើងទាំង២ កម្ពុជានិងទីម័រឡេស្តេ ដោយទំហំពាណិជ្ជកម្មក៏បានកើនឡើង ពិសេស អរគុណទីម័រឡេស្តេដែលបាននាំអង្ករពីកម្ពុជា ចំនួន ៤ពាន់តោននៅឆ្នាំ២០២៤នេះ។ សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ថា ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងសន្តិសុខស្បៀង សម្រាប់ទីម័រឡេស្តេ គឺទីម័រឡេស្តេ គួរតែពិចារណាលើការវិនិយោគទុននៅកម្ពុជាដោយបង្កើតឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវ និងបណ្ដាញទិញស្រូវអង្ករយកមកកិនហើយនាំទៅកាន់ប្រទេសទីម័រឡេស្តេ រួមទាំង ផលិតផលកសិកម្មផ្សេងៗ ដើម្បីផ្ដល់ក្នុងវិស័យចិញ្ចឹមសត្វផងដែរ។

សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «យើងមានលទ្ធភាពបំពេញឱ្យគ្នាទៅវិញទៅមក ដោយទីម័រឡេស្តេ មានសមត្ថភាព និងបទពិសោធន៍ក្នុងការគ្រប់គ្រងថាមពល ហើយកម្ពុជា មានស្បៀងដែលយើងនឹងអាចផ្លាស់ប្ដូរបទពិសោធន៍ធ្វើអាជីវកម្មជាមួយគ្នា ហើយកម្ពុជាត្រូវការរៀនសូត្រពីទីម័រឡេស្តេនូវការគ្រប់គ្រងធនធានប្រេង ដោយកម្ពុជានៅមិនទាន់បានវិនិយោគ ឬក៏យកផលប្រយោជន៍ពីធនធានប្រេងដែលមាននៅក្នុងដែនសមុទ្រ និងដែនដីគោកនៅឡើយទេ»។
ក្រៅពីនេះ សម្ដេចតេជោ ក៏បានជំរុញឱ្យទីម័រឡេស្តេ បន្តធ្វើការជាមួយសមាជិកអាស៊ានផ្សេងៗទៀត ដើម្បីអាចពន្លឿនដំណើរការក្នុងការចូលជាសមាជិកពេញសិទ្ធិនៅពេលឆាប់ៗខាងមុខនេះ។ សម្តេច មានសុទិដ្ឋិនិយមក្នុងការចូលរួមរបស់ទីម័រឡេស្តនៅក្នុងអាស៊ាន ហើយទីម័រឡេស្តេផ្ទាល់ ក៏ត្រូវត្រៀមលក្ខណៈជាប្រធានអាស៊ាននៅពេលណាមួយខាងមុខ រួមទាំង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមរម្យតាមតម្រូវការផងដែរ។ សម្ដេចតេជោក៏បានលើកឡើងពីហេតុផលដែលសម្ដេចបានដកខ្លួនពីនាយករដ្ឋមន្ត្រីហើយប្រគល់តំណែង និងផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ ដែលការលះបង់នេះ គឺដើម្បីដោះដូរជាមួយនឹងសុខសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាបន្តទៅមុខ៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?