ចង់អោយបានជោគជ័យក្នុងឆាកជីវិតយើងត្រូវរៀន និងអានសៀវភៅអោយបានច្រើននិងគ្រប់មុខជំនាញ នោះយើងនិងយល់ដឹងកាន់តែខ្លាំង ទាំងមនុស្សនិងសង្គមមនុស្ស ដែលធ្វើអោយយើងសម្រេចចិត្តបានត្រឹមត្រូវ និងទទួលបានជោគជ័យ គ្រប់ការងារដែលយើងសម្រេចធ្វើ ដោយហេតុថា រៀនច្រើន អានសៀវភៅច្រើន ធ្វើអោយយើងមើលមនុស្សធ្លុះ ជ្រើសរើសមនុស្សមិនខុស។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងកម្មវិធីសន្និសីទកាសែត កម្មវិធីសម្ពោធសៀវភៅ កម្រងកំណាព្យពីដួងចិត្ត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ នៅហាងលក់សៀវភៅ ម៉ូនូមែនប៊ុក (monument Books) ផ្លូវព្រះនរោត្តម ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងសៀវភៅកម្រងកំណាព្យពីដួងចិត្តនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា ខ្លឹមសារនៃសៀវភៅកម្រងកំណាព្យនេះ បង្ហាញទស្សនៈអំពីការតស៊ូស្វែងរកភាពជោគជ័យក្នុងជីវិត ចែករំលែកទស្សនៈជុំវិញបញ្ហាសីលធម៌ និងទង្វើក្នុងនាមមនុស្សជាតិ ចែករំលែកគន្លឹះជុំវិញផ្នត់គំនិតអាជីវកម្ម ចែករំលែកទស្សនៈ ជុំវិញភាពជាអ្នកដឹកនាំ ចែករំលែកមេត្តាភាព ជំរុញលើកទឹកចិត្ត ផ្តល់ភាពក្លាហ៊ាន លើកយកសម្រស់ និងសោភណ្ឌកំណាព្យខ្មែរមកតាក់តែងឡើង។
លោកបន្តថា សៀវភៅនេះចំនួនទំព័រ៣៥៦ ទំព័រ ជាភាសាខ្មែរបោះពុម្ពលើកទី១ ចំនួន៣០០០ច្បាប់និងមានតម្លៃ៣២៨,០០ រៀល (៨.០០USD)។ ជាប្រភេទសៀវភៅកម្រងកំណាព្យ ដែលផ្ទុកទៅដោយបណ្តុះទស្សនៈយល់ឃើញជុំវិញបញ្ហា សីលធម៌ គុណធម៌ គតិអាជីវកម្ម គតិអប់រំទូទៅ ការតស៊ូក្នុងជីវិត និងគិតជុំវិញភាពជាអ្នកដឹកនាំ ។ល។. ហើយរាល់គតិ ទស្សនៈ និងគន្លឹះទាំងអស់នោះ គឺសុទ្ធសឹងតែជាអ្វីៗដែលអ្នកនិពន្ធខ្លួនឯងធ្លាប់បានឆ្លងកាត់ដោយផ្ទាល់។ រាល់ទស្សនៈ និងគំនិតយល់ឃើញនៅក្នុងស្នាដៃ «កម្រងកំណាព្យពីដួងចិត្ត»នេះ ពុំបានឆ្លុះបញ្ចាំងពីទស្សនៈរបស់នរណាម្នាក់ក្រៅម្ចាស់ស្នាដៃនោះឡើយ៕
អត្ថបទ ៖ ស្រីរ័ត្ន