ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ ការពង្រឹងការអាន ការសរសេរ ភាសាខ្មែរ ពីកម្រិតថ្នាក់ដំបូង ជាមូលដ្ឋានគ្រឹះធានាភាពជោគជ័យក្នុងការសិក្សា
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ការពង្រឹងការអាន ការសរសេរភាសាខ្មែរ តាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។

ថ្លែងក្នុងពិធីបើកកម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី ២ នៅស្ពានហាល ប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី ១៩ មករា ដោយមានការចូលរួមពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងតំណាងមូលនិធិម៉ានី ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ, លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក លឹម ប៊ុនហុក រដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង និងជាស្ថាបនិកសំណេរអង្គរ, លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរំភើបរីករាយដែលបានចូលរួមអានអត្ថបទជូនបក្ខជនសរសេរ ក្នុងការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី ២ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងទទួលបានក្តីសាទរ និងចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងបុព្វហេតុលើកតម្កើងអក្សរសាស្ត្រខ្មែរ ជាពិសេសបានជួយដាស់ស្មារតីឱ្យប្រជាពលរដ្ឋគ្រប់រូបយកចិត្តទុកដាក់កែប្រែទម្លាប់ នៃការសរសេរអក្ខរាវិរុទ្ធ និងអានពាក្យខ្មែរឱ្យកាន់តែប្រសើរឡើង។

បន្ថែមពីនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តយ៉ាងសកម្ម ប្រកបដោយជវភាពនូវកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ដែលជាយុទ្ធសាស្ត្រកំណែទម្រង់ដ៏មុតស្រួចបំផុត សម្រាប់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សា។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្តថា ការរៀបចំព្រឹត្តិការណ៍ក្នុងការប្រកួតសរសេរតាមអាន ក្រោមប្រធានបទ «សំណេរអង្គរ» នាពេលនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រលាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ឱ្យរៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្ត្រខ្មែរ អាចបញ្ចេញសមត្ថភាពប្រកបដោយភាពក្លាហាន ទំនុកចិត្ត និងទទួលយកការពិតអំពីសមត្ថភាពពិតប្រាកដដែលខ្លួនមាន ព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងពង្រឹងការអាន សរសេរ និងនិពន្ធបន្ថែមទៀត សម្រាប់ត្រៀមខ្លួនក្នុងការប្រឡងប្រណាំងនានាក្នុងពេលខាងមុខ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ប្រកបដោយបរិយាកាសរីករាយ និងការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដែលពិតជាឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ សាមគ្គីភាព និងការលើកតម្កើងអក្សរសាស្ត្រខ្មែរដ៏ប្រណីត ដែលបុព្វបុរសរបស់យើងបានបន្សល់ទុកឱ្យ ព្រមទាំងសូមកោតសរសើរចំពោះការលះបង់ និងភាពក្លាហានរបស់បេក្ខជនបរទេស ក៏ដូចជាមាតាបិតាបេក្ខជនដែលមានអាយុក្រោម១៨ឆ្នាំ ដែលបានលើកទឹកចិត្ត និងជូនកូនៗមកចូលរួមការប្រកួតនាពេលនេះ និងសូមបួងសួងឱ្យសេចក្ដីស្រឡាញ់អក្សរសាស្ត្រខ្មែរយើងរឹងមាំ ប្រៀបដូចប្រាង្គប្រាសាទដែលកំពុងឈរយ៉ាងស្កឹមស្កៃ។

គួរបញ្ជាក់ដែរថា ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី ២ នេះ មានបេក្ខជន សរុបចំនួន ១ ២២០ អង្គ/នាក់ ក្នុងនោះរួមមានបរទេសផងដែរ និងមានព្រះសង្ឃ ៨២ អង្គ និមន្តពីខេត្តបាត់ដំបងមានច្រើនជាងគេចំនួន ២៤ អង្គ, សៀមរាប ១៦ អង្គ, បន្ទាយមានជ័យ ៩ អង្គ,រាជធានីភ្នំពេញ ៦ អង្គ, កំពង់ចាម ៥ អង្គ កណ្ដាល និងត្បូងឃ្មុំ ៤ អង្គ ដូចគ្នា។ បេក្ខជនចាស់ជាងគេអាយុ ៨១ ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ ឆ្នាំ។ ការប្រកួតនេះ មានគណៈកម្មការចូលរួមកែវិញ្ញាសាចំនួន ៦០ នាក់ ដោយជ្រើសរើសម្ចាស់ជ័យលាភីចំនួន ៦ នាក់ ដែល ៣ នាក់ សម្រាប់បេក្ខជនអាយុចាប់ពី ១៩ ឆ្នាំឡើង និង ៣ នាក់ សម្រាប់បេក្ខជនអាយុចាប់ពី ១៨ ឆ្នាំ ចុះក្រោម៕
អត្ថបទ ៖ សំអឿន


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


