ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន៖ នៅលើពិភពលោកនេះកម្រណាស់ដែលអាចធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មស្មើគ្នា
ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានពន្យល់អំពីអតុល្យភាពជញ្ជីងពាណិជ្ជកម្ម រវាងការនាំចូលទំនិញមានទំហំទឹកប្រាក់ ២៦ ពាន់លានដុល្លារ រីឯការនាំចេញពីប្រទេសកម្ពុជាទៅបរទេសមាន ២៨ ពាន់លានដុល្លារ។ ការពន្យល់នេះ បន្ទាប់ពីក្រុមជ្រុលនិយមនៅបរទេសដែលតាំងខ្លួនជាគ្រូសេដ្ឋកិច្ច តែងបានលើកការប្រៀបធៀបអំពីអតុល្យភាពនៃជញ្ជីងពាណិជ្ជកម្ម ពីប្រទេសកម្ពុជាទៅប្រទេសមួយផ្សេងទៀត ឬពីកម្ពុជាទៅប្រទេសនេះ ប្រទេសនោះ ។

នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ថ្ងៃទី ១៤ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅលើពភពលោកនេះ កម្រណាស់ដែលអាចធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មស្មើគ្នានោះទេ ។ សម្តេចពន្យល់ថា៖« មូលហេតុងាយយល់ ឧទាហរណ៍ យើងជាមួយសហរដ្ឋអាមេរិក យើងនាំចេញទៅសហរដ្ឋអាមេរិកច្រើនជាងនាំចូលពីអាមេរិក។ ប្រជាជនអាមេរិកមានជាង ៣០០លាននាក់ ដែលមានតម្រូវការខ្ពស់ យើងនាំទៅអាមេរិកមានចំនួនធំ ប៉ុន្តែពេលដែលយើងនាំពីអាមេរិកមកវិញ ក៏មានទំហំតូច ដោយប្រជាជនមានត្រឹម១៧លាននាក់»។
ងាកត្រឡប់ទៅពាណិជ្ជកម្មកម្ពុជាជាមួយថៃ សម្តេចបានថ្លែងថា ទំហំសរុបនៃការនាំចេញរវាងថៃ និងកម្ពុជា គឺមានទឹកប្រាក់ ១០ពាន់លានដុល្លារ ប៉ុន្តែកម្ពុជានាំចូលពីថៃច្រើនជាងនាំចេញពីកម្ពុជាទៅ តើមូលហេតុអ្វីទៅ ? មូលហេតុយើងមានតម្រូវការផ្គត់ផ្គង់ពីថៃចូលមកបម្រើតម្រូវការនៃការសាងសង់ ឬការប្រើប្រាស់នៅកម្ពុជាដូចជាប្រេងឥន្ធនៈ ឬសម្ភារផ្សេង។ ចំណែកទំហំពាណិជ្ជកម្មជាមួយនឹងវៀតណាមមានជាង ១០ពាន់លានដុល្លារ មានប្រហាក់ប្រហែលគ្នា។

មួយទៀតក៏ត្រូវយល់ដឹងឱ្យច្បាស់រវាងកម្ពុជានិងចិន យើងនាំទៅចិនមានចំនួនតិចជាង បើប្រៀបធៀបនាំពីចិនចូលមកកម្ពុជា។ ហេតុអ្វីបានជាមានអតុល្យភាពបែបនេះ។ សម្តេចពន្យល់ថា៖«ពួកប្រឆាំងវាយប្រហារយើងលើបញ្ហានេះ ប៉ុន្តែសូមផ្តល់ការណែនាំចំពោះក្រុមប្រឆាំងឱ្យយល់ច្បាស់ នៅកម្ពុជាត្រូវការវត្ថុធាតុដើមដែលនាំចូលពីប្រទេសចិន ជាពិសេសសាច់ក្រណាត់ដើម្បីបម្រើឱ្យបណ្តារោងចក្រកាត់ដេរនៅកម្ពុជា»។
តាមរយៈរោងចក្រកាត់ដេរនោះ កម្ពុជាបាននាំវត្ថុធាតុដើមជាសាច់ក្រណាត់ពីប្រទេសចិន ចូលមកកម្ពុជា បន្ទាប់ពីកាត់ដេររួចហើយនាំទៅប្រទេសក្រៅ ការណ៍នេះចិនបានចូលរួមចំណែកជួយដល់កម្ពុជាក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតកម្មបម្រើឱ្យការនាំចេញ។
សម្តេចថា៖«ដូច្នេះអ្នកដែលសេដ្ឋកិច្ច មិនមែនសេដ្ឋកិច្ច ឬក៏អ្នកសេដ្ឋកិច្ច ប៉ុន្តែចូលចិត្តនិយមនៃការបន្ទុះបង្អាប់ ជនជាតិឯងវាមិនមែនមនុស្សទេ បើប្រៀបទៅវាជាសត្វ។ ខ្ញុំមិនចង់សំដៅទៅទេ ប៉ុន្តែត្រូវតែនិយាយទៅពួកគេ តែអ្វីដែលជាគោលដៅដ៏ធំបំផុតរបស់ខ្ញុំ ខ្ញុំចង់ពន្យល់ប្រជាពលរដ្ឋ ១៧លាននាក់ នៅក្នុងប្រទេស ដើម្បីឱ្យយល់ថា អ្វីទៅដែលជាជញ្ជីងពាណិជ្ជកម្ម មូលហេតុអ្វីបានជាតុល្យភាពពាណិជ្ជកម្មមានការខុសគ្នា រវាងការនាំចេញរបស់យើង»។

បើតាមសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កម្ពុជាបាននាំចេញទៅប្រទេសខ្លះក្នុងក្របខណ្ឌអាស៊ាន ច្រើនជាងការនាំចូល ដូចជាការនាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី គឺមានចំនួនច្រើនជាងការនាំពីម៉ាឡេស៊ី ចូលកម្ពុជា ដូច្នេះនេះហើយជាក្រឹត្យក្រមសេដ្ឋកិច្ចរវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


