Connect with us

នយោបាយ

ទូតចិនច្រានចោលព័ត៌មានថា«ចិនផ្អាកផ្តល់កម្ចីដល់កម្ពុជា» ហើយអះអាងថា «ចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជា»

បានផុស

នៅ

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅកម្ពុជា បានចេញមកអះអាងក្នុងន័យថា រដ្ឋាភិបាលចិន មិនបានផ្អាកការផ្តល់កម្ចីដល់ប្រទេសកម្ពុជានោះទេ តែផ្ទុយទៅវិញ ចិន នឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា។ ការចេញមកអះអាងរបស់ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំនៅកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយព័ត៌មានថា រដ្ឋាភិបាលចិន បានផ្អាកការផ្តល់កម្ចីដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកមកអភិវឌ្ឍប្រទេស។

នៅលើទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃអង្គារ លោក Wang Wenbin បានអះអាងថា ជំនួយរបស់ចិនមកកាន់កម្ពុជា ទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក ហើយគម្រោងជំនួយថ្មីៗ ក៏កំពុងតែដំណើរការ។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីចិន នឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ»។

ការចេញមកគូសបញ្ជាក់របស់អគ្គរដ្ឋទូតចិន​ប្រចាំនៅកម្ពុជានាពេលនេះ គឺជាការឆ្លើយតបទៅការចុះផ្សាយរបស់សារព័ត៌មាន Reuters របស់អង់គ្លេសកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរនៅក្រៅប្រទេសយកមកចុះផ្សាយបន្តថា ​រដ្ឋាភិបាល​ចិន ​មិន​បាន​អនុម័ត​ប្រាក់​កម្ចី​ណា​មួយ​ដល់​កម្ពុជា​ក្នុងឆ្នាំ ២០២៤ ​ឡើយ បើ​ទោះបីជា​ប្រទេស​មហា​អំណាច​មួយ​នេះ​បាន​ក្លាយ​ជាម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ​ក៏ដោយ។

ជុំវិញព័ត៌មាននេះ ហើយមុនការចេញមុខអះអាងរបស់លោក Wang Wenbin នៅពេលនេះ លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បានចេញមកច្រានចោលព័ត៌មាននេះផងដែរ ដោយចាត់ទុកថា ជាព័ត៌មានមិនពិត។ លោកបានអះអាងថា រដ្ឋាភិបាលនៃ​ប្រទេសទាំង​ពីរកម្ពុជា-ចិន គ្រោងនឹងធ្វើការចុះហត្ថ​លេខាលើគម្រោងអភិវឌ្ឍន៍ជាច្រើននាពេលខាងមុខ និងពុំមានគម្រោងណាមួយត្រូវបានលុបចោលនោះទេ។ តាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក មាស សុខសេនសាន បានបញ្ជាក់ថា៖«ខ្ញុំចង់បញ្ជាក់ជូនថា យើងមានគម្រោងជាច្រើនរវាងប្រទេសទាំងពីរ​ដែលបន្តពិនិត្យ និងចុះកិច្ចព្រមព្រៀង នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងក្របខណ្ឌ​នៃកិច្ច​ចុះព្រមព្រៀងហិរញ្ញប្បទានឥតសំណង រាប់ទាំងហិរញ្ញប្បទានសម្បទានជាច្រើន​ទៀតដែលយើងគ្រោងនឹងមានជាមួយគ្នា»។

ជាមួយគ្នានេះ លោក មាស សុខសេនសាន ក៏បានអះអាងឱ្យដឹងដែរថា ប្រទេសកម្ពុជា និងចិន ​មានទំ​នាក់ទំនងជាពិសេសនឹងគ្នា ហើយថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏ដូចជា រដ្ឋមន្រ្តីការបរទេសកម្ពុជា ទើបតែបញ្ចប់ទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិន។ រីឯ រដ្ឋមន្រ្តីការបរទេសចិន និងអ្នកវិនិយោគចិនជាច្រើនទៀត ក៏តែងតែមកទស្សនកិច្ច និងសិក្សាអំពីលទ្ធភាព​នៃការវិនិយោគនៅកម្ពុជាមិនចេះដាច់ និង​​បានចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ថែមទៀតផង។ ហេតុដូច្នេះហើយ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រាប់ឱ្យប្រជាពលរដ្ឋធ្វើការកត់សម្គាល់ និងតាមដាននៅក្នុង​កិច្ចការនេះ ហើយវិនិច្ឆ័យដោយ​ខ្លួនឯងចុះ។

សូមជម្រាបជូនថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០​២៤នេះ កម្ពុជា មានបំណុលសាធារណៈសរុបចំនួន ១១,៧៨ ពាន់លានដុល្លារ ដោយគិតទាំងបំណុលមរតក និងបានទូទាត់សងបំណុលជាង ៤៥៦ លានដុល្លារ។ ​ចិន គឺជាប្រទេសដែលបានផ្តល់កម្ចីច្រើនជាងគេដល់កម្ពុជា ​មានចំនួន​ជាង៤ពាន់លាន​ដុល្លារ។ សម្រាប់កម្ចីទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកទៅវិនយោគលើការសាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម