Connect with us

សន្តិសុខសង្គម

ប្រជាពលរដ្ឋម្ចាស់ដី និងអាជ្ញាធរភូមិ សង្កាត់​បានស្រុះស្រួលគ្នាបើកតម្រាយផ្លូវ១ខែ្សនៅសង្កាត់អូរអំបិល

បានផុស

នៅ

យោងតាមការសម្របសម្រួលរបស់លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ​ និងលោកស្រី ធូ ណាគ្រី ចៅសង្កាត់អូរអំបិល រួមនឹងសហគមន៍ពលរដ្ឋ ម្ចាស់ដី និងមន្ត្រីអាជ្ញាធរភូមិ សង្កាត់ ក្រុង បានស្រុះស្រួលគ្នា និងធ្វើសម្បទានតាមសំណូមពរជាក់ស្តែងលើការបើកតម្រាយផ្លូវ១ខែ្សប្រវែងជាង៣០០ម៉ែត្រដែលពុំធ្លាប់មាន ដើម្បីអោយបានប្រើប្រាសជាប្រយោជន៍សាធារណ: កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវដែលត្រូវបើកនេះ ស្ថិតនៅខាងជើងចំណុចទ្រខ្មែរ ជាប់របងអង្គការកុមារមេគង្គ និងជិតវិទ្យាល័យអូរអំបិល នាភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក មាស ប៊ុនធឿន ជាម្ចាស់ដីចម្ការម្នាក់បានអោយដឹងថា ថ្ងៃនេះអាជ្ញាធរចុះមកសម្របសម្រួលធ្វើផ្លូវ លោក និងម្ចាស់ដីលំនៅឋាន​ និងចម្ការសងខាងបានបរិច្ចាគដីជូនដើម្បីអោយអាជ្ញាធរអាចធ្វើផ្លូវលើតម្រាយដែលពីមុនគ្មានផ្លូវ សម្រាប់ប្រយោជន៍សាធារណ: ក្នុងការធ្វើដំណើរចេញ ចូល ពោលគឺមានតែព្រំដីជាប់គ្នា តែឥឡូវសម្រេចស្តាប់សំណូមពរសហគមន៍ និងអាជ្ញាធរ ព្រមអោយពុះដីបើកផ្លូវព្រោះគិតថា ទី១-មានផ្លូវបន្ថែម មុនគេម្ចាស់ដីក៏បានប្រយោជន៍។ ទី២- អ្នកភូមិ និងសាធារណ:ជនទទួលបានប្រយោជន៍ មានផ្លូវកាត់ធ្វើដំណើរ។ លោក មាស ប៊ុនធឿន បន្ថែមថា ផ្លូវនេះមិនបានត្រង់ពេញទំហំតួទេ គឺបត់បែន កន្លែងណាម្ចាស់ដីបរិច្ចាគអោយច្រើនផ្លូវក៏បានធំ កន្លែង​ណា​បរិច្ចាគតិច ផ្លូវក៏រួមតូចដូចក ដប ប៉ុន្តែសំខាន់បានផ្លូវធ្លុះពីម្ខាងទៅម្ខាង។

ចំណែកលោក ម៉ាន ជាតំណាងពលរដ្ឋទទួលផលបាននិយាយថា ពីមុនមិនមានផ្លូវទេ តែឥឡូវពលរដ្ឋម្ចាស់ដី និងពលរដ្ឋទទួលផលបានស្រុះស្រួលគ្នាក្នុងនាមគ្រួសារសហគមន៍ខ្មែរអ្នកភូមិផងរបងជាមួយ បើកផ្លូវនេះ ហើយនឹងរួមគ្នាជាមួយអាជ្ញាធរភូមិ សង្កាត់ ក្រុងរកថវិកា សម្ភារ: ស្ថាបនាផ្លូវនេះអោយធ្វើដំណើរបាន។

ក្នុងនាមតំណាងពលរដ្ឋ លោកសូមថ្លែងអំណរគុណដល់ម្ចាស់ដីទាំងសងខាងដែលយល់ព្រមបរិច្ចាគដីដើម្បីបើកផ្លូវ។ សូមអរគុណអាជ្ញាធរដែនដីភូមិ សង្កាត់ ក្រុងដែលជួយសម្របសម្រួលបើកផ្លូវ និងស្ថាបនាផ្លូវ ។

អ្នកស្រី ប្រម ហាច អាយុ៧៥ឆ្នាំ អោយដឹងថា អ្នកស្រី និងអ្នកភូមិ មានចិត្តត្រឹកអរដែលទទួលបានផ្លូវបើកថ្មី។ អ្នកភូមិ អ្នកជំងឺ សិស្ស នឹងងាយធ្វើដំណើរផ្លូវកាត់ទៅសាលា។

លោក ស្រេង សុផល អភិបាលក្រុងសិរិសោភ័ណ ក្នុងនាមអាជ្ញាធរក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋម្ចាស់ដីដែលមិនត្រឹមតែបិទផ្លូវព័ទ្ធរំលោភយកដី ប៉ុន្តែបែរជាយោគយល់បើកផ្លូវ និងរុះរើសំណង់របង លះបង់ដំណាំឈើហូបផ្លែនិងបន្លែ រួចផ្តល់សម្បទានអោយអាជ្ញាធរបើកផ្លូវ ស្របតាមសំណូមពលរដ្ឋនៅក្នុងសហគមន៍ចំណុចនោះ ចង់អោយបើកផ្លូវថ្មី។

លោក ស្រេង សុផល មានប្រសាសន៍បន្ថែមថា មួយរយ:មកនេះ អាជ្ញាធរក៏បានសម្របសម្រួលបើកផ្លូវក្នុងតម្រាយចាស់និងផ្លូវថ្មី ចំនួន១៣ខ្សែ នៅចំណុចជាច្រើនក្នុងសង្កាត់កំពង់ស្វាយ និងផ្លូវខ្លះទៀត នៅសង្កាត់ព្រះពន្លា អូរអំបិល និងទឹកថ្លា ដែលស្ថិតនៅភូមិសាស្ត្រកណ្តាលក្រុង។ ផ្លូវសំខាន់រួមមាន ផ្លូវនៅមុខសាលាក្រុង នាភូមិ២ ភូមិពង្រ ភូមិសូភី.ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ជាច្រើនខ្សែ។ ផ្លូវនៅប្របមាត់ស្ទឹង និងសួនវិមានឈ្នះឈ្នះ ភ្ជាប់ពីស្ពានថ្មថ្មី និងស្ពានថ្មវត្តព្រះពន្លា សង្កាត់ព្រះពន្លាជាដើម៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម