Connect with us

នយោបាយ

សម្ដេច​តេជោ៖ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន

បានផុស

នៅ

ប្រធានឧត្តមក្រុមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និង​ជាប្រធាន​ព្រឹទ្ធសភា​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​ដែល​ថានាយករដ្ឋមន្ត្រីស្ដីទី​ថាបាន​ប្រកាស​ចាប់​ខ្លួន​សម្ដេច​តេជោ និង​សម្ដេច​ធិបតីភ្លាម​ៗ​ប្រសិនជា​សម្ដេច​ទាំង​ពី​រចូល​ប្រទេស​ថៃ ថា​បើការ​ចុះផ្សាយ​នោះជាការ​ពិតនោះគឺ​បង្ហាញនាយករដ្ឋមន្ត្រីស្ដីទីថៃ​ជា​មនុស្ស​ព្រៃគ្មាន​ស្គាល់​ច្បាប់​ទម្លាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេជោបាន​សរសេរ​លើ​ហ្វេសបុក​របស់​សម្ដេច​កាលពី​យប់​ថ្ងៃទី​១៨ ខែ​សីហាថា៖ «ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ»។

សម្ដេច​តេជោបាន​ចាត់​ទុក​សកម្មភាពទាំង​នេះ​ជា ការ​បំផ្លាញច្បាប់​ទម្លាប់​ដោយ​ពួក​ឈ្លានពាន និង​សួរថាតើនេះ​ជា​គោល​បំណង​ដើម្បី​បង្កើត​ជំនឿ​ទុកចិត្ត​ និង​ឈាន​ទៅ​រក​ទំនាក់ទំនង​ល្អ​ឬ​បំផ្លាញ​ដើម្បី​បង្កើត​ជម្លោះ​ឡើង​វិញ​ក្រោយ​កិច្ចព្រមព្រៀង​ឈប់បាញ់?

សារព័ត៌មាន​ Khaosod របស់​ប្រទេស​ថៃបាន​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែ​សីហា ដោយ​បាន​សរសេរចំណង​ជើងថា ហ៊ុន សែន និង​ហ៊ុន ម៉ាណែត ត្រូវតាមចាប់​ទាំង​រស់នៅប្រទេសថៃ ក្រុម​ប្រឹក្សាសន្ដិសុខជាតិសម្រេច​ប្ដឹង​មេដឹកនាំកម្ពុជា, លោក Phumtham និយាយ​ថាពួកគេនឹង​ត្រូវ​ចាប់​ខ្លួន​ភ្លាម​ៗប្រសិន​ជា​រក​ឃើញ​នៅ​ប្រទេស​ថៃ។

ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិកម្ពុជាលោកបណ្ឌិត គិន ភា យល់​ថាការ​លើក​ឡើង​នេះ​គឺ​ជាភាសា​ប្រមាថដែល​មិន​អាច​ទទួល​យក​បានដែល​កំពុង​បង្ហាញថា​ថៃ​មិនមែន​ជា​រដ្ឋស៊ីវីល័យ គ្មាន​សេចក្ដីថ្លៃ​ថ្នូរ​ រំលោភ​ដល់​ពិធីការទូត និង​គ្មាន​ឆន្ទៈក្នុងការ​ស្ដារ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ឡើង​វិញ​នោះ​ទេ​។

លោកបន្ថែមថា៖ «វាមិន​អាច​មាន​អ្នក​ណា​ដឹក​នាំ​របៀបនាយករដ្ឋមន្ត្រី​ស្ដីទីថៃ​ហ្នឹង​ទេ​!​ គ្មាន​អ្នក​ណា​គេ​ប្រកាស​ចាប់​ខ្លួន​មេដឹក​នាំ​មួយ​នៃ​ប្រទេស​ណា​មួយ​បែបនេះ​ទេ​។ ការ​ប្រកាស​បែបនេះ​គឺ​មាន​តែ​ប្រទេស​ដែល​ប្រើ​ច្បាប់​ព្រៃទេ ឬ​មនុស្សព្រៃ​ទេ​ដែល​មិន​យល់​ច្បាប់​។ ឥឡូវ​នេះ​សតវត្សទី​២១ហើយ​ច្បាប់​ទ​ម្លាប់​អន្តរជាតិ​មាន​ច្រើន​ណាស់​សម្រាប់​គ្រប់​គ្រង​ទំនាក់ទំនងរវាង​រដ្ឋនិង​រដ្ឋ​គេ​អត់​អាច​ប្រើប្រាស់​យន្ត​ការ​ច្បាប់​ក្នុង​ស្រុក​មួយ​ហើយ​ប្រមាថ​ទៅ​លើ​មេដឹក​នាំ​ប្រទេស​មួយ​ផ្សេ​ងទៀត​ទេ​»។

លោកបណ្ឌិតឱ្យជាយោបល់​ថា ​ថៃ​គួរ​គិត​ឡើង​វិញ​ពី​ការ​សកម្មភាព និង​ពាក្យសំដី​របស់​ខ្លួន​ ដែល​មិន​ត្រឹម​តែ​បង្ហាញ​ពី​ភាព​គ្មាន​សណ្ឋាប់​ធ្នាប់​ក្នុង​ប្រទេស​នោះទេ វា​ក៏​បង្ហាញពី​ភាព​អសមត្ថភាព​ក្នុង​ការ​យល់​ដឹង​ពី​ច្បាប់​ទម្លាប់​ពិភពលោករបស់​មេដឹក​នាំ​ប្រទេស​មួយ​នេះ​ផងដែរ។

សកម្មភាព​ជាបន្តបន្ទាប់​របស់​ថៃ​ក្រោយ​បទ​ឈប់​បាញ់​ដែល​រួម​មានការ​ដើរល្បាតចូលដី​ខ្មែរ​ជាន់​មីន ការ​រាយបន្លាលួសទាំង​ក្នុង​តំបន់​ជម្លោះ និង​ក្នុង​ភូមិស្រុក​ពលរដ្ឋ​ខ្មែរ និង​ការ​ប្រកាស​ចាប់​ខ្លួន​មេដឹក​នាំ​ខ្មែរ​នេះបាន​ប៉ះពាល់​ដល់​ទំនុកចិត្ត និង​បាន​​យាយីដល់​ការ​ស្ដារ​ទំនាក់ទំនង​គ្នា​ឡើង​វិញ​ជាមួយ​កម្ពុជា។ រដ្ឋមន្ត្រីស្ដីទី​ក្រសួងការបរទេស​លោកស្រី អ៊ាត សោភា កាលពីថ្ងៃទី​១៥ ខែ​សីហា បាន​អំពាវនាវ​ទៅ​​ប្រធាន​អាស៊ាន ប្រទេស​ម៉ាឡេស៊ី និង​ដៃគូពាក់ព័ន្ធ​ផ្សេង​ទៀត​ពន្លឿន​ការ​បង្កើត​ក្រុមអ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) បន្ទាប់ពី​សម្ដែង​ក្ដី​កង្វល់​ចំពោះ​ការ​គំរាម​កំហែង​លើ​បទ​ឈប់​បាញ់​ពី​ប្រទេស​ថៃ​។ លោកស្រីបាន​ជំរុញ​ដល់​ប្រទេស​ថៃ​ឱ្យ​គោរព​ និង​អនុវត្ត​ឱ្យបាន​ពេញ​លេញ​នូវ​កិច្ចព្រមព្រៀង​នៃ​បទ​ឈប់បាញ់ និង​ក្លាហាន​មក​ដោះស្រាយ​បញ្ហា​តាម​ច្បាប់​អន្តរជាតិ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម